សន្និសីទជាតិទិន្នន័យបើកទូលាយស្តីពីទិន្នន័យរដ្ឋាភិបាលបើកទូលាយដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន
កាលបរិច្ឆេទ៖ | ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៤ |
ពេលវេលា៖ | ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច |
ទីតាំង៖ | មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
របៀបវារៈបណ្តោះអាសន្ន៖ | ទាញយកឯកសារ |
ចុះឈ្មោះចូលរួម៖ | https://tinyurl.com/RegistrationFormForNODC2024 |
ផុតកំណត់ចុះឈ្មោះ៖ | ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ |
ពន្យារពេលចុះឈ្មោះ៖ | ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ |
សាវតា
យោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ទិន្នន័យបានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងអភិបាលកិច្ចសាធារណៈនៅកម្ពុជា ដោយសារហេតុផលមួយចំនួន។ ការប្តេជ្ញាចិត្តចំពោះកំណែទម្រង់ និងការបន្តកំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដំណើរការនៃការគ្រប់គ្រងរដ្ឋាភិបាលឌីជីថលនេះ ចាប់ផ្តើមជាមួយនឹងការបង្កើត និងការអនុម័តគោលនយោបាយចាំបាច់ និងការធ្វើបច្ចុប្បន្នភាពក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតដោយរាជរដ្ឋាភិបាលកម្ពុជា។ ដំណើរការនេះបន្តជាមួយនឹងការអភិវឌ្ឍស្តង់ដាររដ្ឋាភិបាលឌីជីថល និងរចនាបទ តាមរយៈគោលការណ៍ បទដ្ឋាន គំរូ ការវិវត្តន៍បច្ចេកវិទ្យា និងការអនុវត្តល្អបំផុតនៅកម្រិតជាតិ និងអន្តរជាតិ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតរដ្ឋាភិបាលឌីជីថល ដែលប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងទ្រទ្រង់ដល់ការកសាង និងការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រឹងមាំ និងថាមវន្ត។
គោលនយោបាយទិន្នន័យបើកទូលាយ គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយមួយចំនួនទៀតដែល រាជរដ្ឋាភិបាលកំពុងធ្វើការ និងប្រមូលធាតុចូល។ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ គោលនយោបាយទិន្នន័យបើកទូលាយថ្មីនឹងកំណត់គោលការណ៍ ស្តង់ដារ អាជ្ញាប័ណ្ណ និងនីតិវិធីសម្រាប់ការបើកទូលាយ រក្សាទុក និងចែករំលែកទិន្នន័យរបស់ រដ្ឋាភិបាលជាមួយស្ថាប័នសាធារណៈ វិស័យធុរកិច្ច និងបុគ្គល។ គោលបំណងចំបងបំផុតនៃទិន្នន័យបើកទូលាយ គឺដើម្បីបង្កើន តម្លាភាព យុត្តិធម៌ និងគណនេយ្យភាព ព្រមទាំងគុណភាពនៃសេវា ដែលការណ៍នេះការបង្កើនទំនុកចិត្តរបស់សាធារណៈជនចំពោះ រដ្ឋាភិបាល លើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។1 ទិន្នន័យបើកទូលាយនឹងអនុញ្ញាតឱ្យ តួអង្គមិនមែនរដ្ឋចូលរួម ផ្តល់យោបល់ និងជំរុញរដ្ឋាភិបាលទទួលខុសត្រូវ បន្ថែមពីនេះ ទិន្នន័យបើកទូលាយនឹងជួយក្នុងការលើកកម្ពស់ការបើកទូលាយនៅក្នុងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ តួអង្គមិនមែនរដ្ឋនៅក្នុងប្រទេសកម្ពុជាបានត្រឹមតែសម្រេចបាននូវវឌ្ឍនភាពបន្តិចបន្តួចប៉ុណ្ណោះ2 នៅក្នុងលក្ខខណ្ឌនៃការចូលប្រើទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់គោលដៅគោលនយោបាយ។3
ដើម្បីសម្រេចនូវគោលដៅរួមនៃការផ្សារភ្ជាប់គម្លាតរវាងរដ្ឋាភិបាល និងតួអង្គមិនមែនរដ្ឋាភិបាលក្នុងកិច្ចសន្ទនាអំពីទិន្នន័យបើកទូលាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយ អង្គការមូលនិធិអាស៊ី នឹងរៀបចំ សន្និសីទទិន្នន័យបើកទូលាយជាតិ នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៤។ បន្ថែមលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងតំបន់ និងកិច្ចខិតខំប្រឹងប្រែងទិន្នន័យទូលាយ យើងរំពឹងថាការចូលរួមដោយសេរី និងបរិយាបន្ននៅក្នុងព្រឹត្តិការណ៍នេះ នឹងបង្កើនការយល់ដឹងជាសាធារណៈ នៃទិន្នន័យបើកទូលាយ និងការយកចិត្តទុកដាក់លើបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងជួបប្រទះក្នុងការទទួលយកទិន្នន័យបើកទូលាយ។
