ការភ្ជាប់បណ្តាញជាមួយមិត្តរួមការងាររបស់យើង!
ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា អង្គការអូឌីស៊ីបានបើកសិក្ខាសាលារយៈពេល ២ ថ្ងៃ ដើម្បីបង្កើតទំនាក់ទំនងជាមួយក្រុមគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយអំពីការអភិវឌ្ឍ (ODI) ដែលមកពីប្រទេសថៃ ភូមា វៀតណាម និងឡាវ។ គោលបំណង គឺដើម្បីស្គាល់គ្នាឱ្យកាន់តែប្រសើរឡើង បង្កើនចំណេះដឹង និងបង្កើនជំនាញដែលទាក់ទងទៅនឹងកម្មវិធី WordPress និង CKAN ដើម្បីបង្កើតមាតិកា ប្រកបដោយប្រសិទ្ធភាព ផ្តល់ព័ត៌មានអំពីវិធីសាស្ត្រ និងឧបករណ៍ដែលត្រូវបានប្រើប្រាស់ ដោយអង្គការអូឌីស៊ី ដើម្បីកសាងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សកម្មភាពផ្សព្វផ្សាយ ជាមួយដៃគូ ក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ជាបឋម អ្នកចូលរួមបានពិភាក្សាគ្នាទៅវិញទៅមក ដើម្បីស្វែងយល់បន្ថែម អំពីការងារដែលពួកគាត់កំពុងធ្វើ ក៏ដូចជាអំពីអាហារឆ្ងាញ់ៗ និងសកម្មភាពផ្សេេងៗ។ ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ក្រុមការងារ លោក ធី ទ្រី ដែលជានាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានប្រមូលនូវចំណាប់អារម្មណ៍ផ្សេងៗ របស់អ្នកចូលរួមទាំងអស់។ ក្រៅពីការភ្ជាប់បណ្តាញ ក្រុមការងារនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរចនាសម្ព័ន្ធរបស់អូឌីស៊ី កម្មវិធីការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ កម្មវិធី WordPress និងគេហទំព័រគ្រប់គ្រងទិន្នន័យ CKAN។
គោលដៅរបស់អូឌីស៊ី គឺដើម្បីផ្តល់ទិន្នន័យអំពីប្រទេសកម្ពុជា ដែលផ្តោតទៅលើតម្រូវការ និងបំណងរបស់អ្នកប្រើប្រាស់។ លោកស្រី ស៊ីវ វឌ្ឍនា មន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា របស់អង្គការអូឌីស៊ី បានបង្ហាញក្រុមការងារ អំពីរចនាសម្ព័ន្ធរបស់គេហទំព័រអូឌីស៊ី និងពន្យល់ពីគោលបំណងនៃ “ទំព័រពត៌មានទិន្នន័យ” និង “ទំព័រប្រធានបទ”។ វាគួរឱ្យចាប់អារម្មណ៍ណាស់ ក្នុងការនិយាយអំពីគេហទំព័ររបស់អូឌីស៊ី ជាមួយក្រុមការងារ និងទទួលបានមតិយោបល់ពីពួកគាត់។
តើគួរធ្វើយ៉ាងណា ដើម្បីទទួលបានទំព័រប្រធានបទមួយ ចេញពីគំនិតរបស់អ្នក? លោក Simon Ross ដែលជាអ្នកគាំទ្រ ផ្នែកមាតិកា មកពីក្រុមការងារនៅថ្នាក់តំបន់ បានចែករំលែកបទពិសោធន៍របស់គាត់ ដើម្បីធ្វើការស្រាវជ្រាវ និងកម្មវិធី ក្នុងការរៀបចំឱ្យបានទំព័រប្រធានបទល្អមួយ។ ខណៈដែលក្រុមការងារ OD បានចង្អុលបង្ហាញថា បរិបទក្នុងស្រុក ការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញដែលអាចងាយស្រួលយល់បាន មាតិកាដែលគួរអោយចាប់អារម្មណ៍ និងទិន្នន័យមិនលំអៀង គឺជាអ្វីដែលមានសារៈសំខាន់បំផុត សម្រាប់គេហទំព័ររបស់អង្គការអូឌី។ អ្នកចូលរួមទាំងអស់បានទទួល គន្លឺះច្បាស់លាស់ អំពីរបៀបរៀបចំរចនាសម្ព័ន្ធនៃការស្រាវជ្រាវ និងរបៀបបង្កើតព័ត៌មានសំខាន់ៗ។ ជាក់ស្ដែង នេះជាគន្លឹះមួយ៖ “ត្រូវឱ្យទិន្នន័យរបស់អ្នកប្រាប់ពីរឿងរ៉ាវ ហើយព្យាយាមរៀបចំមាតិការបស់ទិន្នន័យនោះ ដូចជាអ្នកនឹងពន្យល់រឿងមួយ ជូនម្តាយរបស់អ្នក!”
