តុលាការ​សម្រេច​ដោះលែង​យុវជន​ជាប់​ចោទ​៤​នាក់

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ចេញ​ដីកា​នៅ​ថ្ងៃ​ទី២០ ខែ​សីហា សម្រេច​ដោះ​លែង​យុវជន ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តាម​ការ​ទាមទារ​របស់​មេធាវី និង​គ្រួសារ​របស់​ពួក​គេ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​សាទរ​ចំពោះ​ការ​ដោះ​លែង ហើយ​ស្នើសុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ទាំង​នោះ​ឲ្យ​ផុត​បទ​ចោទ។ យុវជន ៤​នាក់ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ ផ្ដួល​រំលំ​រដ្ឋាភិបាល ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដោះ​លែង​កាល​ពី​រសៀល​ថ្ងៃ​ទី២០ ខែ​សីហា តាម​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ចៅក្រម​នៃ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ។ លោក សេង នាង បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​យុវជន ៤​នាក់ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្តី និង​គ្រួសារ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ត្រូវ​មាន​វត្តមាន​គ្រប់​ពេល​ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ។ ក្រោយ​ពី​ដោះ​លែង យុវជន​ទាំង ៤​នាក់​មិន​ត្រូវ​បាន​ផ្តល់​បទ​សម្ភាសន៍​ភ្លាមៗ​ដល់​អ្នក​កាសែត​ទេ។ ពួក​គេ​ត្រូវ​បាន​ដឹក​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ដោយ​ស្ងាត់ៗ គេច​ពី​ក្រុម​អ្នក​កាសែត និង​ក្រុម​យុវជន​ដែល​គាំទ្រ​នៅ​មុខ​ពន្ធនាគារ ហើយ ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដឹក​ទៅ​ស្នាក់​ការ​អង្គការ​លីកាដូ (Licadho)។ លោក ទត់ ចាន់បញ្ញា យុវជន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​ត្រូវ​ដោះ​លែង ប្រាប់​អ្នក​កាសែត​នៅ​មុខ​ស្នាក់​ការ​អង្គការ​លីកាដូ ដោយ​អះអាង​ថា លោក​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ លោក​មិន​បាន​ឆ្លើយ​សំណួរ ថា​តើ​ពិត​ជា​ស្គាល់ និង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក សួន សេរីរដ្ឋា ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឬ​ក៏​អត់?៖ «ខ្ញុំ​អត់​បាន​ធ្វើ​ខុស គ្រាន់​តែ​ប៉ុណ្ណឹង»។…

http://www.rfa.org/khmer/news/politics/4suspects-freed-on-bail-08202013002513.html