សន្និសីទជាតិទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ មានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
គោលបំណងនៃសន្និសីទទិន្នន័យបើកទូលាយជាតិ
- បង្កើនការយកចិត្តទុកដាក់ជាសាធារណៈនៃដំណើរការ និងឧបសគ្គក្នុងការទទួលយកទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា និងតំបន់
- ដើម្បីប្រមូលធាតុចូល និងសំណូមពរដើម្បីរួមចំណែកដល់សេចក្តីព្រាងគោលនយោបាយទិន្នន័យបើកទូលាយ និងបទប្បញ្ញាតិអភិបាលកិច្ចទិន្នន័យ
- ដើម្បីជំរុញកិច្ចផ្តួចផ្តើមតម្លាភាព និងគណនេយ្យភាពទិន្នន័យក្នុងវិស័យចម្រុះ
- ដើម្បីពង្រឹងបណ្តាញទិន្នន័យបើកទូលាយនៅកម្ពុជា និងតំបន់
អ្នកចូលរួម
សន្និសីទជាតិទិន្នន័យបើកទូលាយជាតិនឹងប្រមូលផ្តុំអ្នកចូលរួមយ៉ាងហោចណាស់ ៧៥នាក់ ដែលមានបទពិសោធន៍ផ្សេងៗគ្នា រួមមាន តំណាងរដ្ឋាភិបាល ក្រសួង អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ ក្រុមយុវជនជនជាតិដើមភាគតិច ជនមានពិការភាព ស្ត្រី និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQI+)។
អ្នករៀបចំ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) គឺជាវេទិកាទិន្នន័យបើកទូលាយឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបង្កើតទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាព និងគួរឱ្យទុកចិត្តអំពីបញ្ហាសេដ្ឋកិច្ចសង្គម និងបរិស្ថាន បង្ហាញជាសាធារណៈក្នុងទម្រង់ជា “វេទិកាតែមួយ”។ អង្គការអូឌីស៊ី លើកកម្ពស់ការប្រើប្រាស់ទិន្នន័យត្រឹមត្រូវសម្រាប់ដំណើរការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើភស្តុតាង និងតម្លាភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ អស់រយៈពេលដប់ឆ្នាំកន្លងមកនេះ អង្គការអូឌីស៊ីបានធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនបរិមាណទិន្នន័យសាធារណៈ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធ។ អង្គការអូឌីស៊ីប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងវិស័យទិន្នន័យ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ការធ្វើផែនទី និង GIS សុវត្ថិភាពឌីជីថល និងការស្រាវជ្រាវ ដើម្បីចងក្រង វិភាគ និងផ្សព្វផ្សាយព័ត៌មានជាទម្រង់ឌីជីថលដែលងាយស្រួលប្រើ និងអាចចូលប្រើបាន។ សម្ភារៈដែលមាននៅលើវេទិកាអនឡាញរបស់អង្គការអូឌីស៊ី រួមមានសំណុំទិន្នន័យ ទំព័រប្រធានបទព័ត៌មាន ផែនទីអន្តរកម្ម ព័ត៌មាន និងឯកសារច្បាប់ ក្នុងចំណោមឯកសារផ្សេងៗទៀត។ អង្គការអូឌីស៊ី មិនផ្សព្វផ្សាយនូវទស្សនៈ របៀបវារៈ ឬការលំអៀងណាមួយក្រៅពីការផ្តល់ព័ត៌មានសត្យនុម័ត និងអំពីការអភិវឌ្ឍន៍នៅប្រទេសកម្ពុជានោះទេ។
អង្គការមូលនិធិអាស៊ី កំពុងអនុវត្តកម្មវិធី ពន្លកចំណេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាចន្លោះ ខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៧ ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ គោលដៅនៃកម្មវិធី ពន្លកចំណេះទី២ គឺការសម្រេចចិត្តលើគោលនយោបាយសាធារណៈ ដោយផ្អែកលើភស្តុតាង និងត្រូវបានជូនដំណឹងដោយការសន្ទនារួម ត្រូវបានដាក់ឱ្យដំណើរការ និងក្លាយជាបទដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ឯកសារយោង
- 1. រាជរដ្ឋាភិបាលកម្ពុជា (RGC), “គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥,” ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
- 2. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “របាយអង្កេតទិន្នន័យបើកទូលាយ,” ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
- 3. មូលនិធិអាស៊ី កម្មវិធីពន្លកចំណេះ, “អន្តរការីទិន្នន័យបើកចំហ សម្រាប់តួអង្គមិនមែនរដ្ឋនៅកម្ពុជា,” ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។