ក្រសួង​ការងារ​អំពាវនាវ​កម្មករ​កុំ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៧​កញ្ញា

គណបក្ស​ប្រឆាំង​បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​មាន​បន្ថែម​ការ​ជួប​ជុំ​ស្មិងស្មាធិ៍​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះ​ឆ្នោត។ មាន​ស្ថាប័ន​ជាតិ​ធំៗ​ជាច្រើន បាន​ចេញ​លិខិត​បន្តបន្ទាប់ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិសុខ ស្ថិរភាព​សង្គម។ ស្រប​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា ក៏​បាន​ចេញ​លិខិត​មួយ អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​កុំ​ស្តាប់​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ត្រូវ​រក្សា​ភាព​នឹងនរ និង​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ការងារ បញ្ជាក់​ថា កម្មករ​ក៏​ដូច​ពលរដ្ឋ​ទូទៅ​ដែរ គឺ​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ដូច​គ្នា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ស្នើសុំ​ឲ្យ​ស្ថាប័ន​សាធារណៈ ឬ​បុគ្គល​សាធារណៈ ត្រូវ​រក្សា​ជំហរ​ឲ្យ​បាន​អព្យាក្រឹត។ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​អង្គការ សហជីព និង​កម្មករ​និយោជិក និង​និយោជក​ទាំងអស់ ត្រូវ​រក្សា​ភាព​នឹងនរ ស្ងៀមស្ងាត់ កុំ​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះញង់ និង​អូស​ទាញ​របស់​អ្នក​នយោបាយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​ជឿ​ថា កម្មករ​រោងចក្រ​អាច​ជា​កម្លាំង​ចលករ​មួយ​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​នោះ។ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​កម្មករ​អត់ធ្មត់ ទុក​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដោះស្រាយ​តាម​នីតិវិធី និង​ស្រប​ច្បាប់​ជា​ធរមាន ហើយ​កម្មករ​ទាំងអស់​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ចៀសវាង​ការ​ចូល​រួម​តាម​ការ​ញុះញង់​អូស​ទាញ និង​ការ​ឃោសនា​របស់​អ្នក​នយោបាយ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ។…

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/ministry-of-labor-appeals-to-workers-do-not-join-demostration-09042013032856.html