លោក​សម រង្ស៊ី​ប្តូរ​ពី​មហា​បាតុកម្ម​មក​សមាធិ

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​កាលពី​ ម្សិលមិញ​ថា មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា នឹង​មាន​លក្ខណៈ​ស្ងប់ស្ងាត់ ដោយ​អ្នក​ចូលរួម​រាប់ពាន់​នាក់​នឹង​ចូលរួម​ក្នុង​ពិធី​បន់ស្រន់​និង« សមាធិ»។ បើទោះបីជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លើក ឡើង​ថា សេចក្តី​សម្រេច​នេះ​ធ្វើ​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​អំពាវនាវ​ឲ្យ​មាន​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់ អ្នក​ដទៃ​ទៀត​មើល​ឃើញ​យុទ្ធសាស្ត្រ​នេះ​ថា​ជា​ការ​បន្ទន់​ជំហរ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដូច​នេះ​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​សន្ទុះ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ម្សិលមិញ​ថា៖ «អ្វី​ដែល​យើង​ហៅ​ថា បាតុកម្ម​អហិង្សា និង​សន្តិវិធី នឹង​មាន​ស្មារតី​ជា​ពិធី​សមាធិ ហើយ​បួងសួង​ទូទាំង​ប្រទេស»។ លោក បាន​បន្ថែម​ថា​៖ «យើង​ត្រូវ​គោរព​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ។ ដូច្នេះ យើង​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​បង្ក​ចលាចល​ទេ ប៉ុន្តែ យើង​មាន​ជំនឿ​ថា នឹង​គ្មាន​ចលាចល​ទេ គ្មាន​អំពើ​ហិង្សា​ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ទេ»។ លោក សម រង្ស៊ី បាន​បន្ថែម​ថា បាតុកម្ម ដែល​នឹង​បន្ត​ទាមទារ​ឲ្យ​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត នឹង ចាប់​ផ្តើម​ពី​ម៉ោង ៨ ព្រឹក ដល់ ១១ ថ្ងៃ​ត្រង់ នៅ​សួន​សេរីភាព ហើយ​លោក​បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​អ្នក​ទាំង​ឡាយ​ដែល​ចូលរួម​ក្នុង ពិធី​ត្រូវ​លះបង់​មធ្យោបាយ​ហិង្សា។ អ្នក​ចូលរួម​កុំ​ឲ្យ​កាន់​អ្វី​ដែល​អាច​ប្រើ​ជា​អាវុធ ប៉ុន្តែ​កាន់​ទៀន ធូប និង​ផ្កា​វិញ។…

http://www.postkhmer.com/index.php/national/1-national-news/103355-2013-09-03-03-42-00