អូឌីស៊ី ជាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាដែលបានធ្វើបទបង្ហាញក្នុងវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពលើកទី៥ ក្នុងឆ្នាំ២០២២
កាលពីបីឆ្នាំមុន លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាក្រុងប៉ារីសស្តីពីសន្តិភាពឆ្នាំ២០១៩ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ លោកមានការចាប់អារម្មណ៍ចំពោះរបៀបដែលវេទិកានេះបានប្រមូលផ្តុំអ្នកចូលរួម និងអ្នកជំនាញជាន់ខ្ពស់ជាច្រើនមកពីជុំវិញពិភពលោក។ លោកបានរៀនចំណេះដឹង និងជំនាញថ្មីៗពីគម្រោងដែលបានដាក់បង្ហាញ និងតាមដានការពិភាក្សានៅក្នុងវេទិកា។
នៅឆ្នាំនេះ វេទិកាសន្តិភាពទីក្រុងប៉ារីសលើកទីប្រាំ បានផ្តោតទៅលើការលុបបំបាត់នូវវិបត្ដិ និងទប់ស្កាត់ការបំផ្លិចបំផ្លាញពិភពលោក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរួមលើបញ្ហាប្រឈមសំខាន់ៗជាច្រើនសម្រាប់មនុស្សជាតិ។ ព្រឹត្តិការណ៍ឆ្នាំ២០២២ បានអំពាវនាវឱ្យមានដំណោះស្រាយលើបញ្ហាក្រោមប្រធានបទចំនួន១២ ដែលជាស្នូលនៃវេទិកាលើកទី៥នេះ ខណៈដែលប្រធានបទសំខាន់មួយនិយាយអំពីការការពារសិទ្ធិជនជាតិដើមភាគតិច។ វេទិកាលើកទី៥នេះ មានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គការអន្តរជាតិចំនួន ៣២រូប។ គម្រោងចំនួន ៧០ បានដាក់បង្ហាញដំណោះស្រាយដែលបានស្នើឡើងរបស់ពួកគេ មានការពិភាក្សាចំនួន ៨០ និងមានអ្នកចូលរួមជាង ៤,៨០០នាក់។
ដោយបានឈ្វេងយល់ពីការចូលរួមពីលើកមុន អូឌីស៊ីបានដាក់ពាក្យសុំស្នើដំណោះស្រាយទាក់ទងនឹងសិទ្ធិជនជាតិដើមភាគតិច។ ជាសំណាងល្អ គម្រោងរបស់អូឌីស៊ី ដែលមានឈ្មោះថា “ទិន្នន័យបើកទូលាយសម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិច” ត្រូវបានជ្រើសរើសជាគម្រោង និងគំនិតផ្តួចផ្តើមសម្រាប់ធ្វើបទបង្ហាញក្នុងចំណោមគម្រោងចំនួន ៦០ នៅក្នុងវេទិកាក្រុងប៉ារីសស្តីពីសន្តិភាពលើកទី៥ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ Palais Brongniart នៅទីក្រុងប៉ារីស។
គម្រោងរបស់អូឌីស៊ីបង្ហាញខ្លួននៅស្តង់លេខ ៣០ ក្នុងចំណោមគម្រោងចំនួន ៧០ ដែលដាក់តាំងបង្ហាញ ដោយគម្រោងរបស់អូឌីស៊ី គឺជាគម្រោងតែមួយគត់ដែលត្រូវបានជ្រើសរើសមកពីតំបន់ក្នុងអាស៊ាន ដើម្បីដាក់បង្ហាញក្នុងវេទិកា ដែលធ្វើឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដែលអូឌីស៊ីអាចទទួលបានឱកាសនេះ។
