ដំណើរ​កំសាន្ត និងសិក្ខាសាលា​​​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​ ២០២០​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

​នៅ​​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ ​ក្រុមការងារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បានមានឱកាស​​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​​ ដើម្បី​សម្រាកលំហែរ​កាយ​ និងធ្វើការ​​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​ តាមទម្លាប់ដែលធ្លាប់មានកន្លងមក​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​ចំណាយ​រយៈពេល​៤​ថ្ងៃ​ នៅ​ឯ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ និង​រមណីយដ្ឋាន​ឋានសួគ៌​តា​តៃ​ ដែល​ស្ថិត​នៅ​លើ​កោះដាច់​ស្រយាល​មួយ​នៅ​ក្នុង​តំបន់​តា​តៃ​នៃ​ទឹកដី​ខេត្តកោះកុង​។​

​ជា​រៀង​រាល់​ឆ្នាំ​ ដំណើរ​សម្រាកលំហែរ​កាយ​ និង​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​របស់​បុគ្គលិក​ គឺជា​ការ​ទន្ទឹងរង់ចាំ​យ៉ាង​យូរ​របស់​ក្រុមការងារ​យើង​ ពួក​យើង​ពិតជា​មាន​សេចក្តី​អំណរ​រីករាយ​យ៉ាង​ក្រៃ​លែង ជាពិសេស​​ឆ្នាំ​នេះតែម្តង ​។​ ឆ្នាំ​២០២០​ ដែល​បាន​កន្លង​ផុត​ទៅ​នេះ​ គឺ​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​ប្លែកៗ ជាច្រើនសម្រាប់​ពួក​យើង​ទាំងអស់​គ្នា​។​ ជំងឺ​រាតត្បាត​សកលកូ​វី​ដ​-១៩​ បាន​បង្កើត​ឱ្យ​មាន​ភាព​មិន​ប្រាកដប្រជា​ ភាព​ភ័យ​ខ្លាច​ និង​តម្រូវ​ឲ្យ​មានការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​រឹត​បណ្តឹង​មួយ​ចំនួន​។​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ ក្រុមការងារ​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​គួរ​ឱ្យ​កោតសរសើរ​ ដើម្បី​សម្របសម្រួល​ការងារ​គម្រោង​ និង​សកម្មភាព​នានា​ទៅ​នឹង​វិធានការ​បង្ការ​ផ្សេងៗ​ និង​ការ​រក្សា​គម្លាត​សង្គម​ប្រកបដោយ​ជោគជ័យ​។​ ពួក​យើង​បាន​ធ្វើ​ការងារ​ពី​ផ្ទះ​ក្នុង​រយៈពេល​ដ៏​យូរ​ ហើយ​ពួក​យើង​មិន​បាន​ជួប​គ្នា​ញឹកញាប់​ដូច​កាលពីមុន​នោះ​ទេ​។​ ដូច្នេះ​ ពួក​យើង​ទាំងអស់​គ្នា​បាន​ទន្ទឹងរង់ចាំ​ដើម្បី​នឹង​ឈប់​សម្រាក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​ទៅ​លំហែ​កាយ​ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ និង​ក្តី​បារម្ភ​នានា​ដែល​កើតឡើង​ពី​ជំងឺ​រាតត្បាត​សកល​នេះ​។​

​ដំណើរ​កំសាន្ត​សម្រាកលំហែកាយ​ និង​ឆ្លុះ​បញ្ចាំង​ បាន​ផ្តល់​ពេលវេលា​ឱ្យ​ពួក​យើង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការងារ​ដែល​ពួក​យើង​បាន​ប្រត្តិបត្តិ​ពេញ​រយៈពេល​មួយ​ឆ្នាំ​មុន​នេះ​ ព្រមទាំង​ធ្វើការ​វាយតម្លៃ​ទៅ​លើ​អ្វី​ដែល​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ហើយ​អ្វី​ដែល​គួរតែ​ត្រូវ​បាន​អនុវត្ត​ទៅ​ឲ្យ​ប្រសើរ​ផង​ដែរ​។​ សំខាន់​ដូច​គ្នា​នេះ​ដែរ​ ដំណើរ​កំសាន្ត​លំហែរ​កាយ​នេះ​ ត្រូវ​បាន​ពួក​យើង​ទាំងអស់​គ្នា​ចាត់ទុកជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ឱ្យ​ក្រុមការងារ​យើង​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​តាម​រយៈ​ការ​ចូលរួម​ក្នុង​សកម្មភាព​កសាង​ក្រុមការងារ​ ព្រមទាំង​បង្កើត​អនុស្សាវរីយ៍​សប្បាយៗ​ផង​ដែរ​។​

