វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​ប្រើ​​ប្រាស់​កម្ម​វិធី Kobo Toolbox សម្រាប់​អង្គការ​ដៃ​គូ​នៃ​គម្រោង​ ISAC

នៅ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​វគ្គ​បណ្តាល​ស្តី​អំពី​ការ​ប្រើប្រាស់​កម្មវិធី​ Kobo​ Toolbox​ ដែល​សម្របសម្រួល​ដោយ​អង្គការ​ Internews​ សម្រាប់់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​មាន​គោលបំណង​ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ Kobo​ Toolbox​ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ស្ថាប័ន​របស់​អង្គការ​ដៃគូ​ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​។​

នៅ​ចុងឆ្នាំ​២០២១​ និង​ដើមឆ្នាំ​២០២២​ អង្គការ​ Internews​ បាន​ធ្វើការ​វាយតម្លៃ​តម្រូវការ​របស់​អង្គការ​ក្នុងស្រុក​ដែល​ចូលរួម​ក្នុង​គម្រោង​ ISAC​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​ធ្វើការ​លើ​​គណនេយ្យ​ភាព​សង្គម​។​ ការ​វាយតម្លៃ​បាន​រក​ឃើញ​ថា​ អង្គការ​ដៃគូ​របស់​ ISAC​ ចង់ទទួល​បានការ​បណ្តុះបណ្តាល​​ដើម្បី​ពង្រឹង​ជំនាញ​បច្ចេក​វិទ្យា​របស់​ពួក​គាត់ ជា​ពិសេស​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ និងការ​ធ្វើ​របាយការណ៍​​លទ្ធផល​។​

បុគ្គលិក​នៃ​អង្គការ​ដៃគូ​របស់​គម្រោង​ ISAC​ ចំនួន​១០​នាក់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​នា​ខែវិច្ឆិកា​ ដើម្បី​ពង្រឹង​ចំណេះដឹង​ និង​សមត្ថភាព​របស់​ពួក​គាត់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ប្រមូល​ទិន្នន័យ​ និង​ទទួល​បានការ​បណ្តុះបណ្តាល​បន្ថែម​ពី​អូ​ឌី​ស៊ី​។​ អង្គការ​ដែល​ចូលរួម​មាន​ អង្គការ​យុវជន​កម្ពុជា​ (YCC)​ អង្គការ​សម្ព័​ន្ឋ​សុខភាព​កុមារ​ និង​សុខភាព​បន្ត​ពូជ​ (​រ៉ា​ឆា​) អង្គការ​ស្តារ​កម្ពុជា​​ អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ (PSOD)​ និង​អង្គការ​ភាព​ជា​ដៃគូ​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSP)​។​

បទ​បង្ហាញ​លម្អិត​អំពី​កម្មវិធី​ Kobo​ Toolbox​ ត្រូវ​បាន​ចែករំលែក​ដោយ​ លោក​ ពាង​ សេរី​វឌ្ឍន៍​ អ្នកឯកទេស​ផ្នែក​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​រៀនសូត្រ​ (MEL)​ នៃ​គម្រោង​ ISAC​ របស់​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ (FHI​ 360)​ នៅ​ពេល​ព្រឹក​។​ លោក​ សេរី​វឌ្ឍន៍​ បាន​ណែនាំ​អ្នកចូលរួម​អំពី​ការ​ប្រើប្រាស់​សំខាន់ៗ​របស់​កម្មវិធី​ Kobo​ Toolbox​ សម្រាប់​គម្រោង​ ISAC​ ក៏​ដូច​ជា​សមត្ថភាព​ផ្សេងៗ​ទៀត​សម្រាប់​ការ​ប្រើប្រាស់​នា​ពេល​អនាគត​ ដូច​ជា​ការ​ប្រមូល​ទិន្នន័យ​ចល័ត​ជាដើម​។​

សម្រាប់​វគ្គ​នា​ពេល​រសៀល​ លោក​ វង្ស​ ពិសិទ្ធ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)/​ អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៅ​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្រៀន​សមាជិក​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​។​ លោក​បាន​ធ្វើ​បទ​បង្ហាញ​លើ​ ការ​យល់​ដឹង​ពី​ទិន្នន័យ​ ជា​ពិសេស​ អ្វី​ទៅ​ជា​ទិន្នន័យ​ ការ​វិភាគ​ទិន្នន័យ​ និង​ការ​មើលឃើញ​ទិន្នន័យ​។​ អ្នកចូលរួម​មានការ​ចាប់អារម្មណ៍​ដោយ​បាន​សួរ​សំណួរ​ជា​ច្រើន​ដល់​លោក​ ពិសិទ្ធ​។​

​បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ អ្នកចូលរួម​ទាំង​ដប់​នាក់​បាន​បង្ហាញ​ពី​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​កម្មវិធី​ Kobo​ Toolbox​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ ដូចដែល​បាន​វាស់វែង​តាម​រយៈ​ការ​ធ្វើតេស្ត​ក្រោយ​​វគ្គ​បណ្តុះ​បណ្តាល​​។​ យើង​ខ្ញុំ​រំពឹង​ថា ពួក​គាត់នឹង​ប្រើប្រាស់​ចំណេះដឹង​ថ្មី​របស់​ពួក​គាត់​​សម្រាប់​ការ​បញ្ចូល​ទិន្នន័យ​ និង​ការ​ពន្យល់​បន្ថែម​អំពី​ព័ត៌មាន​គម្រោង​នៅ​ក្នុង​របាយការណ៍​របស់​ពួក​គាត់​។​ ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​​ផ្សេង​ទៀត​នឹង​ត្រូវធ្វើ​ឡើង​សម្រាប់​សមាជិក​សង្គម​ស៊ី​វិល​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​