សកម្មជន​ ២​នាក់​ ក្នុង​ ២១​នាក់​ ឃុំខ្លួន​នៅ​ត្រពាំង​ផ្លុ​ង​ឈឺ​ធ្ងន់​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹកក្រូច​ ដោយ​មាន​លេខ​កូដ​ c​ ៣០០១២៣១​ និយាយ​ដោយ​ញ័រ​ដៃ​និង​មាត់​ទទ្រើក​ លោក​ វន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ ២១​ នៅ​ក្នុង​ការ​បង្ក្រាប​របស់​កម្លាំង​ទាហាន​ឆត្រយោង​ ៩១១​ បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​មុខរបួស​ចាស់​ដែល​ពុំ​បាន​ទៅ​ជួប​គ្រូពេទ្យ​តាម​កំណត់​។​ ​ដោយ​ត្អូញ​ពី​ជំងឺ​ លោក​ វន់​ ពៅ​ ថ្លែង​ថា​ លោក​ឈឺ​ផ្តើម​ចុកចាប់​កាន់តែ​ខ្លាំង​ឡើងៗ​ ក្នុង​រយៈពេល​ ៣​ថ្ងៃ​ កន្លង​មកនេះ​ដែល​បាន​ធ្វើ​ឲ្យ​រូប​លោក​ស្រែក​ទ្រហោ​ក្នុង​បន្ទប់​ពន្ធនាគារ​។​ លោក​ថា​៖​ «​ពេទ្យ​នៅ​ក្នុង​ព​ន្ធា​គារ​នេះ​យ៉ាប់​ជាង​ពេទ្យ​នៅ​ក្នុង​សម័យ​ ប៉ុ​ល​ ពត​ ទៀត​គឺ​គ្មាន​អ្វី​ទាល់តែ​សោះ​។​ គេ​អាច​ធ្វើបាប​ផ្លូវចិត្ត​និង​រូបរាង​កាយ​របស់ខ្ញុំ​ ខ្ញុំ​អាច​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ​ដោយសារ​ជំងឺ​នេះ​ ដូច្នេះ​សូម​មេត្តា​ដោះ​លែង​ខ្ញុំ​ ដើម្បី​ទៅ​ព្យាបាល​គ្រាន់​មានជីវិត​រស់នៅ​ធ្វើការ​បម្រើ​សង្គម​ក្នុង​នាម​ជា​អ្នកតស៊ូ​មតិ​ផង​»​។​ ​លោក​ ពៅ​ បាន​រៀបរាប់​ថា​ នៅ​ក្នុង​ពន្ធនាគារ​ពុំ​អាច​ទទួល​ព័ត៌មាន​អ្វី​ទាំងអស់​ព្រោះ​ឆ្មាំ​គុក​ហាម​មិន​ឲ្យ​ស្តាប់​វិទ្យុ​ឬ​ក៏​ទទួល​ព័ត៌មាន​ពី​ខាងក្រៅ​នោះ​ទេ​។​ ​បន្ទាប់​ពី​លួច​សរសេរ​សំបុត្រ​ផ្ញើ​ចេញ​មក​ក្រៅ​តាម​រយៈ​ភរិយា​ដើម្បី​បង្ហោះ​នៅ​លើ​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​ សម្តែង​នូវ​ការ​អគុណ​អ្នក​ដែល​បាន​គាំទ្រ​រូប​លោក​នោះ​លោក​ ពៅ​ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ហាម​មិន​ឲ្យ​កាន់​ប៊ិក​ សៀវភៅ​តទៅ​ទៀត​ទេ​ ហើយ​មន្ត្រី​ពន្ធនាគារ​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​រូប​លោក​ក៏​ត្រូវ​បាន​គេ​ប្តូរ​ចេញ​ដែរ​។​ លោក​ថា​៖​ «​សព្វ​ថ្ងៃនេះ​គេ​ដាក់​សម្ពាធ​ផ្លូវចិត្ត​ដល់​រូប​ខ្ញុំ​ សព្វបែបយ៉ាង​។​ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មេត្តា​ដោះ​លែង​រូប​ខ្ញុំ​ឲ្យ​បាន​ឆាប់​ខ្ញុំ​គ្មាន​កំហុស​អ្វី​នោះ​ទេ​»​។​ លោក​បាន​ថ្លែង​ថា​ ថ្មីៗ​នេះ​ទណ្ឌិត​ទាំងអស់​បាន​កែប្រែ​តិចតួច​ចំពោះ​របប​អាហារ​ បន្ទាប់​ពី​លោក​រិះគន់​អំពី​ការ​ចម្អិន​អាហារ​ ដោយ​ពុំ​មាន​ម្ហូប​អ្វី​ក្រៅ​អំពី​ត្រី​ស្អុយៗ​ ហើយ​ប្រៃ​ ប៉ុន្តែ​ក្រោយមក​ ក៏​ត្រូវ​បាន​គេ​ឲ្យ​ហូប​ត្រី​ស្រស់​វិញ​បន្ទាប់​ពី​ លោក​បាន​ប្រាប់​ទៅ​មន្ត្រី​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​មក​សួរសុខទុក្ខ​រូប​លោក​។​ «​អ្នកទោស​ស្ទើរតែ​ទាំងអស់​ហើម​ ឈឺ​ស្ពឹក​លើសឈាម​ដោយសារ​តែ​ពុំ​បាន​ទទួល​អាហារ​គ្រប់គ្រាន់​និង​ខ្វះ​ជីវជាតិ​»​។​ … ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​បញ្ហា​គ្រូពេទ្យ​នោះ​លោក​ គៀ​ សុ​វ​ណ្ណា​ ប្រធាន​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ ទី​៣​ ត្រពាំង​ផ្លុ​ង​ ថ្លែង​ថា​ ក្នុង​ពន្ធនាគារ​របស់​លោក​មាន​គ្រូពេទ្យ​ប្រចាំការ​ ២៤​ ម៉ោង​ លើ​ ២៤​ ម៉ោង​ ហើយ​មាន​ថ្នាំ​ព្យាបាល​គ្រប់មុខ​។​«​យើង​មិន​ត្រឹមតែ​ព្យាបាល​ទណ្ឌិត​ទេ​ យើង​ព្យាបាល​ពលរដ្ឋ​នៅ​ក្រៅ​ទៀត​ផង​»​។​ ​លោក​បន្ត​ថា​ ទាក់ទិន​ករណី​ដែល​គាត់​ពុំ​ទទួល​បាន​ព័ត៌មាន​ដោយសារ​តែ​ពួក​គាត់​ចៅក្រម​ពុំ​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​នៅឡើយ​ ប្រសិនបើ​ពួក​គាត់​ត្រូវ​បាន​បិទ​នូវ​ការ​ស៊ើបអង្កេត​ពួក​គាត់​អាច​ចេញ​មក​ក្រៅ​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ដូច​ទណ្ឌិត​ដទៃ​ទៀត​ដែរ​។​ …​

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/111466-2014-03-05-03-53-58