វគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់កម្មវិធី Kobo Toolbox សម្រាប់អង្គការដៃគូនៃគម្រោង ISAC
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមវគ្គបណ្តាលស្តីអំពីការប្រើប្រាស់កម្មវិធី Kobo Toolbox ដែលសម្របសម្រួលដោយអង្គការ Internews សម្រាប់់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងមានគោលបំណងដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងមូលដ្ឋានគ្រឹះនៅក្នុងការប្រើប្រាស់កម្មវិធី Kobo Toolbox សម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័នរបស់អង្គការដៃគូទាក់ទងនឹងគណនេយ្យភាពសង្គម។
នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ អង្គការ Internews បានធ្វើការវាយតម្លៃតម្រូវការរបស់អង្គការក្នុងស្រុកដែលចូលរួមក្នុងគម្រោង ISAC ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើគណនេយ្យភាពសង្គម។ ការវាយតម្លៃបានរកឃើញថា អង្គការដៃគូរបស់ ISAC ចង់ទទួលបានការបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញបច្ចេកវិទ្យារបស់ពួកគាត់ ជាពិសេសក្នុងការបញ្ចូលទិន្នន័យ និងការធ្វើរបាយការណ៍លទ្ធផល។
បុគ្គលិកនៃអង្គការដៃគូរបស់គម្រោង ISAC ចំនួន១០នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលានាខែវិច្ឆិកា ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ពួកគាត់ក្នុងការប្រើប្រាស់ឧបករណ៍ប្រមូលទិន្នន័យ និងទទួលបានការបណ្តុះបណ្តាលបន្ថែមពីអូឌីស៊ី។ អង្គការដែលចូលរួមមាន អង្គការយុវជនកម្ពុជា (YCC) អង្គការសម្ព័ន្ឋសុខភាពកុមារ និងសុខភាពបន្តពូជ (រ៉ាឆា) អង្គការស្តារកម្ពុជា អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) និងអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)។
បទបង្ហាញលម្អិតអំពីកម្មវិធី Kobo Toolbox ត្រូវបានចែករំលែកដោយ លោក ពាង សេរីវឌ្ឍន៍ អ្នកឯកទេសផ្នែកត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ (MEL) នៃគម្រោង ISAC របស់អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) នៅពេលព្រឹក។ លោក សេរីវឌ្ឍន៍ បានណែនាំអ្នកចូលរួមអំពីការប្រើប្រាស់សំខាន់ៗរបស់កម្មវិធី Kobo Toolbox សម្រាប់គម្រោង ISAC ក៏ដូចជាសមត្ថភាពផ្សេងៗទៀតសម្រាប់ការប្រើប្រាស់នាពេលអនាគត ដូចជាការប្រមូលទិន្នន័យចល័តជាដើម។
សម្រាប់វគ្គនាពេលរសៀល លោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការអូឌីស៊ី បានបង្រៀនសមាជិកអង្គការសង្គមស៊ីវិលនៅក្នុងវគ្គបណ្តុះបណ្តាល។ លោកបានធ្វើបទបង្ហាញលើ ការយល់ដឹងពីទិន្នន័យ ជាពិសេស អ្វីទៅជាទិន្នន័យ ការវិភាគទិន្នន័យ និងការមើលឃើញទិន្នន័យ។ អ្នកចូលរួមមានការចាប់អារម្មណ៍ដោយបានសួរសំណួរជាច្រើនដល់លោក ពិសិទ្ធ។
បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល អ្នកចូលរួមទាំងដប់នាក់បានបង្ហាញពីការយល់ដឹងកាន់តែប្រសើរឡើងអំពីកម្មវិធី Kobo Toolbox និងការប្រើប្រាស់ទិន្នន័យ ដូចដែលបានវាស់វែងតាមរយៈការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល។ យើងខ្ញុំរំពឹងថា ពួកគាត់នឹងប្រើប្រាស់ចំណេះដឹងថ្មីរបស់ពួកគាត់សម្រាប់ការបញ្ចូលទិន្នន័យ និងការពន្យល់បន្ថែមអំពីព័ត៌មានគម្រោងនៅក្នុងរបាយការណ៍របស់ពួកគាត់។ ការបណ្ដុះបណ្ដាលជំនាញបន្ថែមផ្សេងទៀតនឹងត្រូវធ្វើឡើងសម្រាប់សមាជិកសង្គមស៊ីវិលនៅប៉ុន្មានខែខាងមុខនេះ។