សិក្ខាសាលារួមផ្សព្វផ្សាយលទ្ធផល SERVIR និងសកម្មភាពគាំទ្រទិន្នន័យអាកាសធាតុនៅកម្ពុជា
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងអង្គការមូលនិធិអាស៊ី (TAF) បានរៀបចំសិក្ខាសាលារួមស្តីពី “SERVIR និងសកម្មភាពគាំទ្រទិន្នន័យអាកាសធាតុនៅកម្ពុជា” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលសិក្ខាសាលានេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន Chemonics International។

លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងផ្តល់សុន្ទរកថាស្វាគមន៍ទៅកាន់អ្នកចូលរួម
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីធ្វើការផ្សព្វផ្សាយពីលទ្ធផលចម្បងៗ ដែលទទួលបានពីការអនុវត្តគម្រោងចំនួន ២៖
- “ការប្រើប្រាស់ Google Earth Engine ដើម្បីដើរតួនៅក្នុងគម្រោងសមភាពយេនឌ័រ និងការអប់រំនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់” ជាគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដែលមានគោលបំណងប្រើប្រាស់ Google Earth Engine ដើម្បីកំណត់តំបន់ទឹកជំនន់នៅជុំវិញបឹងទន្លេសាប ជាពិសេសនៅក្នុងបាត់ដំបង កំពង់ធំ ពោធិសាត់ និងសៀមរាប។ លទ្ធផលចម្បងៗនៃគម្រោងនេះមានដូចជា ការបង្កើតស្រទាប់ផែនទីថ្មី ដែលមានឈ្មោះ «គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន» ក៏ដូចជាបង្ហាញទិន្នន័យអំពីសាលារៀន ឆ្នាំសិក្សា ២០១២-២០១៤ និងតំបន់ទឹកជំនន់ ឆ្នាំ២០១៣។ បន្ថែមពីនេះទៅទៀត តាមរយៈសិក្ខាសាលារួមនេះ អង្គការអូឌីស៊ីបានណែនាំពីគេហទំព័រ និងឧបករណ៍ថ្មីៗរបស់ខ្លួន ទៅកាន់អ្នកប្រើប្រាស់ថ្មីៗ។
- “សៀវភៅផែនទីកម្ពុជា យ៉េនឌ័រ និងបរិស្ថាន” ជាគម្រោងរបស់អង្គការមូលនិធិអាស៊ី (TAF) ដែលមានគោលបំណងចែករំលែកអំពីការយល់ឃើញ ពីទំនាក់ទំនងរបស់យ៉េនឌ័រ ក្នុងការផ្ដល់ព័ត៌មានអំពីបញ្ហាបរិស្ថាន និងការប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ទៅកាន់ក្រុមមនុស្សផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ អង្គការមូលនិធិអាស៊ីបានបង្កើតផែនទីចំនួនប្រហែល ៦០ និងអត្ថបទវិភាគមួយចំនួន។

លោកព្រំ ពន់វឌ្ឍន៍ កំពុងធ្វើបទបង្ហាញអំពីគម្រោងរបស់អូឌីស៊ី “ការប្រើប្រាស់ Google Earth Engine ដើម្បីដើរតួនៅក្នុងគម្រោងសមភាពយេនឌ័រ និងការអប់រំនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់”

លោកជី តេរិទ្ធិ កំពុងធ្វើបទបង្ហាញអំពីគម្រោងរបស់អង្គការមូលនិធិអាស៊ី “សៀវភៅផែនទីកម្ពុជា យ៉េនឌ័រ និងបរិស្ថាន”
សិក្ខាសាលារួមនេះ មានអ្នកចូលរួមចំនួន ៤១ នាក់ រួមបញ្ជូលអ្នកតំណាងមកពីក្រសួងបរិស្ថាន និងក្រសួងកិច្ចការនារី អ្នកតំណាងមកពីអង្គការក្រៅរាជរដ្ឋាភិបាលផ្សេងៗដែលធ្វើការពាក់ព័ន្ធទៅនឹងបរិស្ថាន ការអប់រំ សុខភាព និងយ៉េនឌ័រដូចជា អ្នកតំណាងមកពីគម្រោង SERVIR-Mekong នៃអង្គការ Asian Disaster Preparedness Center (ADPC) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, អង្គការសុខភាពពិភពលោក, គម្រោងអភិបាលកិច្ចដីធ្លីតំបន់មេគង្គ, អង្គការ យេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា, អង្គការនារីដើម្បីសន្តិភាព, អង្គការអាក់សិនអេតកម្ពុជា, អង្គការ DanChurchAid, អង្គការអភិរក្សអន្តរជាតិ, អង្គការសមាគមធាងត្នោត, អ្នកតំណាងមកពីវិស័យឯកជនដូចជា ក្រុមហ៊ុនគ្រីអេធីវ ហ្គ្រីន ឌីហ្សាញ និង មជ្ឈមណ្ឌលដាយកូនៀ, សិស្សានុសិស្សមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។