លោក ស ខេង ព្រមានថានឹងមានបញ្ហា ប្រសិនបើការចរចាជាប់គាំង
កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា នឹងមាន“ បញ្ហា” ប្រសិនបើលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនវិលទៅតុចរចា ដើម្បីស្វែងរកដំណោះស្រាយចំពោះការជាប់គាំងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងជុំវិញភាពមិនប្រក្រតី អំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដាទេនោះ។ លោក ស ខេង បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារំាង និងអាល្លឺម៉ង់ ជាលក្ខណៈឯកជន និងដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញនិងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានលើកឡើងកាលពីថ្ងៃអាទិត្យថា គម្រោងឲ្យមានគណៈកម្មាធិការមួយ ដែលមានគណបក្សចម្រុះចូលរួម ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត ត្រូវបានបោះបង់ចោល។ គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ខ្លួនក៏ជាអ្នកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដែរនោះ កំពុងទាមទារឲ្យអង្គការសហប្រជាជាតិចូលរួមពាក់ព័ន្ធនៅក្នុងគណៈកម្មាធិការណាមួយ ដើម្បីស៊ើបអង្កេតលើអ្វីដែលខ្លួនលើកឡើងថា ជាភាពមិនប្រក្រតីដែលកើតមានគ្រប់ទីកន្លែងនៅក្នុងថ្ងៃបោះឆ្នោត ជាលក្ខខណ្ឌមួយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធមិនព្រមធ្វើតាម។ កាលពីម្សិលមិញ លោក ស ខេង បានគាំទ្រសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបានមានប្រសាសន៍នៅក្រសួងមហាផ្ទៃ ដោយមានមន្ត្រីអមសងខាងថា “ខ្ញុំបានចរចាជាមួយលោក សម រង្ស៊ី តាមទូរស័ព្ទ ហើយបានប្រាប់គាត់ថា ប្រសិនបើយើងច្រានចោលយន្តការ ដែលមានប្រាប់របស់គ.ជ.ប. ហើយព្យាយាមស្វែងរកយន្តការមួយផ្សេងទៀតនោះ នឹងមានបញ្ហាកាន់តែច្រើន”។ លោកបានមានប្រសាសន៍ទៀតថា “គ្មានលក្ខខណ្ឌចាំបាច់ ដែលតម្រូវឲ្យអ្នកនេះ ឬអ្នកនោះចូលរួមឡើយ”។ លោក ស ខេង មិនបានមានប្រសាសន៍លម្អិតថា “ បញ្ហា” ដែលលោកសំដៅនោះជាអ្វីទេ ប៉ុន្តែមានប្រសាសន៍ទៀតថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាអាចនឹងរងផលប៉ះពាល់ ដោយសារស្ថានភាពជាប់គាំងនាពេលបច្ចុប្បន្ន។…