អាមេរិកបញ្ជាក់ថា ការចូលរួមប្រជុំសភា មិនមែនមានន័យថាទទួលស្គាល់លទ្ធផលបោះឆ្នោតទេ
សហរដ្ឋអាមេរិក បញ្ជាក់នៅថ្ងៃចន្ទនេះថា ការចូលរួមសម័យប្រជុំសភា មិនមែនមានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ ដោយសហរដ្ឋអាមេរិកបន្តស្នើឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាព នូវភាពមិនប្រក្រតីនានា ទាក់ទងនឹងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨កក្កដា។ នៅព្រឹក ថ្ងៃចន្ទនេះ លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បាន ចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភាជាតិនីតិកាលទី៥ ក្រោមព្រះរាជាធិបតី របស់ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី។ សេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិក ចេញផ្សាយនៅថ្ងៃតី២៣ខែកញ្ញានេះ ឲ្យដឹងថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ស្ថានទូតអាមេរិក នៅតែបន្ត ស្នើឲ្យត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត។ ការត្រួតពិនិត្យនេះ នឹងផ្តល់ ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថែមទៀតទៅលើ ប្រព័ន្ធបោះឆ្នោត។…
ស៊ុន ណារិន
http://vodhotnews.com/16300