ក្រសួងការងារអំពាវនាវកម្មករកុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៧កញ្ញា
គណបក្សប្រឆាំងបានកំណត់យកថ្ងៃទី៧ ខែកញ្ញា ជាថ្ងៃធ្វើបាតុកម្មអហិង្សា ដោយមានបន្ថែមការជួបជុំស្មិងស្មាធិ៍ទូទាំងប្រទេស ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការ បោះឆ្នោត។ មានស្ថាប័នជាតិធំៗជាច្រើន បានចេញលិខិតបន្តបន្ទាប់ ដើម្បីជំរុញឲ្យពលរដ្ឋរក្សាសន្តិសុខ ស្ថិរភាពសង្គម។
ស្របគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ក៏បានចេញលិខិតមួយ អំពាវនាវឲ្យកម្មករទាំងអស់កុំស្តាប់ការញុះញង់របស់អ្នកនយោបាយ ចូលរួមធ្វើបាតុកម្ម ដោយត្រូវរក្សាភាពនឹងនរ និងបន្តការងាររបស់ខ្លួនជាធម្មតា។ អង្គការឃ្លាំមើលសិទ្ធិការងារ បញ្ជាក់ថា កម្មករក៏ដូចពលរដ្ឋទូទៅដែរ គឺមានសិទ្ធិចូលរួមធ្វើបាតុកម្មអហិង្សាដូចគ្នា តាមច្បាប់រដ្ឋធម្មនុញ្ញ ហើយស្នើសុំឲ្យស្ថាប័នសាធារណៈ ឬបុគ្គលសាធារណៈ ត្រូវរក្សាជំហរឲ្យបានអព្យាក្រឹត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់អង្គការ សហជីព និងកម្មករនិយោជិក និងនិយោជកទាំងអស់ ត្រូវរក្សាភាពនឹងនរ ស្ងៀមស្ងាត់ កុំចូលរួមបាតុកម្មតាមការញុះញង់ និងអូសទាញរបស់អ្នកនយោបាយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី៧ ខែកញ្ញា ធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគេជឿថា កម្មកររោងចក្រអាចជាកម្លាំងចលករមួយចូលរួមក្នុងហ្វូងបាតុកម្មនោះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំឲ្យកម្មករអត់ធ្មត់ ទុកឲ្យគណបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ដោះស្រាយតាមនីតិវិធី និងស្របច្បាប់ជាធរមាន ហើយកម្មករទាំងអស់ត្រូវបន្តបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ចៀសវាងការចូលរួមតាមការញុះញង់អូសទាញ និងការឃោសនារបស់អ្នកនយោបាយ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ជីវភាពរបស់កម្មករ។…