អ្នកសង្កេតការណ៍ប្រមាណ១សែននាក់ចូលរួមសង្កេតការណ៍បោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍គណបក្សនយោបាយ ប្រមាណជិត ១សែននាក់ ចូលរួមឃ្លាំមើលបរិយាកាសបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ អ្នកសង្កេតការណ៍បោះឆ្នោតនឹងអង្កេតមើលពីភាពស្របច្បាប់នៃដំណើរការ បោះឆ្នោត វាយតម្លៃការបោះឆ្នោត និងផ្តល់អនុសាសន៍អំពីការបោះឆ្នោត ដើម្បីធ្វើឲ្យការបោះឆ្នោតបន្តបន្ទាប់ទៀតមានភាពល្អប្រសើរ។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា មានប្រសាសន៍ថា គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិមានចំនួនប្រមាណជាង ៤ម៉ឺននាក់ មកពី ៣៩អង្គការ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១៤នាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ហើយ។ គ.ជ.ប កំពុងសិក្សាផ្តល់សិទ្ធិអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ១០០នាក់ផ្សេងទៀត មកពី ២២ប្រទេស។ អ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក ទេព នីថា អះអាងថា ចំនួនអ្នកសង្កេតការណ៍អន្តរជាតិបានថយចុះ ប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០០៨ ដែលមានចំនួន ៥០០នាក់។ លោក ទេព នីថា បន្តទៀតថា អ្នកសង្កេតការណ៍បោះឆ្នោតមានតួនាទីផ្ទៀងផ្ទាត់ពីភាពស្របច្បាប់នៃ ដំណើរការបោះឆ្នោត និងជាសាក្សីនៃការបោះឆ្នោត៖ «អ្នកសង្កេតការណ៍ ខ្លះជាអ្នកសង្កេតការណ៍រយៈពេលវែង ដែលគាត់អាចសិក្សាបានច្បាប់ដឹងពីរៀបចំពីចម្ងាយមក ហើយក៏មានអ្នកខ្លះមកតែពីរបីថ្ងៃ នៅថ្ងៃបោះឆ្នោតទេ។ យើងក៏មានភ្ញៀវសម្រាប់ការបោះឆ្នោតដែរ»។ លោកបន្តថា សម្រាប់គណបក្សនយោបាយចូលរួមការបោះឆ្នោត ក៏អាចឃ្លាំមើលការបោះឆ្នោតបានដែរ។ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍តំណាងគណបក្សនយោបាយជាង ៤ម៉ឺននាក់ ចូលរួមអង្កេតការណ៍បោះឆ្នោត។ សម្រាប់អ្នកសង្កេតការណ៍តំណាងគណបក្សនយោបាយ ក្រៅពីអង្កេតការណ៍បោះឆ្នោត ពួកគេអាចដាក់បណ្ដឹងពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។ លោកបណ្ឌិត ហង្ស ពុទ្ធា គណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា និចហ្វិក (Nicfec) មានប្រសាសន៍ថា អង្គការលោកនឹងដាក់អ្នកសង្កេតការណ៍ចំនួន ១.២០០នាក់ សម្រាប់ឃ្លាំមើលការបោះឆ្នោត។ លោកបន្តថា អ្នកសង្កេតការណ៍របស់ និចហ្វិក នឹងពិនិត្យលើនីតិវិធីនៃការបោះឆ្នោត ភាពមិនប្រក្រតី និងបរិយាកាសបោះឆ្នោត៖ «បង្ហាញជូនជាសាធារណៈ ដើម្បីឲ្យសាធារណជនជាម្ចាស់ឆ្នោតហ្នឹង ដឹងការបោះឆ្នោតប្រព្រឹត្តទៅដូចម្តេច»។ លោក ទេព នីថា បានអះអាងថា ចំនួនអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតអាណត្តិទី៥ នេះ តិចធៀបនឹងអាណត្តិទី៤ ឆ្នាំ២០០៨ ដោយសារតែកម្ពុជា បានរៀបចំការបោះឆ្នោតច្រើនលើកមកហើយ។ ដូច្នោះ ប្រទេសមួយចំនួនមិនសូវចាប់អារម្មណ៍។ លោកបន្តថា ប្រទេសម្ចាស់ជំនួយមួយចំនួន ក៏បានផ្តល់ថវិកាជួយដំណើរការបោះឆ្នោតផងដែរ។…
http://www.rfa.org/khmer/news/politics/election-observers-07262013011734.html