ខណៈកូដកម្មនៅរោងចក្រផលិតស្បែកជើង វីងស្តារ ក្នុងខេត្តកំពង់ស្ពឺ ចូលដល់ថ្ងៃទី៣ កម្មកររោងចក្របិទផ្លូវ
កាលពីម្សិលមិញ កម្មកររោងចក្ររាប់ពាន់នាក់នៅរោងចក្រផលិតស្បែកជើង វីងស្តារ បានបិទផ្លូវទៅកាន់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺអស់រយៈពេលពីរម៉ោង ។ ពួកគេទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់បន្ថែមត្រឹមប្រាំដុល្លារ និងអនុវត្តច្បាប់ការងារឲ្យបានត្រឹមត្រូវ បន្ទាប់ពីការចរចាសម្របសម្រួលបានបរាជ័យកាលពីថ្ងៃអង្គារ។ ក្រុមមន្ត្រីបានឲ្យដឹងថា នេះជាថ្ងៃទី៣ហើយនៅក្នុងជម្លោះមួយដែលមានកម្មកររាប់ពាន់នាក់បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រ វីងស្តារ។ លោក ផន ផល អគ្គលេខាធិការរងនៅសហជីពសេរីកម្មករ ដែលបានរៀបចំកូដកម្មនេះបានមានប្រសាសន៍ថា “យើងបានបិទផ្លូវដើម្បីជំរុញឲ្យក្រុមហ៊ុនស្វែងរកដំណោះស្រាយមួយតាមការទាមទាររបស់កម្មករ។ យើងមិនចង់តវ៉ាទេ ប៉ុន្តែយើងគ្មានជម្រើស ដើម្បីទទួលបានដំណោះស្រាយសមស្របមួយពីម្ចាស់ក្រុមហ៊ុន” ។ លោកបានឲ្យដឹងទៀតថា កម្មករបានឈរត្រៀបត្រានៅលើផ្លូវជាតិលេខ៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៩ព្រឹក។ …