ចំណុចល្អនិងចំណុចអាក្រក់របស់លោក ម៉ុក ម៉ារ៉េត ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន
រុមអ្នកស្រាវជ្រាវ ឬឃ្លាំមើលការអភិវឌ្ឍសង្គម និងសង្គមស៊ីវិលខ្លះដែលធ្វើការងារការពារបរិស្ថាន និងធនធានធម្មជាតិ បានលើកឡើងពីផលវិជ្ជមាន និងអវិជ្ជមានរបស់ លោក ម៉ុក ម៉ារ៉េត នៅអំឡុងពេលលោកធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្មានអាណត្តិមកនេះ។ អ្នកឃ្លាំមើល សង្គមមួយចំនួនបានបង្ហាញថា សកម្មភាពការងាររបស់ លោក ម៉ុក ម៉ារ៉េត មានផលវិជ្ជមានតិចតួច ប៉ុន្តែផលអវិជ្ជមានបានកើតមានច្រើនគគោក ឬស្ទើររលាយហិនហោចបរិស្ថាន ឬធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ ប៉ុន្តែការលើកឡើងនេះ ត្រូវ លោក ម៉ុក ម៉ារ៉េត ច្រានចោល។ លោក ម៉ុក ម៉ារ៉េត បានធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣។ ទើបតែក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះទេដែល លោក ម៉ុក ម៉ារ៉េត ត្រូវបានផ្ទេរតំណែងទៅកាន់តួនាទីថ្មីជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឬគណៈកម្មការទី៣ នៃរដ្ឋសភានីតិកាលទី៥។ លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ បានឲ្យដឹងថា សកម្មភាព ឬផលវិជ្ជមានរបស់ លោក ម៉ុក ម៉ារ៉េត បីអាណត្តិមកនេះមានតិចតួចបំផុត។ ផលវិជ្ជមានទាំងនោះមានដូចជា ឃើញមានបង្កើត ឬធ្វើជាគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួនពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេស លោក ម៉ុក ម៉ារ៉េត បានធ្វើកិច្ចការតាក់តែងគោលនយោបាយ និងតាក់តែងច្បាប់ ដើម្បីការពារបរិស្ថាន ជាដើម មានចំនួនច្រើន និងមានសកម្មភាពជាហូរហែដែរ។ លោក កែម ឡី បន្ថែមថា ផលវិជ្ជមានផ្សេងទៀតដែលមានការចាប់អារម្មណ៍ពីសាធារណជនរបស់ លោក ម៉ុក ម៉ារ៉េត គឺចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ បញ្ហានេះ លោក ម៉ុក ម៉ារ៉េត បានរៀបចំឲ្យមានយន្តការទប់ស្កាត់ និងការពារបម្រែបម្រួលទាំងនេះ។ បន្ថែមលើនេះ លោកបានរៀបចំឲ្យមានតំបន់ថែរក្សាអភិរក្សព្រៃឈើ និងតំបន់ការពារសត្វព្រៃនៅតាមខេត្តមួយចំនួនផង។ ក្នុងនោះមានផ្ទៃដីជាង ៣លានហិកតារ ដែលត្រូវចាត់ទុកជាតំបន់ការពារបរិស្ថាន៖ «ភាគច្រើនការផ្តល់ដី សម្បទានសេដ្ឋកិច្ចហ្នឹង គឺមិនបានរៀបចំឲ្យមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាក់ស្តែង ទេ។ ផ្ទុយទៅវិញ គឺផ្តល់សិទ្ធិអំណាចនៃការវាយតម្លៃពីផលប៉ះពាល់បរិស្ថានទៅឲ្យ ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច។ អ៊ីចឹងបើក្រុមហ៊ុនហ្នឹងបម្រុងនឹងធ្វើ ឬអភិវឌ្ឍកន្លែងហ្នឹងហើយ អ៊ីចឹងធ្វើម៉េចបានជាចេញលទ្ធផលអវិជ្ជមានអំពីការវាយតម្លៃផល ប៉ះពាល់បរិស្ថាន។ អាកន្លែងហ្នឹងដែលឃើញមានបញ្ហាច្រើនកន្លងមក»។ យ៉ាង ណាក៏ដោយ អ្នកស្រាវជ្រាវសង្គមរូបនេះសង្កត់ធ្ងន់ថា ចំពោះផលអវិជ្ជមានដែល លោក ម៉ុក ម៉ារ៉េត រងការរិះគន់ខ្លាំងនោះ គឺទាក់ទងទៅនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យវិនិយោគទុន ដែលមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានស៊ីជម្រៅជាមុននោះទេ។ លោក កែម ឡី ថ្លែងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក ម៉ុក ម៉ារ៉េត កន្លងមក គឺមិនបានវាយតម្លៃទៅលើផលប៉ះពាល់ទេ។ ទោះបីតំបន់ខ្លះដែលអាចអភិវឌ្ឍទៅជាតំបន់បរិស្ថានបែបទេសចរណ៍ ធម្មជាតិ ក៏អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន រូបនេះមិនខ្វល់ដែរ ដោយបានប្រែក្លាយតំបន់ដែលមានសក្ដានុពលទេសចរណ៍ ទៅជាតំបន់វារីអគ្គិសនី ឬអភិវឌ្ឍន៍វិស័យផ្សេងៗ។ អ្នកវិភាគរូប នេះបានលើកជាឧទាហរណ៍ដូចនៅប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ និងវៀតណាម ជាដើម ដែលប្រទេសគេមានតំបន់ ឬទីកន្លែងអាចផ្តល់សក្ដានុពលដល់វិស័យទេសចរណ៍ គឺគេអភិវឌ្ឍតំបន់នោះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ ភ្ញៀវទេសចរ ខុសប្លែកតែប្រទេសកម្ពុជា៖ «ហើយតំបន់មួយចំនួនដែលត្រូវជាតំបន់ ទេសចរណ៍ធម្មជាតិ ដែលអាចថែរក្សាបរិស្ថានបានច្រើននោះ ក្លាយទៅជាតំបន់វារីអគ្គិសនីទៅវិញ។ អាហ្នឹងយើងឃើញថា ខូចខាតធ្ងន់ច្រើនហើយនៅក្នុងកំឡុងពេលនៃការអភិវឌ្ឍហ្នឹង បើនៅវៀតណាម ឬឥណ្ឌូនេស៊ី វិញ គឺគេអភិវឌ្ឍបានល្អ ហើយគេបានថែរក្សាគម្របព្រៃឈើហ្នឹងពី ១២ ទៅដល់ ១៧ភាគរយ នៃគម្របព្រៃឈើទាំងមូល។ ក៏ប៉ុន្តែយើងហ្នឹង គឺហិនហោចខ្ពស់បំផុត»។…
ដែន អយុធ្យា
http://www.rfa.org/khmer/news/environment/profile-of-mok-mareth-04232014011119.html