គ.ជ.ប.ពន្យារ​ពេល​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឆ្នាំ​២០១៣ នៅ​តាម​សាលា​ឃុំ-សង្កាត់ នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ (គ.ជ.ប) គ្រោង​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ ប្រទេស​ផង​ដែរ។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​លើក​ពេល​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​ក្រោយ ដោយ​ពុំ​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់។ ការ​ពន្យារ​ពេល​នេះ បាន​ធ្វើ​ឡើង​ស្រប​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ក្បួន​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នាយកដ្ឋាន​បណ្ដុះ​បណ្ដាល និង​ព័ត៌មាន​សាធារណៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៣។ ប៉ុន្តែ វគ្គ​បណ្ដុះ​បណ្ដាល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​មាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ៖ «ខ្ញុំ ​ត្រូវ​ទៅ​រៀន​នៅ​ថ្ងៃ​ស្អែក​នេះ ឥឡូវ​ផ្អាក​វិញ​មិន​ដឹង​ថា​ថ្ងៃ​ណា​ត្រូវ​ទេ ប៉ុន្តែ​ត្រូវ​តែ​ទៅ ប៉ុន្តែ​ត្រូវ​តែ ព្រោះ​ខាន​មិន​បាន​ទេ ព្រោះ​មួយ​ឆ្នាំៗ​មាន​ការ​កែ​នីតិវិធី​បន្តិចៗ គ.ជ.ប ជូន​ដំណឹង​មក​ថា ផ្អាក​សិន ចាំ​ឲ្យ​ដំណឹង​មក​ពេល​ក្រោយ​ទៀត»។ មន្ត្រី​លេខាធិការដ្ឋាន​រាជធានី​ខេត្ត ដែល​ត្រូវ​ចូល​រួម​រៀន​សូត្រ​នោះ ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ ពួក​គេ​នឹង​យក​ចំណេះ​វិជ្ជា​ទាំង​នោះ​ទៅ​បង្ហាត់​បង្រៀន​បន្ត​ដល់​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​នៅ​តាម​មូលដ្ឋាន។..

សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/nec-delays-to-train-about-check-and-register-voter-09162013055851.html