អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​បឋម គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​​កាសែត​មួយ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បឋម​នេះ ហើយ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ។ ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ជុំវិញ​ដំណើរ​ការ​ និង​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ។ បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​មិន​ទទួល ​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ពី​ ភាព​មិន​ប្រក្រតី​រួច​មក មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បាន​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ដល់​សំណើ​នេះ​ផង​ដែរ។ លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រាល់​ករណី​មិន​ប្រក្រតី​ទាំង​ឡាយ។ លោក​បាន​ឱ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា៖ “សហរដ្ឋ​អាមេរិក សូម​កោត​សរសើរ​ប្រជាជន​កម្ពុជា ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម និង​ដោយ​សន្តិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស និង​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​បន្ត​ធ្វើ​ការ​តាម​លក្ខណៈ​សន្តិភាព និង​មាន​សណ្ដាប់ធ្នាប់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ប្រក្រតី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​ រាយការណ៍​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​យើង​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​កំហុស​ដែល​កើត​មាន​ជា​ប្រព័ន្ធ ដូចជា​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា​ជាដើម។ ដោយ​មាន​ភាព​មិន​ប្រក្រតី​តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​សង្កេតការណ៍ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញលេញ និង​មាន​តម្លាភាព​មួយ​ដែល​នឹង​អាច​ទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ ទាំង​អស់”។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​ជាន់​ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការ​សោក​ស្ដាយ​ចំពោះ​ភាព​មិន​ ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​ចំ​ពោះ​ការ​បោះ​ឆ្នោត បើ​ទោះ​បី​ជា​សហគមន៍​អឺរ៉ុប​សាទរ​ចំពោះ​ភាព​ស្ងប់​ស្ងាត់​ និង​សន្តិភាព​នៅ​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោយ។ អ្នកស្រី ខាតស្រ៊ីន អាសថុន៖ “យើង​សោក​ស្តា​យ​ដែល​អាជ្ញាធរ​មិន​បាន​ធ្វើ​សកម្មភាព​ចាំបាច់​មួយ​ចំនួន ដើម្បី​ដោះ​​ស្រាយ​កំហុស​ធំៗ​ ដូច​ជា​ការ​ធ្វើ​ឱ្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​កាន់​តែ​មាន​ភាព​ទុក​ចិត្ត​បាន ការ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើ​ភាព និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ ដែល​រួម​មាន​ការ​ចូល​រួម​ឃោសនា​របស់​មន្ត្រី​រដ្ឋ​និង​យោធា​ជាដើម”

http://www.rfa.org/khmer/news/politics/usa-supports-mix-commission-2investigate-poll-result-07312013041146.html