ការ​ភ្ជាប់​បណ្តាញ​ជាមួយ​មិត្ត​រួមការ​ងារ​របស់​យើង​!

​ចាប់ពី​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ដល់​ថ្ងៃ​ទី​ ១​ ខែមិថុនា​ អង្គការ​អូ​ឌី​ស៊ី​បាន​បើក​សិក្ខាសាលា​រយៈពេល​ ២​ ថ្ងៃ​ ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​អំពី​ការ​អភិវឌ្ឍ​ (ODI)​ ដែល​មក​ពី​ប្រទេស​ថៃ​ ភូមា​ វៀតណាម​ និង​ឡាវ​។​ គោលបំណង​ គឺ​ដើម្បី​ស្គាល់គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ បង្កើន​ចំណេះដឹង​ និង​បង្កើន​ជំនាញ​ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​ WordPress​ និង​ CKAN​ ដើម្បី​បង្កើត​មាតិកា​ ប្រកបដោយ​ប្រសិទ្ធភាព​ ផ្តល់​ព័ត៌មាន​អំពី​វិធីសាស្ត្រ​ និង​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ដោយ​អង្គការ​អូ​ឌី​ស៊ី​ ដើម្បី​កសាង​ភាព​ជា​ដៃគូ​ កិច្ច​សហប្រតិបត្តិការ​ សកម្មភាព​ផ្សព្វផ្សាយ​ ជាមួយ​ដៃគូ​ ក្នុងស្រុក​ និង​អន្តរជាតិ​ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​ជាបឋម​ អ្នកចូលរួម​បាន​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ស្វែង​យល់​បន្ថែម​ អំពី​ការងារ​ដែល​ពួក​គាត់​កំពុង​ធ្វើ​ ក៏​ដូច​ជា​អំពី​អាហារ​ឆ្ងាញ់ៗ​ និង​សកម្មភាព​ផ្សេ​េ​ងៗ​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​ក្រុមការងារ​ លោក​ ធី​ ទ្រី​ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ប្រមូល​នូវ​ចំណាប់អារម្មណ៍​ផ្សេងៗ​ របស់​អ្នកចូលរួម​ទាំងអស់​។​ ក្រៅពី​ការ​ភ្ជាប់​បណ្តាញ​ ក្រុមការងារ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​រចនាសម្ព័ន្ធ​របស់​អូ​ឌី​ស៊ី​ កម្មវិធី​ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​ កម្មវិធី​ WordPress​ និង​គេហទំព័រ​គ្រប់គ្រង​ទិន្នន័យ​ CKAN​។​

​គោលដៅ​របស់​អូ​ឌី​ស៊ី​ គឺ​ដើម្បី​ផ្តល់​ទិន្នន័យ​អំពី​ប្រទេស​កម្ពុជា​ ដែល​ផ្តោត​ទៅ​លើ​តម្រូវការ​ និង​បំណង​របស់​អ្នក​ប្រើប្រាស់​។​ លោកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​ របស់​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ក្រុមការងារ​ អំពី​រចនាសម្ព័ន្ធ​របស់​គេហទំព័រ​អូ​ឌី​ស៊ី​ និង​ពន្យល់​ពី​គោលបំណង​នៃ​ “​ទំព័រ​ព​ត៌​មាន​ទិន្នន័យ​”​ និង​ “​ទំព័រ​ប្រធានបទ​”​។​ វា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ ក្នុង​ការ​និយាយ​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ជាមួយ​ក្រុមការងារ​ និង​ទទួល​បាន​មតិយោបល់​ពី​ពួក​គាត់​។​