“​យើង​អាច​រៀនសូត្រ​អំពី​សមាជិក​នៃ​ក្រុមការងារ​នីមួយៗ​ពី​ជ្រុង​មួយ​ផ្សេង​ទៀត​ ដែល​យើង​អាច​នឹង​មិន​បានឃើញ​នៅ​ក្នុង​កន្លែង​ការងារ​។​ វា​ក៏​ជួយ​បង្កើន​ស្មារតី​ពួក​យើង​ ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ផង​ដែរ​’’​

“​វា​ [​ដំណើរ​កំសាន្ត​នេះ​]​ អនុញ្ញាត​ឱ្យ​ក្រុមការងារ​ទទួល​នូវ​អារម្មណ៍​រីករាយ​ ស្វែងរក​ និង​បង្កើត​នូវ​ អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​”

​ក្រុមការងារ​ អូ​ឌី​ស៊ី​ បាន​ជួបជុំ​គ្នា​នៅ​ការិយាល័យ​ អូ​ឌី​ស៊ី​ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ហើយ​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​រំភើប​ និង​អន្ទះសា​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​បែប​ថ្មី​នេះ​។​ គោលដៅ​ទី​មួយ​គឺ​ រមណីយដ្ឋាន​ឆ្នេរ​នេសាទ​ ជា​កន្លែង​ដែល​ពួក​យើង​ពិសា​របាយ​ថ្ងៃត្រង់​ជាមួយនឹង​ម្ហូប​គ្រឿង​សមុទ្រ​ ព្រមទាំង​ដើរ​លំហែរ​កាយ​តាម​ឆ្នេរ​ខ្សាច់​ពណ៌​ស​ដែល​ពោរពេញ​ទៅ​ដោយ​ដើម​ដូង​ផង​ដែរ​។​ ក្រោយ​រយៈពេល​ប៉ុន្មាន​ម៉ោង​ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​១៥​កៅអី​មក​ ពួក​យើង​បាន​ជិះ​ទូកដ​ឆ្លងកាត់​ស្ទឹង​ទៅ​កាន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។​ ដំណើរ​កំសាន្ត​ថ្ងៃ​ដំបូង​នឹង​មិន​អាច​បាន​បញ្ចប់​ដោយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​បាន​នោះ​ទេ​។​ ក្រោយ​ពេល​ដែល​បាន​ហូប​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ ក្រុមការងារ​របស់​យើង​បាន​ចំណាយ​ពេលវេលា​មួយ​ក្នុង​ចំណោម​ពេលវេលា​នៃ​ដំណើរ​កំសាន្ត​ដែល​មិន​អាច​បំភ្លេច​បាន​ទាំងឡាយ​ ដោយ​ពួក​យើង​បាន​លេងល្បែង​កំសាន្ត​ផ្សេងៗ​ដែល​បង្កើត​ឱ្យ​មាន​ សំណើច​សប្បាយ​រីករាយ​ផង​ដែរ​។​

“​ខ្ញុំ​គិត​ថា​ការ​លេងល្បែង​កំសាន្ត​នៅ​រាត្រី​ថ្ងៃ​ដំបូង​បាន​ជម្រុញ​ឱ្យ​ខ្ញុំ​មានការ​ចូលរួម​ជាមួយនឹង​ក្រុមការងារ​បាន​ប្រសើរ​ជាង​មុន​”

