អាមេរិក​គាំទ្រ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត

ខណៈ​ដែល​ប្រទេស​ជា​មិត្ត និង​ជា​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​ផ្ញើ​លិខិត​អបអរសាទរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ អាណត្តិ​ទី ៥​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​មិន​ផ្ញើ​សារ​អបអរសាទរ​លទ្ធផល​ឆ្នោត​ដូច​ប្រទេស​ឯ​ទៀត​ទេ ថែម​ទាំង​សង្ស័យ​ថា ដំណើរ​ការ​បោះ​ឆ្នោត​នេះ​មិន​ប្រក្រតី​ច្រើន ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ លើ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ និង​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ និង​បាន​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់ គ.ជ.ប។ ការ​គាំទ្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ និង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ ក្នុង​បទ​អត្ថាធិប្បាយ​ប្រចាំ​សប្ដាហ៍​របស់ លោក លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស ក្នុង​គេហទំព័រ​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៤ សីហា និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ចុះ​ផ្សាយ​បន្ត​នៅ​ក្នុង​កាសែត​រស្មី​ កម្ពុជា និង​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន បង្ហាញ​ពី​អារម្មណ៍​របស់​លោក និង​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​បាន​សរសេរ​ថា លោក​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម និង​ប្រកប​ដោយ​សន្តិភាព ក្នុង​ការ​ជ្រើស​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។ ហើយ​បាន​បន្ត​ថា ក្នុង​ថ្ងៃ​បោះ​ឆ្នោត គណបក្ស​ទាំងអស់​បាន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ប្រជាជន និង​អ្នក​គាំទ្រ​គណបក្ស​ទាំងអស់​នោះ ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​បរិយាកាស​សន្តិសុខ​មួយ។ តែ​លោក​បាន​បញ្ជាក់​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​ ទាំង​នោះ។ លោក វីល្លៀម ថត៖ «ប្រជាពលរដ្ឋ​គួរ​តែ​មាន​មោទនភាព​ចំពោះ​ការ​បោះ​ ឆ្នោត​ជាតិ ដែល​បង្ហាញ​ដល់​ពិភពលោក ស្ដីពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​គេ ក្នុង​ការ​ជ្រើស​រើស​ដោយ​សេរី​នូវ​មន្ត្រី​ដែល​ជាប់​ឆ្នោត​របស់​គេ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះ​ ឆ្នោត​ដែរ។ អាស្រ័យ​ហេតុ​នេះ សហរដ្ឋ​អាមេរិក គាំទ្រ​នូវ​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ពេញ​លេញ និង​មាន​តម្លាភាព​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នោះ។ ជាមួយ​នេះ​ផង​ដែរ ដើម្បី​ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ទៅ​មុខ វា​មាន​សារសំខាន់​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​កែទម្រង់​ជា​បន្ទាន់ ដើម្បី​កែប្រែ​នូវ​កំហុស​ឆ្គង​ផ្សេងៗ»។ ឯកអគ្គរដ្ឋទូត​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​ មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​កាល​ពី​ឆ្នាំ​ទៅ ដូច​ជា​ការ​កែ​តម្រូវ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ធ្វើ​ឲ្យ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ មាន​ភាព​ឯករាជ្យ និង​មាន​តម្លាភាព​ជាដើម៖ «ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ រដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​អនុសាសន៍​សំខាន់ៗ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដូច​ជា​ការ​កែប្រែ​បញ្ជី​អ្នក​បោះ​ឆ្នោត និង​ឲ្យ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្មាន​ភាព​ លម្អៀង និង​មាន​តម្លាភាព​ជាដើម។ គ្រប់​ប្រជាធិបតេយ្យ ត្រូវ​មាន​ការ​វិវឌ្ឍន៍​បន្ត និង​មាន​ការ​លើក​កម្ពស់ ហើយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ»។…

http://www.rfa.org/khmer/news/politics/usa-supports-to-investigate-irregularity-of-election-08072013020528.html