កម្ពុជា​-វៀតណាម-​ឡាវ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​មរកត

ភាគី​វៀតណាម​សុំ​ឲ្យ​ភាគី​កម្ពុជា​ និង​ឡាវ​រួម​ទាំង​ភាគី​វៀតណាម​ខ្លួន​ឯង​ផង ខិតខំ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ទៅ​កាន់​ដំបន់​អភិវឌ្ឍន៍​ ត្រី​កោណ​មរកត ដើម្បី​តភ្ជាប់​សេវា​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​បី ដែល​មាន​ព្រំប្រទល់​ជាប់​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​មួយ​នេះ។ ការ​ ស្នើសុំ​នេះ​ធ្វើ​ឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សាន​ភក់ (Nguyen Xuan Phuc) នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ទាំង​បី ធ្វើ​ឡើង​នៅ​ខេត្ត​ដាក់ឡាក់ (Dak Lak) ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២១ មេសា។ កាសែត​វៀតណាម​មួយ​ឈ្មោះ វៀតណាម​ ញូវស៍ (Vietnam News) ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មេសា ថា កិច្ចប្រជុំ​នេះមាល​បំណង​កសាង​និង​ពង្រឹង​ដៃគូ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ មរកត ផ្ដោតលើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ដំណាំ​កាហ្វេ​និង​កៅស៊ូ ព្រម​ទាំង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ព្រំដែន និង​ធនធាន​មនុស្ស​ជាដើម។ តំបន់​ត្រី​កោណ​មរកត ស្ថិត​នៅភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​​ប្រទេស​បី កម្ពុជា ឡាវ និង​វៀតណាម ​ដែលមាន​ប្រជាពលរដ្ឋ​នៃ​ប្រទេសទាំង​បីចំនួន ​​​១៣​ខេត្ត រស់នៅ។ គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​មរកត​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៩។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧប​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សាន​ភក់ បាន​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​គម្រោង​ប្លង់​មេ​ដែល​អនុតមិ​ដោយ​ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​បី និង​បញ្ចូល​គម្រោង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​បីចូល​ទៅ​ ថ្នាក់​តំបន់ ធ្វើ​យ៉ាង​ណា​ការពារ​បរិស្ថាន កាត់បន្ថយ​ភាព​ក្រីក្រប្រជា​ពលរដ្ឋ​ សម្រួល​​​នីតិវិធីរដ្ឋបាល​មូលដ្ឋាន​ និង​ពង្រឹង​សន្តិសុខ​ព្រំដែន នៅ​តំបន់​នោះ៕

វោហារ ជាតិ
http://www.rfa.org/khmer/news/social-economy/economic-social-04222014063621.html