ឥឡូវនេះ យើងមានរឿងរ៉ាវ សម្រាប់សរសេរទំព័រប្រធានបទហើយ។ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកប្រើប្រាស់ទិន្នន័យរបស់ OD ដើម្បីដឹងថា តើព័ត៌មានទាំងនោះមកពីណា ហើយកន្លែងណា ដែលពួកគាត់អាចស្វែងរកវាបាន។ លោក ព្រំ ពន់វឌ្ឍន៍ អ្នកស្រាវជ្រាវទិន្នន័យ និងមន្ត្រីផ្នែក GIS របស់អូឌីស៊ី បានបង្ហាញអំពីរបៀបគ្រប់គ្រងទិន្នន័យ និងឯកសារយោងក្នុងកម្មវិធី CKAN ដែលជាផ្នែកមួយនៃកម្មវិធីប្រភពបើកទូលាយ សម្រាប់ផ្នែកទិន្នន័យប្រភពបើកទូលាយ ដែលព័ត៌មានទាំងអស់ហៅថា “ព័ត៌មានអំពីទិន្នន័យ (metadata)” ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី CKAN។ ជារួម យើងបានកំណត់អត្តសញ្ញាណនៃទ្រង់ទ្រាយណា ដែលល្អបំផុតសម្រាប់ទិន្នន័យប្រភពបើកទូលាយ និងប្រភេទ File extension ណាដែលងាយស្រួលប្រើ សម្រាប់អ្នកប្រើប្រាស់ ដោយមិនចាំបាច់មានកម្មវិធីឯកទេស។ ដំណើរការនេះហាក់ដូចជា មានភាពស្មុគស្មាញពីដំបូង ប៉ុន្តែលោក ពន់វឌ្ឍន៍ រំពឹងថា ជាមួយនឹងការអនុវត្តន៍ គ្រប់គ្នាអាចប្រើ CKAN ប្រកបដោយលទ្ធផលជាផ្លែផ្កា។ ហើយក្រុមការងាររបស់អូឌីស៊ី តែងតែសប្បាយរីករាយក្នុងការជួយណែនាំដល់ពួកគាត់។ លោកស្រី ហេង ហ៊ុយអេង នាយកផ្នែក IT និង គេហទំព័រ ក៏បានចែករំលែកពីវិធីរាយការណ៍ពីបញ្ហាមួយចំនួន របស់ CKAN ឬ WordPress ផងដែរ។
ថ្ងៃដំបូងនៃសិក្ខាសាលានេះ មានភាពសប្បាយរីករាយ ហើយពួកគាត់ទាំងអស់គ្នា រំភើប ដែលបានជួបជុំគ្នា ជាមួយក្រុមការងារនៃ OD ទាំងអស់ ជាមួយនឹងអាហារពេលល្ងាចដ៏អស្ចារ្យមួយ នៅលើទូកតាមដងទន្លេមេគង្គ។
ថ្ងៃទីពីរ បានចាប់ផ្តើមជាមួយផ្នែកដ៏ស្រស់ស្អាតនៃទិន្នន័យ៖ ការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ! លោក Daniel Aboagye អ្នកស្រាវជ្រាវទិន្នន័យនៃអូឌីស៊ី បានផ្តល់នូវទិដ្ឋភាពទូទៅនៃកម្មវិធីការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ ដែលមានសារៈប្រយោជន៍ជាច្រើន ហើយបានបន្តពន្យល់ពីរបៀបប្រើប្រាស់ និងគូសបញ្ជាក់អំពីគុណសម្បត្តិ និងគុណវិបត្តិនៃកម្មវិធីទាំងអស់។ កម្មវិធីការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ ដែលល្អ គួររួមបញ្ចូលធាតុដូចជា ព័ត៌មាន រឿងរ៉ាវដែលជាប់ពាក់ព័ន្ធ គោលដៅ និងទម្រង់ដែលមើលឃើញ។ ប៉ុន្តែគួរត្រូវប្រើដ្យាក្រាម ប្រភេទមួយណា? លោក Daniel បានបង្ហាញពីទម្រង់នៃកម្មវិធីការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ ដែលសាកសមសម្រាប់ប្រធានបទផ្សេងៗគ្នា។ គន្លឹះមួយចំនួនគឺ៖ ផែនទី គឺជាមធ្យោបាយដ៏ល្អមួយ ក្នុងការបង្ហាញទិន្នន័យជារូបភាព និងជួយសម្រួលព័ត៌មានឱ្យមានភាពសាមញ្ញ! ដូច្នេះ អ្នកចូលរួមបានរៀនបង្កើតផែនទីសាមញ្ញមួយ និងបង្កើនជំនាញការធ្វើទិន្នន័យឱ្យក្លាយជារូបភាពមើលឃើញ។
នៅពេលរសៀល គឺជាវគ្គដ៏សំខាន់សម្រាប់សមាជិក OD ទាំងអស់។ នៅក្នុងវគ្គនេះ ក្រុមការងារទាំងមូលបានយល់ដឹងអំពីការជោគជ័យ និងការតាមដានរបស់អូឌីស៊ី ដែលជាវេទិកាទិន្នន័យប្រភពបើកទូលាយនៅក្នុងប្រទេសកម្ពុជា និងការចែករំលែកពីរបៀបពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរ និងវិធីផ្សព្វផ្សាយផលិតផលដល់អ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀត។ លោកស្រី ឌុច សុធាវីន មន្ត្រីស្រាវជ្រាវ និង ភាពជាដៃគូរ របស់អូឌីស៊ី បានបង្ហាញពីសកម្មភាពផ្សព្វផ្សាយទាំងអស់ ដែលអូឌីស៊ីកំពុងធ្វើ ហើយបានចែករំលែកក្រុមការងារអំពីរបៀប ដើម្បីលើកកម្ពស់គេហទំព័រជាមួយសាកលវិទ្យាល័យនានា ក្នុងនាមជាអ្នកធ្វើបទបង្ហាញ ជាដើម។ ក្រៅពីភាពជោគជ័យ លោក ធី ទ្រី ក៏បានចែករំលែកនូវបញ្ហាប្រឈម និងមេរៀនមួយចំនួន ដែលទទួលបានពីក្រុមការងារផងដែរ។
យើងមានសេចក្តីសោមន្សរីករាយណាស់ ដែលបានជួបជាមួយក្រុមការងារទិន្នន័យបើកទូលាយទាំងអស់ ហើយរង់ចាំជាមួយនឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត!