ទិវាជាតិអំណាន នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ

កម្ពុជា​បាន​កំណត់​ថ្ងៃ​ទី​១១​ ខែមីនា​ ជា​ ទិវា​ជាតិ​អំ​ណា​ន​ ក្រោយ​ពេល​អនុក្រឹត្យ​មួយ​បាន​ចេញ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​។​ កាល​បរិ​ច្ឆេ​ទ​នេះ​បាន​កំណត់​ឡើង​​ឱ្យ​ត្រូវ​នឹង​ថ្ងៃខែ​កំណើត​របស់​ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​ជា​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​។​ ក្នុង​ឆ្នាំ​២០១៦​ កម្ពុជា​ បាន​ប្រារព្ធ​ ទិវា​ជាតិ​អំ​ណា​ន​ ជា​លើក​ទី​មួយ​ ហើយ​បាន​នឹង​កំពុង​បន្ត​ការ​ប្រារព្ធ​នេះ​មក​ទល់​បច្ចុប្បន្ន​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ គោលបំណង​របស់​រដ្ឋា​ភិ​បាល​​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ ទី​មួយ​ ដើម្បី​រំលឹក​ពី​ស្នាដៃ​ និង​កិច្ច​ការងារ​របស់​ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ហើយ​ទី​ពីរ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អាន​ និង​លើកកម្ពស់​ទម្លាប់​នៃ​ការ​អាន​របស់​សិស្ស​ មន្ត្រីរាជការ​ និង​សាធារណៈជន​ទូទៅ​។​

ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​អំ​ណាន នៅ​ថ្ងៃ​១០​ ខែ​មីនា​ ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សហការ​រួម​គ្នា​ជាមួយ​វិទ្យាល័យ​ជា​ស៊ី​ម​ ត្បែងមានជ័យ​ ជា​លើក​ដំបូង​ ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណា​ន​ នៅ​ខេត្តព្រះវិហារ​ ដោយ​មានការ​ប្រកួត​អាន​សម្រាប់​សិស្សានុសិស្ស​។​ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ អង្គការ​អូ​ឌី​ស៊ី​ មាន​គោលបំណង​លើកកម្ពស់​វប្បធម៌​នៃ​ការ​អាន​ មិន​ត្រឹមតែ​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ឬ​ខេត្ត​ ដែល​លទ្ធភាព​នៃ​ការ​អាន​ និង​សម្ភារៈ​អាន​ពិបាក​នឹង​រកបាន​។​   

​ទិវា​ជាតិ​អំ​ណា​ននេះ​ មាន​អ្នកចូលរួម​សរុប​ចំនួន​៩២​នាក់​ (​ស្រី​៥៨​នាក់​)​។​ ក្នុង​នោះ​មាន​    តំណាង​៧​រូប​ រួម​ទាំង​នាយក​សាលា​នៃ​វិទ្យាល័យ​ជា​ស៊ី​ម​ត្បែងមានជ័យ​ និង​មាន​តំណាង​១​រូប​ មក​ពី​ការិយាល័យអប់រំយុវជន និងកីឡាក្រុងព្រះវិហារ​ រួម​ទាំង​សិស្សានុសិស្ស​ ៨៤​​នាក់​ (​ស្រី​ ៥៦​​នាក់​)​។​ និស្សិត​ចំនួន​ ៩​នាក់​ដែល​មាន​ ៣​នាក់​ មក​ពី​ថ្នាក់​ទី​៧​  ថ្នាក់​ទី​៨​ និង​ថ្នាក់​ទី​៩​ ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​អាន​។​ សិស្ស​៣​នាក់​ពី​ថ្នាក់​នីមួយៗ​ ត្រូវ​បាន​ជ្រើសរើស​ជា​ចុង​ក្រោយ​សម្រាប់​រង្វាន់​ទី​១​  ហើយ​ ៦​នាក់​ទៀត​ បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​។​ សិស្ស​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ ទទួល​បាន​សៀវភៅអាន​មួយ​ចំនួន​ ដែល​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​អាន​បន្ថែម​ និង​ចែករំលែក​ជាមួយ​សិស្ស​ដទៃ​ទៀត​នៅ​ក្នុង​ថ្នាក់​។​

​សកម្មភាព​នេះ​ បាន​ផ្តល់​ឱ្យ​សិស្សានុសិស្ស​​នូវ​ឱកាស ​ និង​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​បង្កើន​ការ​អាន​របស់​ពួក​គេ​ និង​អាច​បំផុស​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ក្នុង​ការ​អាន​។​ ប្អូនស្រី​ ពន្លឺ​ នាង​ព​ណ្ណ​រី​ ជា​សិស្ស​ថ្នាក់​ទី​៨A​ ដែល​ជា​សិស្ស​ម្នាក់​ដែល​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​អាន​ បាន​និយាយ​ថា​ ប្អូន​ និង​សិស្ស​ឯទៀត​ ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ ក្នុង​ការ​ចូលរួម​ ទិវា​អំ​ណា​ន​នេះ​។​ ហើយ​ប្អូន​បាន​ស្វែង​យល់​បន្ថែម​ទៀត​អំពី​អត្ថប្រយោជន៍​នៃ​ការ​អាន​។​ ដូច​គ្នា​នេះ​ដែរ​  ប្អូនប្រុស​ អាន​ ស៊ា​ន​លី​ហ្វី​ស្តារ​ ជា​សិស្ស​ ថ្នាក់​ទី​ ៩D​  ដែល​ជា​អ្នក​ទទួល​បាន​ពានរង្វាន់​នេះ​ដែរ​ បាន​លើកទឹកចិត្ត​គ្រប់ៗ​គ្នា​ឱ្យ​អាន​ ព្រោះ​ការ​អាន​ អាច​នាំ​មក​នូវ​អនាគត​ល្អ​ប្រសើរ​ជាង​មុន​ បង្កើន​ចំណេះដឹង​ និង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​។​

​ជាមួយនឹង​លទ្ធផល​ និង​ភាព​សាទរ​រីករាយ​បែប​នេះ​ អូ​ឌី​ស៊ី​នឹង​បន្តការងារ​នេះ​ ដើម្បី​លើកទឹកចិត្តឱ្យមាន​ការ​អាន​ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​រួម​ទាំង​ ឯកសារ​ និង​សម្ភារៈ​ឌី​ជី​ថ​ល​ ហើយ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ អូ​ឌី​ស៊ី​នឹង​បន្ត​ប្រារព្ធ​ព្រឹត្តិការណ៍​បែប​នេះ​នៅ​​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

វី​ដេ​អូ​នេះ​រំលេច​ព្រឹត្តិការណ៍​ពេញ​មួយ​ថ្ងៃ​៖