ក្នុងរយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះ ក្រុមការងារអូឌីស៊ី បានស្វាគមន៍ភ្ញៀវមកពីស្ថាប័នផ្សេងៗដូចជា អង្គការអន្តរជាតិ វិស័យឯកជន និងស្ថាប័នសិក្សាដែលមកទស្សនាស្តង់បទបង្ហាញរបស់អូឌីស៊ី។ ពួកគាត់ចាប់អារម្មណ៍លើទស្សនៈទិន្នន័យបើកទូលាយ និងជនជាតិដើមភាគតិចនៅកម្ពុជា។ បន្ទាប់ពីស្តាប់បទបង្ហាញរបស់យើងហើយ ពួកគាត់បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អូឌីស៊ី ក្នុងការបង្ហាញទិន្នន័យស្តីពីជនជាតិដើមភាគតិច និងវិធីសាស្ត្រក្នុងការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងទាក់ទងនឹងអក្ខរកម្មទិន្នន័យដល់ពីជនជាតិដើមភាគតិច ដែលជាការជួយបំពេញបន្ថែមទៅការលទ្ធភាពទទួលបាន និងការប្រើប្រាស់ទិន្នន័យ។ លើសពីនេះ អ្នកចូលរួមមួយចំនួនបានស្នើសុំឱ្យក្រុមការងារអូឌីស៊ី ចែករំលែកទិន្នន័យរបស់យើងដែលរួមចំណែកដល់ការស្រាវជ្រាវ និងគម្រោងរបស់ពួកគាត់ ហើយអ្នកចូលរួមខ្លះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសហការនាពេលអនាគត។
បន្ថែមពីនេះ អូឌីស៊ីមានកិត្តិយស និងសេចក្តីរីករាយក្រៃលែងដែលឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញមកទស្សនាស្តង់សម្រាប់ធ្វើបទបង្ហាញរបស់អូឌីស៊ី។ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយក្រុមការងារអូឌីស៊ី និងបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងរបស់អូឌីស៊ីដែលត្រូវបានជ្រើសរើសឱ្យមកដាក់បង្ហាញក្នុងកម្មវិធីអន្តរជាតិនាថ្ងៃនេះ។
លោក ធី ទ្រី ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ “ការរៀនសូត្រពីដំណោះស្រាយសម្រាប់សិទ្ធិមនុស្សជនជាតិដើមភាគតិច”។ ក្នុងកិច្ចពិភាក្សានោះ លោកបានសង្កត់ធ្ងន់លើតួនាទីនៃអក្ខរកម្មឌីជីថល និងបច្ចេកវិទ្យាក្នុងការលើកកម្ពស់ និងការពារវប្បធម៌ និងធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច។ លើសពីនេះ លោកបានលើកទឹកចិត្តឱ្យមានការចូលរួមពីជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិឌីជីថល។
បន្ថែមពីលើការទទួលបានឱកាសសម្រាប់អូឌីស៊ី ក្នុងការបង្ហាញគម្រោងរបស់យើង អូឌីស៊ី ក៏បានផ្តល់ឱកាសមួយផ្សេងទៀតដល់សហគមន៍ជនជាតិដើមភាគតិច។ អង្គការ អូឌីស៊ី បានផ្តល់មូលនិធិដល់យុវជនវ័យក្មេងពីរនាក់តំណាងឱ្យជនជាតិដើមភាគតិចដើម្បីធ្វើបទបង្ហាញ និងនិយាយរៀបរាប់អំពីរឿងរ៉ាវទាក់ទងនឹងសហគមន៍របស់ពួកគាត់ ដើម្បីធ្វើឱ្យសំឡេងរបស់ពួកគាត់បានឮនៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត ពួកគេមានឱកាសស្វែងយល់ និងរៀនពីគម្រោងផ្សេងៗ បង្កើតបណ្តាញទំនាក់ទំនង និងចូលរួមការពិភាក្សា និងតុមូលផ្សេងៗទៀតនៅក្នុងវេទិកា។ កញ្ញា រចំ មុន្នី និងលោក រម៉ាម ប្លេន ជាសមាជិកនៃវេទិកាអាយស៊ីធីនិងឌីជីថលកម្ពុជា (CamIDF) និងជាអតីតអ្នកចូលរួមក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែមឆ្នាំ២០២២។