ឈ្មួញបន្ទាបតម្លៃស្រូវពេលការនាំចេញអង្ករទៅ EU ធ្លាក់ចុះ៣៣ភាគរយ
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបងនិងមន្រ្តីសង្គមស៊ីវិលដែលធ្វើការជាមួយកសិករខ្មែរបានអះអាងថាឈ្មួញកណ្តាលបានប្រើប្រាស់ព័ត៌មាននៃការយកពន្ធនៃការនាំចេញអង្ករទៅសហភាពអឺរ៉ុបមកបន្ទាបតម្លៃស្រូវរបស់ពួកគេ។ ការលើកឡើងរបស់កសិករ កើតឡើងស្របពេលដែលការនាំចេញអង្កររបស់កម្ពុជា ទៅសហភាពអឺរ៉ុបបានធ្លាក់ចុះប្រមាណ១០ម៉ឺនតោន គឺប្រហែល៣៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ក្រោយការយកពន្ធរបស់សហភាពអឺរ៉ុប។ កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករប្រមាណ៣០ម៉ឺនតោនទៅសហភាពអឺរ៉ុប ដែលមានប្រមាណ៤៣ភាគរយនៃការនាំចេញអង្ករសរុបទៅក្រៅប្រទេសរបស់កម្ពុជាប្រមាណ៦៣ម៉ឺនតោន។ ប៉ុន្តែការធ្លាក់ចុះការនាំចេញអង្ករទៅអឺរ៉ុបត្រូវបានជំនួសដោយការនាំទៅប្រទេសចិនមានចំនួនប្រមាណ២៥ម៉ឺនតោន ដែលច្រើនជាងគេនៃការនាំចេញ គឺស្មើប្រមាណ៤១ភាគរយ។ …