សាលារាជធានីចង់ឲ្យធនាគារពិភពលោកនិង NGO ផ្ដល់សំណងដល់គ្រួសារដែលខ្លួនបណ្ដេញចេញ
តំណាងប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋ៣.០០០គ្រួសារដែលត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញនៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានលើកឡើងកាលពីម្សិលមិញថា មន្ត្រីសាលារាជធានី ដែលទីបំផុតទទួលខុសត្រូវចំពោះការបណ្ដេញប្រជាពលរដ្ឋយ៉ាងច្រើនចេញពីដីធ្លីរបស់ខ្លួន បានប្រាប់ពួកគាត់ថា ពួកគេនឹងស្នើឲ្យធនាគារពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលជួយផ្ដល់សំណងដល់ពួកគាត់។ អតីតអ្នកភូមិប្រមាណ២០នាក់ ដែលអះអាងថា ខ្លួនតំណាងឲ្យប្រជាពលរដ្ឋជាង១.២០០គ្រួសារដែលបានបាត់បង់ផ្ទះសំបែងរបស់ខ្លួន នៅពេលសាលារាជធានីបណ្ដេញពួកគាត់ចេញ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យឯកជនរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជានោះបាននិយាយថា លោក កើត ឆែ ប្រធានខុទ្ទកាល័យសាលារាជធានីបានលើកឡើងពីគំនិតស្នើសុំឲ្យធនាគារពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលជួយផ្ដល់សំណងអំឡុងកិច្ចប្រជុំមួយនៅឯសាលារាជធានី។ អ្នកស្រី សៀ ណារ៉េត ដែលស្ថិតក្នុងចំណោមស្ត្រីដែលបានជួបជាមួយលោក កើត ឆែ និងមន្ត្រីផ្សេងៗទៀតបានលើកឡើងថា “ពួកគេបានប្រាប់យើងថា ពួកគេនឹងចាប់ដៃគូជាមួយធនាគារពិភពលោក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយសម្រាប់ពួកយើង ប៉ុន្តែពួកគេមិនដឹងថា ពួកគេអាចជួយយើងបានដោយរបៀបណានៅឡើយទេ”។ ធនាគារពិភពលោកបានទទួលស្គាល់ថា កំហុសឆ្គងរបស់ខ្លួននៅក្នុងការរៀបចំនិងការអនុវត្តគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីមួយដែលខ្លួនផ្ដល់មូលនិធិនៅក្នុងប្រទេសកម្ពុជាបានរួមចំណែកនៅក្នុងការធ្វើឲ្យប្រជាពលរដ្ឋនៅបឹងកក់បាត់បង់សិទ្ធិទទួលបានដីធ្លីស្របច្បាប់របស់ពួកគាត់។ ទោះជាយ៉ាងណា មានការតវ៉ាចាប់តាំងពីពេលនោះមកថា កិច្ចប្រឹងប្រែងរបស់ធនាគារនេះ ដើម្បីជួយដល់គ្រួសារទាំងនេះ ត្រូវបានរាំងស្ទះដោយសារតែកង្វះកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/11634/