ទិវាជាតិអំណាន នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ
កម្ពុជាបានកំណត់ថ្ងៃទី១១ ខែមីនា ជា ទិវាជាតិអំណាន ក្រោយពេលអនុក្រឹត្យមួយបានចេញនៅខែកញ្ញា ឆ្នាំ២០១៥។ កាលបរិច្ឆេទនេះបានកំណត់ឡើងឱ្យត្រូវនឹងថ្ងៃខែកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកជំនាញអក្សរសាស្ត្រខ្មែរ។ ក្នុងឆ្នាំ២០១៦ កម្ពុជា បានប្រារព្ធ ទិវាជាតិអំណាន ជាលើកទីមួយ ហើយបាននឹងកំពុងបន្តការប្រារព្ធនេះមកទល់បច្ចុប្បន្ន ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ គោលបំណងរបស់រដ្ឋាភិបាលក្នុងការប្រារព្ធពិធីនេះគឺ ទីមួយ ដើម្បីរំលឹកពីស្នាដៃ និងកិច្ចការងាររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ហើយទីពីរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអាន និងលើកកម្ពស់ទម្លាប់នៃការអានរបស់សិស្ស មន្ត្រីរាជការ និងសាធារណៈជនទូទៅ។
ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាន នៅថ្ងៃ១០ ខែមីនា ឆ្នាំ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការរួមគ្នាជាមួយវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ជាលើកដំបូង ដើម្បីប្រារព្ធទិវាជាតិអំណាន នៅខេត្តព្រះវិហារ ដោយមានការប្រកួតអានសម្រាប់សិស្សានុសិស្ស។ តាមរយៈព្រឹត្តិការណ៍នេះ អង្គការអូឌីស៊ី មានគោលបំណងលើកកម្ពស់វប្បធម៌នៃការអាន មិនត្រឹមតែនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏នៅតាមតំបន់ដាច់ស្រយាល ឬខេត្ត ដែលលទ្ធភាពនៃការអាន និងសម្ភារៈអានពិបាកនឹងរកបាន។
ទិវាជាតិអំណាននេះ មានអ្នកចូលរួមសរុបចំនួន៩២នាក់ (ស្រី៥៨នាក់)។ ក្នុងនោះមាន តំណាង៧រូប រួមទាំងនាយកសាលានៃវិទ្យាល័យជាស៊ីមត្បែងមានជ័យ និងមានតំណាង១រូប មកពីការិយាល័យអប់រំយុវជន និងកីឡាក្រុងព្រះវិហារ រួមទាំងសិស្សានុសិស្ស ៨៤នាក់ (ស្រី ៥៦នាក់)។ និស្សិតចំនួន ៩នាក់ដែលមាន ៣នាក់ មកពីថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ចូលរួមក្នុងការប្រកួតប្រជែងអាន។ សិស្ស៣នាក់ពីថ្នាក់នីមួយៗ ត្រូវបានជ្រើសរើសជាចុងក្រោយសម្រាប់រង្វាន់ទី១ ហើយ ៦នាក់ទៀត បានទទួលរង្វាន់លើកទឹកចិត្ត។ សិស្សដែលបានចូលរួមក្នុងការប្រកួតប្រជែង ទទួលបានសៀវភៅអានមួយចំនួន ដែលលើកទឹកចិត្តឱ្យពួកគេអានបន្ថែម និងចែករំលែកជាមួយសិស្សដទៃទៀតនៅក្នុងថ្នាក់។
សកម្មភាពនេះ បានផ្តល់ឱ្យសិស្សានុសិស្សនូវឱកាស និងបទពិសោធន៍ថ្មីក្នុងការបង្កើនការអានរបស់ពួកគេ និងអាចបំផុសចំណាប់អារម្មណ៍របស់ពួកគេក្នុងការអាន។ ប្អូនស្រី ពន្លឺ នាងពណ្ណរី ជាសិស្សថ្នាក់ទី៨A ដែលជាសិស្សម្នាក់ដែលបានទទួលជ័យលាភីក្នុងការប្រកួតអាន បាននិយាយថា ប្អូន និងសិស្សឯទៀត ទទួលបានបទពិសោធន៍ថ្មី ក្នុងការចូលរួម ទិវាអំណាននេះ។ ហើយប្អូនបានស្វែងយល់បន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការអាន។ ដូចគ្នានេះដែរ ប្អូនប្រុស អាន ស៊ានលីហ្វីស្តារ ជាសិស្ស ថ្នាក់ទី ៩D ដែលជាអ្នកទទួលបានពានរង្វាន់នេះដែរ បានលើកទឹកចិត្តគ្រប់ៗគ្នាឱ្យអាន ព្រោះការអាន អាចនាំមកនូវអនាគតល្អប្រសើរជាងមុន បង្កើនចំណេះដឹង និងកាត់បន្ថយភាពតានតឹងក្នុងចិត្ត។
ជាមួយនឹងលទ្ធផល និងភាពសាទររីករាយបែបនេះ អូឌីស៊ីនឹងបន្តការងារនេះ ដើម្បីលើកទឹកចិត្តឱ្យមានការអាន តាមរយៈមធ្យោបាយផ្សេងៗរួមទាំង ឯកសារ និងសម្ភារៈឌីជីថល ហើយប្រសិនបើអាចធ្វើទៅបាន អូឌីស៊ីនឹងបន្តប្រារព្ធព្រឹត្តិការណ៍បែបនេះនៅតាមបណ្តាខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
វីដេអូនេះរំលេចព្រឹត្តិការណ៍ពេញមួយថ្ងៃ៖