បក្ស​សង្គ្រោះ​ជាតិ​និង​អាជ្ញាធរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ បើ​ទោះ​បី​ជា​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ឡើយ។ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ចរចា​គ្នា​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ស្តីពី​សំណើ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ចំនួន ៣​លើក​រវាង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​ អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។ ប៉ុន្តែ​ដោយ​ជាប់​រវល់​បេសកម្ម​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​អវត្តមាន​ក្នុង​កិច្ច​ចរចា​នោះ ហើយ​ចាត់​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៧​នាក់ ទៅ​ចូល​រួម​ចរចា​ជំនួស។ យ៉ាង​ណា​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ មិន​ព្រម​បើក​កិច្ច​ប្រជុំ​ឡើយ ហើយ​សម្រេច​រំសាយ​កិច្ច​ប្រជុំ​នោះ​ភ្លាមៗ និង​បាន​ប្រកាស​លើក​ពេល​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ព្រម​ទាំង​ទទូច​ឲ្យ​លោក កឹម សុខា ចូល​រួម​កិច្ច​ប្រជុំ​នោះ​ជា​ដាច់​ខាត។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​យ៉ាង​តិច ៣​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់ បើ​ទោះ​បី​ជា​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ។…

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html