ព្រះសង្ឃ​ប្រមាណ​៦០០​អង្គ​នៅ​តែ​បន្ត​ចូល​រួម​មហា​បាតុកម្ម​អហិង្សា

ព្រះសង្ឃ​ច្រើន​រយ​អង្គ​បាន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​មាន​សង្ឃ​ប្រកាស និង​សេចក្តី​ណែនាំ​ជា​បន្តបន្ទាប់​របស់​គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ឲ្យ​ចូល​រួម​ក៏ដោយ។ ព្រះសង្ឃ​ប្រមាណ​ជា ៦០០​អង្គ និមន្ត​មក​ពី​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ សង្គ្រោះ​ជាតិ។ ចំនួន​ព្រះសង្ឃ​ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​លើក​នេះ នៅ​តែ​មាន​ចំនួន​ច្រើន បើ​ធៀប​ទៅ​នឹង​មហា​បាតុកម្ម​លើក​ទី១ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​ចំណោម​ព្រះសង្ឃ​ដែល​ចូល​រួម​ខ្លះ​មាន​កាន់​ទៀន ធូប ផ្កា​ឈូក ទង់ជាតិ​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ខ្លះ​ទៀត មាន​កាន់​បដា​ដែល​សរសេរ​ថា ពួក​យើង​ត្រូវ​ការ​យុត្តិធម៌ សច្ចធម៌ សេរីភាព និង​សន្លឹក​ឆ្នោត​ពិត ជីវិត​ខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្ត​មក​ពី​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ព្រោះ​វា​ជា​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​ចូល​រួម​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំងអស់ ដើម្បី​អោយ​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​មេ​ដឹក​នាំ​សព្វថ្ងៃ។ ព្រះតេជព្រះគុណ​ថា ព្រះតេជព្រះគុណ​មិន​ព្រួយ​បារម្ភ​ថា មន្ត្រី​សង្ឃ​ក្នុង​វត្ត​នឹង​ដាក់​ទោស​ព្រះអង្គ បន្ទាប់​ពី​ព្រះអង្គ​ចូល​រួម​មហា​បាតុកម្ម​ឡើយ ហើយ​ព្រះអង្គ​នឹង​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់៖ «បើ​តាម​អាត្មា​ដឹង​នៅ​វត្ត​របស់​អាត្មា​អត់​មាន​ហាម​ ឃាត់​អី​ទេ អាត្មា​ភាព​អត់​មាន​ភ័យ​ព្រួយ​អី​ទាំងអស់ រឿង​អាត្មា​គឺ​ផ្សេង សម្ដេច​សង្ឃ​លោក​ស្ថិត​នៅ​ក្នុង​បក្ស អ៊ីចឹង​លោក​អាច​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​គេ​អោយ​ធ្វើ​ហើយ អាត្មា​ភាព គឺ​ផ្សេង​មិន​ដូច​សម្ដេច​សង្ឃ​ទេ គឺ​ស្ថិត​តាម​ការ​យល់​ឃើញ​របស់​អាត្មា​ផ្ទាល់»។ ព្រះតេជព្រះគុណ គឹម សុត្ថេរ មាន​ថេរ​ដីកា​បន្ថែម​ថា ធម៌​អហិង្សា គឺ​ជា​គោលការណ៍​របស់​ព្រះពុទ្ធ​សាសនា ដូច្នេះ​ការ​ចូល​រួម​របស់​ព្រះសង្ឃ​ក្នុង​មហា​បាតុកម្ម​អហិង្សា​មិន​បាន​ ប្រាសចាក​នឹង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ឡើយ ព្រោះ​វា​ជា​ការ​ទាមទារ​ប្រកប​ដោយ​សន្តិវិធី។…

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html