​នៅ​ថ្ងៃ​បន្ទាប់​ ពួក​យើង​បាន​ជិះ​គោ​យន្ត​ទៅ​កាន់​ទឹកជ្រោះ​អូរ​ម្លូ​។​ ខ្យល់​បក់​នៅ​ពេល​ព្រឹក​ព្រលឹម​អម​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ ហើយ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ផ្តិត​យក​រូបភាព​ស្អាតៗ​ដ៏​ច្រើន​ផង​ដែរ​។​ ក្រោយ​ពី​បាន​បាន​ជិះ​គោ​យន្ត​ប្រកបដោយ​ក្តី​សប្បាយ​រីករាយ​ គឺ​បាន​ដល់​ពេល​ដែល​ពួក​យើង​បន្ត​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្លងកាត់​ព្រៃ​ឬ​ស្សី​ និង​ទឹក​ហូរ​តូចៗ​ រហូត​ដល់​ទឹកជ្រោះ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​អូរ​ម្លូ​។​ អ្នក​ដែល​ហ៊ាន​ផ្សងព្រេង​បាន​ចុះ​ទៅ​ហែល​លេង​ទឹកជ្រោះ​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ក៏​អង្គុយ​គយ​គុណ​ទេសភាព​ដ៏​ជាប់ចិត្ត​នៅ​កន្លែង​នោះ​។​

​បន្ទាប់​មក​ពួក​យើង​បាន​ចាកចេញ​បន្ត​ទៅ​កាន់​រមណីយដ្ឋាន​ឋាន​សួរ​គ៌​តា​តៃ​។​ ដំណើរ​កំសាន្ត​ថ្ងៃ​ទី​៣​ រួម​មានដំណើរ​កំសាន្ត​ដោយ​ជិះទូក​លំហែរ​អារម្មណ៍​តាម​ដងព្រែក​តា​តៃ​។​ ទឹក​ព្រែក​ដ៏​ស្ងប់​បាន​ផ្តល់​នូវ​អារម្មណ៍​ស្ងប់ស្ងាត់​ ដែល​ជួយ​ឱ្យ​ពួក​យើង​ទាំងអស់​គ្នា​បំភ្លេច​នូវ​ភាព​មមាញឹក​ និង​សម្លេង​រំខាន​នៅ​ឯ​ទីក្រុង​ ព្រមទាំង​ទម្លាប់​នៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​យើង​ផង​ដែរ​។​ ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ឆ្នេរ​ក្បាលកោះ​វិញ​ ពួក​យើង​ក៏​មានសំណាង​បាន​គយ​គុណ​មើល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។​

​នៅ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ភ្នំពេញ​វិញ​ ពួក​យើង​បាន​ចំណាយពេល​ខ្លះ​ដើម្បី​ចង​ចាំ​ទិដ្ឋភាព​សំខាន់ៗ​នៃ​ដំណើរ​កំសាន្ត​នេះ​។​ ដំណើរ​កំសាន្ត​នេះ​គឺជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​សមាជិក​នៃ​ក្រុមការងារ​ទាំងអស់​ ដើម្បី​បញ្ចូល​នូវ​ថាមពល​របស់​ពួក​យើង​ឡើង​វិញ​ បន្ទាប់​ពី​ឆ្លងកាត់​ឆ្នាំ​ដ៏​លំបាក​ ហើយ​ក៏​ជា​ ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​និង​មិត្ត​រួម​ក្រុម​ ព្រមទាំង​បង្កើត​ចំណងមិត្តភាព​ជាមួយ​អ្នក​ដែល​ទើបនឹង​ចូលរួម​ការងារ​ជាមួយ​និង​គ្រួសារ​ អូ​ឌី​ស៊ី​ ផង​ដែរ​។​ ក្រុមការងារ​របស់​យើង​បាន​វិល​ត្រឡប់​មក​កា​រិ​យ​ល័យ​វិញ​ ពោរពេញ​ទៅ​ដោយ​ទឹកចិត្ត​ដើម្បី​បន្ត​ធ្វើ​ការងារ​ និង​ទទួលយក​គម្រោង​ថ្មីៗ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​ ហើយ​ពួក​យើង​ក៏​បាន​ទន្ទឹងរង់ចាំ​ ដំណើរ​កំសាន្ត​របស់​បុគ្គលិក​បន្ទាប់​ទៀត​ដែរ​!