ម្ចាស់ក្រុមហ៊ុនស្នើសុំឲ្យលោក ហ៊ុន សែន លុបបំបាត់សិទ្ធិបង្កើតសហជីពរបស់កម្មករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ម្ចាស់ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលកាលពីម្សិលមិញថា លោកនឹងមិនអត់ឱនចំពោះការធ្វើកូដកម្មខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់វិនិយោទុនទេ ប៉ុន្តែលោកមិនបានពិចារណាពីសំណើសុំឲ្យកម្ពុជាដកខ្លួនចេញពីអនុសញ្ញាមួយរបស់អង្គការសហប្រជាជាតិដើម្បីការពារសិទ្ធិបង្កើតសហជីពរបស់កម្មករនោះទេ។ ថ្លែងនៅឯវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៧ លោក ហ៊ុន សែន ក៏បានចាត់ទុកគណបក្សប្រឆាំងជាក្រុមជ្រុលនិយមដែលបានបង្កភាពចលាចល ដោយការញុះញង់កម្មកររោងចក្រកាត់ដេរឲ្យចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ អំឡុងពេលធ្វើកូដកម្មទូទាំងប្រទេសកាលពីពីរខែមុន។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ គណបក្សប្រឆាំង និងសហជីពរបស់គេបានប្រើគោលនយោបាយប្រជាភិថុតិ ដោយការយកកម្មករធ្វើជាឧបករណ៍នយោបាយ និងបានញុះញង់ឲ្យមានការធ្វើកូដកម្មខុសច្បាប់ជាពិសេស កូដកម្មទាមទារប្រាក់ខែគោលច្រើនហួសហេតុ ដែលមានបំណងបំផ្លាញបរិយាកាសវិនិយោគ ផលប្រយោជន៍របស់កម្មករ-និយោជក និងឱកាសការងារសម្រាប់យុវជន”។ … លោក ណាង សុធី ដែលជាប្រធានក្រុមការងារផ្នែកទំនាក់ទំនងឧស្សាហកម្ម និងជាអនុប្រធានគណៈកម្មាធិការប្រឹក្សាការងាររបស់រដ្ឋាភិបាលដែរនោះ បានប្រើរបាយការណ៍របស់លោកសម្រាប់លោក ហ៊ុន សែន ដើម្បីបង្ហាញកង្វល់អំពីការធ្វើកូដកម្មក្នុងឧស្សាហកម្មកាត់ដេរ។ បន្ទាប់មកលោក ណាង សុធី បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាពីឋានៈរបស់ប្រទេសកម្ពុជាជាហត្ថលេខីនៅក្នុងអនុសញ្ញាលេខ៨៧របស់អង្គការពលកម្មអន្តរជាតិដែលធានាសិទ្ធិរបស់កម្មករក្នុងការបង្កើត និងចូលរួមនៅក្នុងសហជីព។ អនុញ្ញារបស់អង្គការពលកម្មអន្តរជាតិនេះត្រូវបានកម្ពុជាអនុម័តកាលពីខែសីហាឆ្នាំ១៩៩៩។ …
ហ៊ុល រស្មី និង Alex Willemyns
http://www.cambodiadailykhmer.com/news/11505/