ODC និង ODM បានសហការគ្នាលើវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ ដើម្បីបង្កើនការស្រាវជ្រាវផ្អែកលើភស្តុតាង និងការសរសេររឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យនៅក្នុងប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (ODC) និង Open Development Mekong (ODM) បានសហការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យជាលើកដំបូងស្តីពីការវិនិយោគបរទេសដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនជំនាញ ចំណេះដឹង ការយល់ដឹងអំពីទិន្នន័យ និងតម្លៃរបស់ទិន្នន័យ ព្រមទាំងណែនាំឧបករណ៍ និងកម្មវិធីសម្រាប់ការប្រមូល និងគ្រប់គ្រងទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយធ្វើឡើងនៅថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ២០២៣ និងមានអ្នកចូលរួមចំនួន ១១នាក់ (ក្នុងនោះមាន៣នាក់ជាស្ត្រី)។ ដំណាក់កាលទីពីរ ធ្វើឡើងនៅថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមចំនួន៧នាក់ (ក្នុងនោះមាន២នាក់ជាស្ត្រី)។
លោក Arran Ridley អ្នកគ្រប់គ្រងមាតិកាស្រាវជ្រាវ និងវិចារណកថារបស់ ODM និងក្រុមការងារ ODC មានលោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងជាអ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព និងលោក បាន ចន្ទផល្លា បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម បានសហការគ្នាជាលើកដំបូងលើកម្មវិធីទាំងពីរសប្តាហ៍នេះ។ អ្នកទាំងបីបានធ្វើការរួមគ្នាដើម្បីដឹកនាំវគ្គបណ្តុះបណ្តាល និងណែនាំសិក្ខាកាមពីដំណើរនៃការសិក្សាជំនាញទិន្នន័យ បង្កើតសម្មតិកម្ម និងសំណួរសម្រាប់ការសរសេររឿងទិន្នន័យ និងបង្កើតគំនិតគម្រោង។ ការសរសេររឿងអាចមានលក្ខណៈច្នៃប្រឌិត ស៊ើបអង្កេត ឬផ្អែកលើរបាយការណ៍។
ក្រុមអ្នកបណ្តុះបណ្តាលបានរចនាមេរៀនបណ្តុះបណ្តាលចំនួន ៥ ជាមួយនឹងសកម្មភាពផ្សេងៗដើម្បីឱ្យអ្នកចូលរួមបង្កើតទស្សនីយកម្មទិន្នន័យជាច្រើន និង សរសេររឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យដែលពួកគេបានទទួល។
- មេរៀនទី ១៖ ពីភស្តុតាងទៅជាការសរសេររឿង – ការណែនាំទិន្នន័យ និងរបៀបដែលប្រើវាដើម្បីបង្កើតរឿង។ តាមរយៈការវិភាគលើករណីសិក្សាមួយចំនួន អ្នកចូលរួមនឹងស្វែងយល់ពីរបៀបដែលទិន្នន័យពីវិស័យផ្សេងៗត្រូវបានប្រើប្រាស់ដើម្បីបង្កើតនូវរឿង ឬអត្ថបទ។
- មេរៀនទី ២៖ ការស្វែងរកទិន្នន័យ ការប្រមូលទិន្នន័យ និងទម្រង់ទិន្នន័យ – ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានពីទម្រង់ទិន្នន័យ ជំនាញក្នុងការស្វែងរកទិន្នន័យតាមអ៊ីនធឺណិត ឧបករណ៍គំរូសម្រាប់ការប្រមូលទិន្នន័យ និងគោលគំនិតដើម្បីបំប្លែងទិន្នន័យទៅជារឿង។ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យឡើងវិញនៃទម្រង់ទិន្នន័យ វគ្គបណ្តុះបណ្តាលបានបន្តទៅបច្ចេកទេសដែលប្រើដើម្បីស្វែងរក បម្លែង និងដំណើរការទិន្នន័យដែលមានទម្រង់ផ្សេងៗគ្នា របៀបបង្កើតសម្មតិកម្ម និងសំណួរសម្រាប់រឿងទិន្នន័យ។
- មេរៀនទី ៣៖ ការយល់ដឹងអំពីទិន្នន័យ – ដើម្បីសិក្សាពីគោលគំនិតមូលដ្ឋាននៃការរៀបចំទិន្នន័យ និងការសម្អាត ព្រមទាំងសំណួរដើម្បីជួយដល់ការវាយតម្លៃប្រភពទិន្នន័យ។
- មេរៀនទី ៤៖ ទស្សនីយកម្មទិន្នន័យ – ដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយនឹងទស្សនីយកម្មទិន្នន័យ ដោយផ្តោតលើការអនុវត្តល្អបំផុតក្នុងការប្រើប្រាស់ទិន្នន័យសម្រាប់ទំនាក់ទំនង ដោយសង្កត់ធ្ងន់លើបច្ចេកទេស និងឧបករណ៍ដែលអាចប្រើដើម្បីបញ្ជូនចំណេះដឹង និងព័ត៌មានតាមរយៈរឿងរ៉ាវដែលមានទស្សនីយភាព ដែលមិនមែនគ្រាន់តែជាស្ថិតិស្ងួត។
- មេរៀនទី ៥៖ ការគិតដូចអ្នកកាសែតទិន្នន័យ – ដើម្បីប្រើជំនាញទិន្នន័យទាំងអស់ដែលបានរៀននៅក្នុងមេរៀនមុនៗ អ្នកចូលរួមបានចែកជាក្រុមទៅតាមចំណាប់អារម្មណ៍របស់ពួកគេ និងប្រើប្រាស់សំណុំទិន្នន័យដែលពាក់ព័ន្ធ ដើម្បីផលិតនូវរឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យទាំងនោះ។
ការវាយតម្លៃមុន និងក្រោយបណ្តុះបណ្តាលត្រូវបានប្រើ ដើម្បីវាយតម្លៃកម្រិតនៃចំណេះដឹងរបស់អ្នកចូលរួមនិងស្វែងរកផ្នែកដែលគួរពង្រឹងនៅក្នុងការបណ្តុះបណ្តាលនាពេលអនាគត។ បន្ទាប់ពីវគ្គនីមួយៗ អ្នកចូលរួមមានