ដំណើរកំសាន្ត និងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ២០២០ របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ
នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានមានឱកាសធ្វើដំណើរចេញឆ្ងាយពីកន្លែងធ្វើការ ដើម្បីសម្រាកលំហែរកាយ និងធ្វើការឆ្លុះបញ្ចាំងប្រចាំឆ្នាំ តាមទម្លាប់ដែលធ្លាប់មានកន្លងមក។ ក្រុមការងារអូឌីស៊ី បានចំណាយរយៈពេល៤ថ្ងៃ នៅឯសហគមន៍អេកូទេសចរណ៍ជីផាត និងរមណីយដ្ឋានឋានសួគ៌តាតៃ ដែលស្ថិតនៅលើកោះដាច់ស្រយាលមួយនៅក្នុងតំបន់តាតៃនៃទឹកដីខេត្តកោះកុង។
ជារៀងរាល់ឆ្នាំ ដំណើរសម្រាកលំហែរកាយ និងឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បុគ្គលិក គឺជាការទន្ទឹងរង់ចាំយ៉ាងយូររបស់ក្រុមការងារយើង ពួកយើងពិតជាមានសេចក្តីអំណររីករាយយ៉ាងក្រៃលែង ជាពិសេសឆ្នាំនេះតែម្តង ។ ឆ្នាំ២០២០ ដែលបានកន្លងផុតទៅនេះ គឺពោរពេញទៅដោយរឿងរ៉ាវប្លែកៗ ជាច្រើនសម្រាប់ពួកយើងទាំងអស់គ្នា។ ជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្កើតឱ្យមានភាពមិនប្រាកដប្រជា ភាពភ័យខ្លាច និងតម្រូវឲ្យមានការសម្របខ្លួនទៅនឹងការរឹតបណ្តឹងមួយចំនួន។ ក្នុងរយៈពេលពេញមួយឆ្នាំ ក្រុមការងាររបស់យើងបានខិតខំប្រឹងប្រែងយ៉ាងគួរឱ្យកោតសរសើរ ដើម្បីសម្របសម្រួលការងារគម្រោង និងសកម្មភាពនានាទៅនឹងវិធានការបង្ការផ្សេងៗ និងការរក្សាគម្លាតសង្គមប្រកបដោយជោគជ័យ។ ពួកយើងបានធ្វើការងារពីផ្ទះក្នុងរយៈពេលដ៏យូរ ហើយពួកយើងមិនបានជួបគ្នាញឹកញាប់ដូចកាលពីមុននោះទេ។ ដូច្នេះ ពួកយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំដើម្បីនឹងឈប់សម្រាករយៈពេលប៉ុន្មានថ្ងៃក្នុងការទៅលំហែកាយ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង និងក្តីបារម្ភនានាដែលកើតឡើងពីជំងឺរាតត្បាតសកលនេះ។
ដំណើរកំសាន្តសម្រាកលំហែកាយ និងឆ្លុះបញ្ចាំង បានផ្តល់ពេលវេលាឱ្យពួកយើងធ្វើការឆ្លុះបញ្ចាំងទៅលើការងារដែលពួកយើងបានប្រត្តិបត្តិពេញរយៈពេលមួយឆ្នាំមុននេះ ព្រមទាំងធ្វើការវាយតម្លៃទៅលើអ្វីដែលបានប្រព្រឹត្តទៅបានល្អ ហើយអ្វីដែលគួរតែត្រូវបានអនុវត្តទៅឲ្យប្រសើរផងដែរ។ សំខាន់ដូចគ្នានេះដែរ ដំណើរកំសាន្តលំហែរកាយនេះ ត្រូវបានពួកយើងទាំងអស់គ្នាចាត់ទុកជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារយើងរីកចម្រើនកាន់តែខ្លាំងឡើងតាមរយៈការចូលរួមក្នុងសកម្មភាពកសាងក្រុមការងារ ព្រមទាំងបង្កើតអនុស្សាវរីយ៍សប្បាយៗផងដែរ។
“យើងអាចរៀនសូត្រអំពីសមាជិកនៃក្រុមការងារនីមួយៗពីជ្រុងមួយផ្សេងទៀត ដែលយើងអាចនឹងមិនបានឃើញនៅក្នុងកន្លែងការងារ។ វាក៏ជួយបង្កើនស្មារតីពួកយើង ក្នុងការធ្វើការងារជាក្រុមផងដែរ’’
“វា [ដំណើរកំសាន្តនេះ] អនុញ្ញាតឱ្យក្រុមការងារទទួលនូវអារម្មណ៍រីករាយ ស្វែងរក និងបង្កើតនូវ អនុស្សាវរីយ៍ល្អៗជាមួយគ្នា”
ក្រុមការងារ អូឌីស៊ី បានជួបជុំគ្នានៅការិយាល័យ អូឌីស៊ី នៅពេលព្រឹកថ្ងៃទី២០ ខែមករា ហើយពោរពេញទៅដោយអារម្មណ៍រំភើប និងអន្ទះសាក្នុងការធ្វើដំណើរផ្សងព្រេងបែបថ្មីនេះ។ គោលដៅទីមួយគឺ រមណីយដ្ឋានឆ្នេរនេសាទ ជាកន្លែងដែលពួកយើងពិសារបាយថ្ងៃត្រង់ជាមួយនឹងម្ហូបគ្រឿងសមុទ្រ ព្រមទាំងដើរលំហែរកាយតាមឆ្នេរខ្សាច់ពណ៌សដែលពោរពេញទៅដោយដើមដូងផងដែរ។ ក្រោយរយៈពេលប៉ុន្មានម៉ោង ដោយធ្វើដំណើរតាមរថយន្ត១៥កៅអីមក ពួកយើងបានជិះទូកដឆ្លងកាត់ស្ទឹងទៅកាន់សហគមន៍អេកូទេសចរណ៍ជីផាត។ ដំណើរកំសាន្តថ្ងៃដំបូងនឹងមិនអាចបានបញ្ចប់ដោយអ្វីដែលប្រសើរជាងនេះបាននោះទេ។ ក្រោយពេលដែលបានហូបអាហារពេលល្ងាចដ៏ឆ្ងាញ់ ក្រុមការងាររបស់យើងបានចំណាយពេលវេលាមួយក្នុងចំណោមពេលវេលានៃដំណើរកំសាន្តដែលមិនអាចបំភ្លេចបានទាំងឡាយ ដោយពួកយើងបានលេងល្បែងកំសាន្តផ្សេងៗដែលបង្កើតឱ្យមាន សំណើចសប្បាយរីករាយផងដែរ។
“ខ្ញុំគិតថាការលេងល្បែងកំសាន្តនៅរាត្រីថ្ងៃដំបូងបានជម្រុញឱ្យខ្ញុំមានការចូលរួមជាមួយនឹងក្រុមការងារបានប្រសើរជាងមុន”
នៅថ្ងៃបន្ទាប់ ពួកយើងបានជិះគោយន្តទៅកាន់ទឹកជ្រោះអូរម្លូ។ ខ្យល់បក់នៅពេលព្រឹកព្រលឹមអមទៅដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ហើយជាពេលដ៏ល្អបំផុតដើម្បីផ្តិតយករូបភាពស្អាតៗដ៏ច្រើនផងដែរ។ ក្រោយពីបានបានជិះគោយន្តប្រកបដោយក្តីសប្បាយរីករាយ គឺបានដល់ពេលដែលពួកយើងបន្តធ្វើដំណើរថ្មើរជើងឆ្លងកាត់ព្រៃឬស្សី និងទឹកហូរតូចៗ រហូតដល់ទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់អូរម្លូ។ អ្នកដែលហ៊ានផ្សងព្រេងបានចុះទៅហែលលេងទឹកជ្រោះ ខណៈដែលអ្នកផ្សេងទៀតក៏អង្គុយគយគុណទេសភាពដ៏ជាប់ចិត្តនៅកន្លែងនោះ។
បន្ទាប់មកពួកយើងបានចាកចេញបន្តទៅកាន់រមណីយដ្ឋានឋានសួរគ៌តាតៃ។ ដំណើរកំសាន្តថ្ងៃទី៣ រួមមានដំណើរកំសាន្តដោយជិះទូកលំហែរអារម្មណ៍តាមដងព្រែកតាតៃ។ ទឹកព្រែកដ៏ស្ងប់បានផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ ដែលជួយឱ្យពួកយើងទាំងអស់គ្នាបំភ្លេចនូវភាពមមាញឹក និងសម្លេងរំខាននៅឯទីក្រុង ព្រមទាំងទម្លាប់នៃការងារប្រចាំថ្ងៃរបស់ពួកយើងផងដែរ។ ក្នុងពេលធ្វើដំណើរត្រលប់មកពីឆ្នេរក្បាលកោះវិញ ពួកយើងក៏មានសំណាងបានគយគុណមើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។
នៅពេលធ្វើដំណើរត្រលប់មកភ្នំពេញវិញ ពួកយើងបានចំណាយពេលខ្លះដើម្បីចងចាំទិដ្ឋភាពសំខាន់ៗនៃដំណើរកំសាន្តនេះ។ ដំណើរកំសាន្តនេះគឺជាពេលវេលាដ៏ពិសេសសម្រាប់សមាជិកនៃក្រុមការងារទាំងអស់ ដើម្បីបញ្ចូលនូវថាមពលរបស់ពួកយើងឡើងវិញ បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏លំបាក ហើយក៏ជា ឱកាសដ៏ល្អបំផុតដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងមិត្តរួមក្រុម ព្រមទាំងបង្កើតចំណងមិត្តភាពជាមួយអ្នកដែលទើបនឹងចូលរួមការងារជាមួយនិងគ្រួសារ អូឌីស៊ី ផងដែរ។ ក្រុមការងាររបស់យើងបានវិលត្រឡប់មកការិយល័យវិញ ពោរពេញទៅដោយទឹកចិត្តដើម្បីបន្តធ្វើការងារ និងទទួលយកគម្រោងថ្មីៗនៅក្នុងឆ្នាំថ្មីនេះ។ ហើយពួកយើងក៏បានទន្ទឹងរង់ចាំ ដំណើរកំសាន្តរបស់បុគ្គលិកបន្ទាប់ទៀតដែរ!