បក្សសង្គ្រោះជាតិនិងអាជ្ញាធរមិនទាន់ត្រូវរ៉ូវគ្នារឿងធ្វើបាតុកម្ម
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរធ្វើបាតុកម្ម ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ខាងមុខ បើទោះបីជាសំណើសុំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងនេះ នៅមិនទាន់មានការសម្រេចផ្លូវការពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យធ្វើនៅឡើយ។
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្រ្តីគណបក្សសង្គ្រោះជាតិ គ្រោងជួបចរចាគ្នាម្តងទៀតនៅព្រឹកថ្ងៃទី២១ ខែតុលា ស្តីពីសំណើធ្វើមហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃ ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា កិច្ចចរចាចំនួន ៣លើករវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ជាមួយមន្រ្តីសាលារាជធានីភ្នំពេញ នៅមិនទាន់បានលទ្ធផលអ្វីនៅឡើយទេចំពោះសំណើសុំធ្វើមហាបាតុកម្ម អហិង្សា ៣ថ្ងៃជាប់គ្នា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា។
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានដាក់លិខិតសុំជួបចរចាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែតុលា។ ប៉ុន្តែដោយជាប់រវល់បេសកម្មចែកអំណោយឲ្យពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តកំពង់ធំ លោក កឹម សុខា បានអវត្តមានក្នុងកិច្ចចរចានោះ ហើយចាត់ឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិ ប្រមាណ ៧នាក់ ទៅចូលរួមចរចាជំនួស។
យ៉ាងណាមន្រ្តីសាលារាជធានីភ្នំពេញ មិនព្រមបើកកិច្ចប្រជុំឡើយ ហើយសម្រេចរំសាយកិច្ចប្រជុំនោះភ្លាមៗ និងបានប្រកាសលើកពេលចរចាជាមួយគណបក្សសង្គ្រោះជាតិម្តងទៀត នៅព្រឹកថ្ងៃទី២១ ខែតុលា ព្រមទាំងទទូចឲ្យលោក កឹម សុខា ចូលរួមកិច្ចប្រជុំនោះជាដាច់ខាត។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មយ៉ាងតិច ៣ថ្ងៃនៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ បើទោះបីជាគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។…
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html