​តើ​គួរ​ធ្វើ​យ៉ាងណា​ ដើម្បី​ទទួល​បាន​ទំព័រ​ប្រធានបទ​មួយ​ ចេញពី​គំនិត​របស់​អ្នក​?​ លោក​ Simon​ Ross​ ដែល​ជា​អ្នកគាំទ្រ​ ផ្នែក​មាតិកា​ មក​ពី​ក្រុមការងារ​នៅ​ថ្នាក់​តំបន់​ បាន​ចែករំលែក​បទ​ពិសោធន៍​របស់​គាត់​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​កម្មវិធី​ ក្នុង​ការ​រៀបចំ​ឱ្យ​បាន​ទំព័រ​ប្រធានបទ​ល្អ​មួយ​។​ ខណៈ​ដែល​ក្រុមការងារ​ OD​ បាន​ចង្អុលបង្ហាញ​ថា​ បរិបទ​ក្នុងស្រុក​ ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​ដែល​អាច​ងាយស្រួល​យល់​បាន​ មាតិកា​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ និង​ទិន្នន័យ​មិន​លំអៀង​ គឺជា​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​ សម្រាប់​គេហទំព័រ​របស់​អង្គការ​អូ​ឌី​។​ អ្នកចូលរួម​ទាំងអស់​បាន​ទទួល​ គ​ន្លឺះ​ច្បាស់លាស់​ អំពី​របៀប​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ការ​ស្រាវជ្រាវ​ និង​របៀប​បង្កើត​ព័ត៌មាន​សំខាន់ៗ​។​ ជាក់ស្ដែង​ នេះ​ជា​គន្លឹះ​មួយ​៖​ “​ត្រូវ​ឱ្យ​ទិន្នន័យ​របស់​អ្នក​ប្រាប់​ពី​រឿងរ៉ាវ​ ហើយ​ព្យាយាម​រៀបចំ​មាតិកា​របស់​ទិន្នន័យ​នោះ​ ដូច​ជា​អ្នក​នឹង​ពន្យល់​រឿង​មួយ​ ជូន​ម្តាយ​របស់​អ្នក​!”

​ឥឡូវនេះ​ យើង​មានរឿង​រ៉ាវ​ សម្រាប់​សរសេរ​ទំព័រ​ប្រធានបទ​ហើយ​។​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​អ្នក​ប្រើប្រាស់​ទិន្នន័យ​របស់​ OD​ ដើម្បី​ដឹង​ថា​ តើ​ព័ត៌មាន​ទាំងនោះ​មកពីណា​ ហើយ​កន្លែង​ណា​ ដែល​ពួក​គាត់​អាច​ស្វែងរក​វា​បាន​។​ លោក​ ព្រំ​ ពន់​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​មន្ត្រី​ផ្នែក​ GIS​ របស់​អូ​ឌី​ស៊ី​ បាន​បង្ហាញ​អំពី​របៀប​គ្រប់គ្រង​ទិន្នន័យ​ និង​ឯកសារយោង​ក្នុង​កម្មវិធី​ CKAN​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រភព​បើក​ទូលាយ​ សម្រាប់​ផ្នែក​ទិន្នន័យ​ប្រភព​បើក​ទូលាយ​ ដែល​ព័ត៌មាន​ទាំងអស់​ហៅ​ថា​ “​ព័ត៌មាន​អំពី​ទិន្នន័យ​ (metadata)”​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ CKAN​។​ ជា​រួម​ យើង​បាន​កំណត់​អត្តសញ្ញាណ​នៃ​ទ្រង់ទ្រាយ​ណា​ ដែល​ល្អ​បំផុត​សម្រាប់​ទិន្នន័យ​ប្រភព​បើក​ទូលាយ​ និង​ប្រភេទ​ File​ extension​ ណា​ដែល​ងាយស្រួល​ប្រើ​ សម្រាប់​អ្នក​ប្រើប្រាស់​ ដោយ​មិន​ចាំបាច់​មានកម្ម​វិធី​ឯកទេស​។​ ដំណើរការ​នេះ​ហាក់ដូចជា​ មាន​ភាព​ស្មុគស្មាញ​ពី​ដំបូង​ ប៉ុន្តែ​លោក​ ពន់​វឌ្ឍន៍​ រំពឹង​ថា​ ជាមួយនឹង​ការ​អនុវត្តន៍​ គ្រប់​គ្នា​អាច​ប្រើ​ CKAN​ ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​។​ ហើយ​ក្រុមការងារ​របស់​អូ​ឌី​ស៊ី​ តែងតែ​សប្បាយ​រីករាយ​ក្នុង​ការ​ជួយ​ណែនាំ​ដល់​ពួក​គាត់​។​ លោកស្រី​ ហេង​ ហ៊ុយ​អេ​ង​ នាយក​ផ្នែក​ IT​ និង​ គេហទំព័រ​ ក៏​បាន​ចែករំលែក​ពី​វិធី​រាយការណ៍​ពី​បញ្ហា​មួយ​ចំនួន​ របស់​ CKAN​ ឬ​ WordPress​ ផង​ដែរ​។​

​ថ្ងៃ​ដំបូង​នៃ​សិក្ខាសាលា​នេះ​ មាន​ភាព​សប្បាយ​រីករាយ​ ហើយ​ពួក​គាត់​ទាំងអស់​គ្នា​ រំភើប​ ដែល​បាន​ជួបជុំ​គ្នា​ ជាមួយ​ក្រុមការងារ​នៃ​ OD​ ទាំងអស់​ ជាមួយនឹង​អាហារ​ពេល​ល្ងាច​ដ៏​អស្ចារ្យ​មួយ​ នៅ​លើ​ទូក​តាម​ដង​ទន្លេមេគង្គ​។​

