សកម្មជន ២នាក់ ក្នុង ២១នាក់ ឃុំខ្លួននៅត្រពាំងផ្លុងឈឺធ្ងន់
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច ដោយមានលេខកូដ c ៣០០១២៣១ និយាយដោយញ័រដៃនិងមាត់ទទ្រើក លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងចំណោមជនរងគ្រោះ ២១ នៅក្នុងការបង្ក្រាបរបស់កម្លាំងទាហានឆត្រយោង ៩១១ បាននិងកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរចំពោះមុខរបួសចាស់ដែលពុំបានទៅជួបគ្រូពេទ្យតាមកំណត់។ ដោយត្អូញពីជំងឺ លោក វន់ ពៅ ថ្លែងថា លោកឈឺផ្តើមចុកចាប់កាន់តែខ្លាំងឡើងៗ ក្នុងរយៈពេល ៣ថ្ងៃ កន្លងមកនេះដែលបានធ្វើឲ្យរូបលោកស្រែកទ្រហោក្នុងបន្ទប់ពន្ធនាគារ។ លោកថា៖ «ពេទ្យនៅក្នុងពន្ធាគារនេះយ៉ាប់ជាងពេទ្យនៅក្នុងសម័យ ប៉ុល ពត ទៀតគឺគ្មានអ្វីទាល់តែសោះ។ គេអាចធ្វើបាបផ្លូវចិត្តនិងរូបរាងកាយរបស់ខ្ញុំ ខ្ញុំអាចនឹងស្លាប់នៅថ្ងៃណាមួយដោយសារជំងឺនេះ ដូច្នេះសូមមេត្តាដោះលែងខ្ញុំ ដើម្បីទៅព្យាបាលគ្រាន់មានជីវិតរស់នៅធ្វើការបម្រើសង្គមក្នុងនាមជាអ្នកតស៊ូមតិផង»។ លោក ពៅ បានរៀបរាប់ថា នៅក្នុងពន្ធនាគារពុំអាចទទួលព័ត៌មានអ្វីទាំងអស់ព្រោះឆ្មាំគុកហាមមិនឲ្យស្តាប់វិទ្យុឬក៏ទទួលព័ត៌មានពីខាងក្រៅនោះទេ។ បន្ទាប់ពីលួចសរសេរសំបុត្រផ្ញើចេញមកក្រៅតាមរយៈភរិយាដើម្បីបង្ហោះនៅលើទំព័រ ហ្វេសប៊ុក សម្តែងនូវការអគុណអ្នកដែលបានគាំទ្ររូបលោកនោះលោក ពៅ ត្រូវបានមន្ត្រីពន្ធនាគារហាមមិនឲ្យកាន់ប៊ិក សៀវភៅតទៅទៀតទេ ហើយមន្ត្រីពន្ធនាគារដែលមានភាពស្និទ្ធស្នាលនឹងរូបលោកក៏ត្រូវបានគេប្តូរចេញដែរ។ លោកថា៖ «សព្វថ្ងៃនេះគេដាក់សម្ពាធផ្លូវចិត្តដល់រូបខ្ញុំ សព្វបែបយ៉ាង។ ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរមេត្តាដោះលែងរូបខ្ញុំឲ្យបានឆាប់ខ្ញុំគ្មានកំហុសអ្វីនោះទេ»។ លោកបានថ្លែងថា ថ្មីៗនេះទណ្ឌិតទាំងអស់បានកែប្រែតិចតួចចំពោះរបបអាហារ បន្ទាប់ពីលោករិះគន់អំពីការចម្អិនអាហារ ដោយពុំមានម្ហូបអ្វីក្រៅអំពីត្រីស្អុយៗ ហើយប្រៃ ប៉ុន្តែក្រោយមក ក៏ត្រូវបានគេឲ្យហូបត្រីស្រស់វិញបន្ទាប់ពី លោកបានប្រាប់ទៅមន្ត្រីរបស់អង្គការសហប្រជាជាតិដែលបានមកសួរសុខទុក្ខរូបលោក។ «អ្នកទោសស្ទើរតែទាំងអស់ហើម ឈឺស្ពឹកលើសឈាមដោយសារតែពុំបានទទួលអាហារគ្រប់គ្រាន់និងខ្វះជីវជាតិ»។ … ជាការឆ្លើយតបទៅនឹងការលើកឡើងអំពីបញ្ហាគ្រូពេទ្យនោះលោក គៀ សុវណ្ណា ប្រធានពន្ធនាគារមណ្ឌលអប់រំកែប្រែ ទី៣ ត្រពាំងផ្លុង ថ្លែងថា ក្នុងពន្ធនាគាររបស់លោកមានគ្រូពេទ្យប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ហើយមានថ្នាំព្យាបាលគ្រប់មុខ។«យើងមិនត្រឹមតែព្យាបាលទណ្ឌិតទេ យើងព្យាបាលពលរដ្ឋនៅក្រៅទៀតផង»។ លោកបន្តថា ទាក់ទិនករណីដែលគាត់ពុំទទួលបានព័ត៌មានដោយសារតែពួកគាត់ចៅក្រមពុំទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ ប្រសិនបើពួកគាត់ត្រូវបានបិទនូវការស៊ើបអង្កេតពួកគាត់អាចចេញមកក្រៅអានសៀវភៅនៅបណ្ណាល័យដូចទណ្ឌិតដទៃទៀតដែរ។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/111466-2014-03-05-03-53-58