អង្គការអាមេរិករៀបចំឲ្យម្ចាស់ឆ្នោតដេញដោលបេក្ខជនឃុំសង្កាត់នៅបាត់ដំបង
បេក្ខជន ឬតំណាងគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សានៅវត្តសុវណ្ណបុប្ផា ហៅវត្តតាមិម ស្ថិតនៅក្នុងឃុំវត្តតាមិម ក្នុងខេត្តបាត់ដំបង ដោយបានឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ នៅថ្ងៃច័ន្ទនេះ ដែលត្រូវជាថ្ងៃទីបីនៃការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ កម្មវិធីពិភាក្សានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ឬ NDI របស់សហរដ្ឋអាមេរិក។ មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះប្រកួតប្រជែងសម្រាប់ឃុំតាមិម នៅក្នុងការបោះឆ្នោតឃុំសង្កាត់នេះ តែមានគណបក្សនយោបាយចំនួន៤ បានចូលរួមក្នុងកិច្ចពិភាក្សាតាមការអញ្ជើញ ដើម្បីតទល់នឹងការដេញដោលរបស់ពលរដ្ឋ ដែលក្លាហានសួរពីបញ្ហាអត់ការងារធ្វើ បញ្ហាចំណាកស្រុក បញ្ហាសុខាភិបាល បញ្ហាទឹក បញ្ហាភូមិឃុំ មានសុវត្ថិភាព និងបញ្ហាបំបាត់ការជួញដូរគ្រឿងញៀន ជាដើម។ …