បក្ស​សង្គ្រោះ​ជាតិ​ប្ដឹង​មេ​ឃុំ​បក្ស​ប្រជាជន​នៅ​បាត់ដំបង

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​មេ​ឃុំ​បាយដំរាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ទាក់ទិន​ករណី​យក​សន្លឹក​ឆ្នោត​ទៅ​បង្រៀន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ឲ្យ​ចេះ​គូស និង​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ​ឃុំ​បាយដំរាំ ហើយ​បាន​ចោទ​ប្រកាន់​មេ​ឃុំ​មួយ​រូប​ពី​បទ​គំរាម​កំហែង​ប្រជាពលរដ្ឋ ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក សា សុបិន ថ្លែង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា មេ​ឃុំ​បាយដំរាំ លោក ងុង ឆាន់លី និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ជាង ៥០​នាក់ យក​ទៅ​បង្រៀន​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​នៅ​សាលា​បឋម​សិក្សា​ទួលច្រនៀង៖ «ព្រឹក ​មិញ​នេះ មេ​ឃុំ​គេ​ប្រមូល​ប្រជាពលរដ្ឋ​បង្រៀន​គូស​សន្លឹក​ឆ្នោត។ មេ​ឃុំ​បាយដំរាំ ហើយ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចុះ​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រហែល​ជា ៥០​នាក់ ហើយ​គេ​យក​សន្លឹក​ឆ្នោត​គំរូ​ហ្នឹង​ទៅ​បង្រៀន ហើយ​ចំណុច​ចុង​ក្រោយ​គេ​ថា កុំ​ឲ្យ​ភ្លេច​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន កុំ​ឲ្យ​គូស​ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន»។… ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន គូស​បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់ មេ​ឃុំ​ជា​អាជ្ញាធរ​ដែនដី ហើយ​ការ​កោះ​ហៅ​ប្រជាពលរដ្ឋ​ទៅ​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់៖ «ប៉ុន្តែ​អា​នេះ​មិន​ដឹង​ថា គាត់​ទៅ​ក្នុង​នាទី​ជា​ស្អី ព្រោះ​ថា យើង​វា​មាន​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ មាន​មេ​ឃុំ រឿង​គាត់​លាលែង​យ៉ាង​ម៉េច យើង​អត់​ទាន់​ដឹង​ច្បាស់​លាស់​ទេ មូលហេតុ​អី​បាន​គាត់​ហ៊ាន។ អ៊ីចឹង អ្វី​ក៏ដោយ យើង​ពុំ​អាច​ធ្វើ​បុរេនិច្ឆ័យ​ពូជ​បាន​ទេ យើង​ចាំ​មើល​អង្គហេតុ​ពាក់ព័ន្ធ​នឹង​អង្គ​ច្បាប់​បាន​អាច​ធ្វើ​បាន»។…

សួន សុផលមុន្នី
http://www.rfa.org/khmer/news/law/cnrp-sue-commune-chief-of-cpp-07062013072436.html