កំណើន​ប្រាក់​ឈ្នួល​ មិន​កាត់បន្ថយ​ការ​នាំ​ចេញ

ទោះបី​ឧស្សាហកម្ម​កាត់ដេរ​បារម្ភ​ថា​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា ១២៨ ដុល្លារ​កាលពី​ដើម​ឆ្នាំ​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​របស់​កម្ពុជា​ក៏ដោយ ក៏​វិស័យ​កាត់ដេរ និង​ស្បែក​ជើង​បាន​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ​នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៥ ដែល​មាន​សរុប​ប្រហែល​ ៣ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

ព្រឹត្តិបត្រ​ព័ត៌មាន ILO ស្តី​ពី​វិស័យ​កាត់ដេរ និង​ស្បែក​ជើង​របស់​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ដើម​សប្ដាហ៍​នេះ​រាយការណ៍​ថា​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ​បាន​កើន​ប្រហែល ១៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ក្នុង​នោះ​សម្លៀក​បំពាក់​មាន​ជាង ២,៧ ពាន់​លាន​ដុល្លារ។ វិស័យ​ស្បែកជើង​ទោះបី​ទទួល​បាន​ចំណូល​ទាប​ប្រហែល ២៨២ លាន​ដុល្លារ​នៅ​ឆមាស​ទី ១ ឆ្នាំ​នេះ​ក៏ដោយ ក៏​វា​នៅ​តែ​មាន​កំណើន ៤៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ខណៈ​សម្លៀកបំពាក់​កើន​ឡើង​លើស​ពី​ចំនួន​មធ្យម ១០ ភាគរយ។

Ananth Baliga
http://bit.ly/20IDCKM