ព្រះសង្ឃប្រមាណ៦០០អង្គនៅតែបន្តចូលរួមមហាបាតុកម្មអហិង្សា
ព្រះសង្ឃច្រើនរយអង្គបានចូលរួមមហាបាតុកម្មអហិង្សាគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ បើទោះជាមានសង្ឃប្រកាស និងសេចក្តីណែនាំជាបន្តបន្ទាប់របស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក៏ដោយ។
ព្រះសង្ឃប្រមាណជា ៦០០អង្គ និមន្តមកពីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ ចំនួនព្រះសង្ឃដែលចូលរួមក្នុងមហាបាតុកម្មលើកនេះ នៅតែមានចំនួនច្រើន បើធៀបទៅនឹងមហាបាតុកម្មលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។
ក្នុងចំណោមព្រះសង្ឃដែលចូលរួមខ្លះមានកាន់ទៀន ធូប ផ្កាឈូក ទង់ជាតិព្រះពុទ្ធសាសនា និងព្រះសង្ឃខ្លះទៀត មានកាន់បដាដែលសរសេរថា ពួកយើងត្រូវការយុត្តិធម៌ សច្ចធម៌ សេរីភាព និងសន្លឹកឆ្នោតពិត ជីវិតខ្ញុំ ជាដើម។
ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្តមកពីវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងមហាបាតុកម្ម បានមានថេរដីកាថា ព្រះអង្គមានសេចក្តីរីករាយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ព្រោះវាជាបាតុកម្មអហិង្សា ដើម្បីទាមទាររកយុត្តិធម៌អោយម្ចាស់ឆ្នោត។ ព្រះអង្គបន្តថា ព្រះអង្គចូលរួមដើម្បីទាមទារសិទ្ធិសេរីភាពអោយប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដើម្បីអោយរួចផុតពីការគាបសង្កត់របស់មេដឹកនាំសព្វថ្ងៃ។
ព្រះតេជព្រះគុណថា ព្រះតេជព្រះគុណមិនព្រួយបារម្ភថា មន្ត្រីសង្ឃក្នុងវត្តនឹងដាក់ទោសព្រះអង្គ បន្ទាប់ពីព្រះអង្គចូលរួមមហាបាតុកម្មឡើយ ហើយព្រះអង្គនឹងប្ដេជ្ញាធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់៖ «បើតាមអាត្មាដឹងនៅវត្តរបស់អាត្មាអត់មានហាម ឃាត់អីទេ អាត្មាភាពអត់មានភ័យព្រួយអីទាំងអស់ រឿងអាត្មាគឺផ្សេង សម្ដេចសង្ឃលោកស្ថិតនៅក្នុងបក្ស អ៊ីចឹងលោកអាចត្រូវតែធ្វើតាមអ្វីដែលគេអោយធ្វើហើយ អាត្មាភាព គឺផ្សេងមិនដូចសម្ដេចសង្ឃទេ គឺស្ថិតតាមការយល់ឃើញរបស់អាត្មាផ្ទាល់»។
ព្រះតេជព្រះគុណ គឹម សុត្ថេរ មានថេរដីកាបន្ថែមថា ធម៌អហិង្សា គឺជាគោលការណ៍របស់ព្រះពុទ្ធសាសនា ដូច្នេះការចូលរួមរបស់ព្រះសង្ឃក្នុងមហាបាតុកម្មអហិង្សាមិនបាន ប្រាសចាកនឹងទ្រឹស្ដីព្រះពុទ្ធសាសនាឡើយ ព្រោះវាជាការទាមទារប្រកបដោយសន្តិវិធី។…
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html