បក្សសង្គ្រោះជាតិប្ដឹងមេឃុំបក្សប្រជាជននៅបាត់ដំបង
គណបក្សសង្គ្រោះជាតិ បានប្ដឹងមេឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ទាក់ទិនករណីយកសន្លឹកឆ្នោតទៅបង្រៀនប្រជាពលរដ្ឋជាច្រើននាក់ ឲ្យចេះគូស និងបង្ខំឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំបាយដំរាំ ហើយបានចោទប្រកាន់មេឃុំមួយរូបពីបទគំរាមកំហែងប្រជាពលរដ្ឋ ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង លោក សា សុបិន ថ្លែងថា កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា មេឃុំបាយដំរាំ លោក ងុង ឆាន់លី និងសមាជិកក្រុមប្រឹក្សាឃុំ បានកោះហៅប្រជាពលរដ្ឋជាង ៥០នាក់ យកទៅបង្រៀនឲ្យចេះគូសសន្លឹកឆ្នោតនៅសាលាបឋមសិក្សាទួលច្រនៀង៖ «ព្រឹក មិញនេះ មេឃុំគេប្រមូលប្រជាពលរដ្ឋបង្រៀនគូសសន្លឹកឆ្នោត។ មេឃុំបាយដំរាំ ហើយនិងសមាជិកក្រុមប្រឹក្សាឃុំចុះទៅប្រមូលប្រជាពលរដ្ឋប្រហែលជា ៥០នាក់ ហើយគេយកសន្លឹកឆ្នោតគំរូហ្នឹងទៅបង្រៀន ហើយចំណុចចុងក្រោយគេថា កុំឲ្យភ្លេចបោះឆ្នោតឲ្យគណបក្សប្រជាជន កុំឲ្យគូសក្រៅតែពីគណបក្សប្រជាជន»។… ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន គូសបញ្ជាក់ថា តាមគោលការណ៍ច្បាប់ មេឃុំជាអាជ្ញាធរដែនដី ហើយការកោះហៅប្រជាពលរដ្ឋទៅបង្រៀនឲ្យគូសសន្លឹកឆ្នោតនោះ គឺជាការអនុវត្តផ្ទុយនឹងច្បាប់៖ «ប៉ុន្តែអានេះមិនដឹងថា គាត់ទៅក្នុងនាទីជាស្អី ព្រោះថា យើងវាមានប្រធានក្រុមប្រឹក្សាឃុំ មានមេឃុំ រឿងគាត់លាលែងយ៉ាងម៉េច យើងអត់ទាន់ដឹងច្បាស់លាស់ទេ មូលហេតុអីបានគាត់ហ៊ាន។ អ៊ីចឹង អ្វីក៏ដោយ យើងពុំអាចធ្វើបុរេនិច្ឆ័យពូជបានទេ យើងចាំមើលអង្គហេតុពាក់ព័ន្ធនឹងអង្គច្បាប់បានអាចធ្វើបាន»។…
សួន សុផលមុន្នី
http://www.rfa.org/khmer/news/law/cnrp-sue-commune-chief-of-cpp-07062013072436.html