គណបក្សជំទាស់៖លទ្ធផលបោះឆ្នោតគ្មានតម្លាភាពនឹងនាំឲ្យគាំងដំណើរការបង្កើតរដ្ឋសភា និងរដ្ឋាភិបាល
វ៉ាស៊ីនតោន — គណបក្សជំទាស់បានអះអាងថា ការប្រកាសលទ្ធផលបោះឆ្នោតដែលគ្មានការស៊ើបអង្កេតដោយតម្លាភាព ជាមុននោះនឹងនាំឲ្យមានការគាំងដំណើរបង្កើតរដ្ឋសភានិងរដ្ឋាភិបាល ហើយនឹងគ្មានការទទួលស្គាល់ជាអន្តរជាតិ។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា គណបក្សទាំងពីរនៅមានច្រកមួយទៀតគឺដំណោះស្រាយតាមរយៈជំនួបនៃ មេដឹកនាំកំពូល។ ដោយសារតែលទ្ធផលបោះឆ្នោតដែលមានរឿងភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើន កើតឡើងហើយមិនត្រូវគេស៊ើបអង្កេតមុននឹងប្រកាសលទ្ធផលបោះឆ្នោតដែល ផ្តល់ជ័យជម្នះទៅឲ្យគណបក្សប្រជាជនកម្ពុជានោះ ក្រុមមេដឹកនាំគណបក្ស ជំទាស់បានព្រមានថា ពួកគេនឹងមិនចូលរួមប្រជុំសភាដំបូងដើម្បីបង្កើតសភានិង រដ្ឋាភិបាលថ្មីទេ ដែលបញ្ហានេះត្រូវគេគិតថា នឹងធ្វើឲ្យមានការជាប់គាំងនយោ បាយ ឬការបង្ខំចិត្តរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបង្កើតសភា និងរដ្ឋា ភិបាលថ្មីមួយដោយសំឡេងឯកបក្សដែលសហគមន៍អន្តរជាតិទំនងជាមិនទទួល ស្គាល់ឲ្យបានទូលំទូលាយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការចុង ក្រោយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយវិវាទរឿងការបោះឆ្នោតដែល គណបក្សជំទាស់ថា ជាការដោះស្រាយគ្មានយុត្តិធម៌នោះ។ ការប្រកាសនោះគឺ ដូចគ្នានឹងលទ្ធផលផ្លូវការដំបូងគឺគណបក្សប្រជាជនកម្ពុជារបស់លោក នាយក រដ្ឋមន្ត្រីហ៊ុន សែនឈ្នះបាន៦៨អាសនៈក្នុងចំណោម១២៣អាសនៈក្នុងសភា ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ។ មេដឹកនាំគណបក្សជំទាស់បានច្រានចោលការប្រកាសនោះភ្លាមៗ ហើយអះអាងថា ប្រសិនបើគ្មានការដោះស្រាយឲ្យបានយុត្តិធម៌ទេ ពួកគេនឹងមិនចូលប្រជុំសភាឡើយ ហើយនឹងធ្វើមហាបាតុកម្មតវ៉ាបន្តទៀត។…