​ថ្ងៃ​ទី​ពីរ​ បាន​ចាប់ផ្តើម​ជាមួយ​ផ្នែក​ដ៏​ស្រស់​ស្អាត​នៃ​ទិន្នន័យ​៖​ ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​!​ លោក​ Daniel​ Aboagye​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​នៃ​អូ​ឌី​ស៊ី​ បាន​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​ ដែល​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​ ហើយ​បាន​បន្ត​ពន្យល់​ពី​របៀប​ប្រើប្រាស់​ និង​គូសបញ្ជាក់​អំពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​កម្មវិធី​ទាំងអស់​។​ កម្មវិធី​ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​ ដែល​ល្អ​ គួរ​រួម​បញ្ចូល​ធាតុ​ដូច​ជា​ ព័ត៌មាន​ រឿងរ៉ាវ​ដែល​ជាប់​ពាក់ព័ន្ធ​ គោលដៅ​ និង​ទម្រង់​ដែល​មើលឃើញ​។​ ប៉ុន្តែ​គួរ​ត្រូវ​ប្រើ​ដ្យា​ក្រាម​ ប្រភេទ​មួយ​ណា​?​ លោក​ Daniel​ បាន​បង្ហាញ​ពី​ទម្រង់​នៃ​កម្មវិធី​ការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​ ដែល​សាក​សម​សម្រាប់​ប្រធានបទ​ផ្សេងៗ​គ្នា​។​ គន្លឹះ​មួយ​ចំនួន​គឺ​៖​ ផែនទី​ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ ក្នុង​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​ និង​ជួយ​សម្រួល​ព័ត៌មាន​ឱ្យ​មាន​ភាព​សាមញ្ញ​!​ ដូច្នេះ​ អ្នកចូលរួម​បាន​រៀន​បង្កើត​ផែនទី​សាមញ្ញ​មួយ​ និង​បង្កើន​ជំនាញការ​ធ្វើ​ទិន្នន័យ​ឱ្យ​ក្លាយជា​រូបភាព​មើលឃើញ​។​

​នៅ​ពេល​រសៀល​ គឺជា​វគ្គ​ដ៏​សំខាន់​សម្រាប់​សមាជិក​ OD​ ទាំងអស់​។​ នៅ​ក្នុង​វគ្គ​នេះ​ ក្រុមការងារ​ទាំងមូល​បាន​យល់​ដឹង​អំពី​ការ​ជោគជ័យ​ និង​ការ​តាមដាន​របស់​អូ​ឌី​ស៊ី​ ដែល​ជា​វេទិកា​ទិន្នន័យ​ប្រភព​បើក​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ចែករំលែក​ពី​របៀប​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូរ​ និង​វិធី​ផ្សព្វផ្សាយ​ផលិតផល​ដល់​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃ​ទៀត​។​ លោកស្រី​ ឌុ​ច​ សុធា​វី​ន​ មន្ត្រី​ស្រាវជ្រាវ​ និង​ ភាព​ជា​ដៃគូរ​ របស់​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​សកម្មភាព​ផ្សព្វផ្សាយ​ទាំងអស់​ ដែល​អូ​ឌី​ស៊ី​កំពុង​ធ្វើ​ ហើយ​បាន​ចែករំលែក​ក្រុមការងារ​អំពី​របៀប​ ដើម្បី​លើកកម្ពស់​គេហទំព័រ​ជាមួយ​សាកលវិទ្យាល័យ​នានា​ ក្នុង​នាម​ជា​អ្នក​ធ្វើ​បទ​បង្ហាញ​ ជាដើម​។​ ក្រៅពី​ភាព​ជោគជ័យ​ លោក​ ធី​ ទ្រី​ ក៏​បាន​ចែករំលែក​នូវ​បញ្ហា​ប្រឈម​ និង​មេរៀន​មួយ​ចំនួន​ ដែល​ទទួល​បាន​ពី​ក្រុមការងារ​ផង​ដែរ​។​

​យើង​មាន​សេចក្តី​សោម​ន្ស​រីករាយ​ណាស់​ ដែល​បាន​ជួប​ជាមួយ​ក្រុមការងារ​ទិន្នន័យ​បើក​ទូលាយ​ទាំងអស់​ ហើយ​រង់ចាំ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នា​ពេល​អនាគត​!