គម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា អូឌីស៊ីនឹងចូលរួមក្នុងការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំក្នុងនាមជាអនុដៃគូអភិវឌ្ឍគម្រោងនេះ។ គម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) គឺជាគម្រោងដែលមានរយៈពេលប្រាំឆ្នាំ (២០១៩-២០២៤) ដែលទទួលបានការគាំទ្រថវិកាដោយមូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ អង្គការសុខភាពគ្រួសារអន្តរជាតិ FHI360 ជាអ្នកអនុវត្តគម្រោងដោយសហការជាមួយអង្គការដៃគូរួមមាន DAI Global, Internews និងអូឌីស៊ី ដើម្បីគាំទ្រដល់ការអនុវត្តផែនការគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០១៩-២០២៣)។ គម្រោង ISAC គាំទ្រការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមខាងផ្នែកទទួលសេវា តាមរយៈអង្គការដៃគូក្នុងស្រុកថ្នាក់ខេត្ត ក្នុងតំបន់គោលដៅចំនួន៦ខេត្ត ៧ក្រុង និង៥១សង្កាត់ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ (ប៉ោយប៉ែត និងសិរីសោភ័ណ) សៀមរាប កំពត កណ្តាល (តាខ្មៅ) និងកំពង់ឆ្នាំង។
គោលដៅរបស់គម្រោង ISAC គឺគាំទ្រដល់ប្រជាពលរដ្ឋក្នុងការបង្កើនសមត្ថភាព ធានានូវសិទ្ធិទទួលបានព័ត៌មាន និងពង្រឹងបណ្តាញសម្រាប់សកម្មភាពសមូហភាព កសាងតម្រូវការសាធារណៈ និងបង្កើតដំណោះស្រាយដើម្បីដោះស្រាយបញ្ហាអាទិភាពរបស់សហគមន៍តាមរយៈគោលបំណងចំនួនបួនដូចខាងក្រោម៖
- គោលបំណងទី១ លើកកម្ពស់ភាពងាយទទួលបានព័ត៌មានអំពីដំណើរនៃការធ្វើសេចក្ដីសម្រេចចិត្ត និងសេចក្ដីសម្រេចចិត្ត ការរៀបចំផែនការ ចំណាយ និងការវិនិយោគថវិកាសាធារណៈរបស់រាជរដ្ឋាភិបាល
- គោលបំណងទី២ លើកកម្ពស់ការចូលរួម និងគំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ
- គោលបំណងទី៣ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ដែលជួយបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់គណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ
- គោលបំណងទី៤ ការអប់រំ និងការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីគណនេយ្យភាព និងសុចរិតភាពនៅក្នុងរដ្ឋបាលសាធារណៈ
អូឌីស៊ី នឹងគាំទ្រគម្រោង ISAC ក្នុងការអភិវឌ្ឍ និងការអនុវត្តនូវសកម្មភាពមួយចំនួនក្រោមគោលបំណងទី១ និងទី៤។ អូឌីស៊ី នឹងផ្តោតលើការពង្រឹងការអប់រំ និងការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវ និងការអនុវត្តប្រកបដោយសុចរិតភាពនៅក្នុងរដ្ឋបាលសាធារណៈតាមរយៈសកម្មភាពសំខាន់ៗចំនួនបី ដូចខាងក្រោម៖
បង្កើនចំនួនព័ត៌មានដែលទទួលបានពីរដ្ឋាភិបាលអំពីថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការរៀបចំផែនការ និងការចំណាយដែលអាចស្វែងរក និងចូលទៅយកព័ត៌មានបានសម្រាប់ប្រជាពលរដ្ឋ
ពង្រឹងគេហទំព័ររបស់អូឌីស៊ីដើម្បីកែលម្អការប្រមូល ការវិភាគ និងការរាយការណ៍អំពីដំណើរការនៃទិន្នន័យគណនេយ្យភាពមូលដ្ឋាន
លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីវេទិកាឌីជីថលសម្រាប់ទិន្នន័យគណនេយ្យភាពមូលដ្ឋាន និងព័ត៌មានគួរឱ្យទុកចិត្តអំពីគណនេយ្យភាពរបស់រដ្ឋាភិបាលក្នុងចំណោមប្រជាពលរដ្ឋ និងភាគីអ្នកពាក់ព័ន្ធ
គម្រោង ISAC នឹងកសាង និងពង្រីកការងាររបស់អូឌីស៊ីដែលកំពុងតែដំណើរការឱ្យឆ្ពោះទៅរកការលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អូឌីស៊ី បានទទួលការគាំទ្រថវិកាពី SPIDER ដើម្បីអនុវត្តគម្រោងរបស់យើងលើការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ គេហទំព័ររបស់អូឌីស៊ីផ្តល់ជូននូវផែនទីអន្តរកម្មដែលអាចចូលស្វែងរកទិន្នន័យបាន និងមានភាពងាយស្រួល ដែលផ្តល់ព័ត៌មានដើម្បីជួយសម្រួលដល់ការទទួលបានសេវាសាធារណៈជាច្រើនរួមមាន មធ្យោបាយដឹកជញ្ជូនសាធារណៈ និងមណ្ឌលសុខភាពរហូតដល់ការិយាល័យរដ្ឋាភិបាល។
ដើម្បីស្វែងយល់បន្ថែមអំពីការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) លោកអ្នកអាចចូលទស្សនាតាមរយៈ គេហទំព័រ ក៏ដូចជាតាមដាន ទំព័រហ្វេសប៊ុក, ធ្វីតទ័រ និង លីងអ៊ីន។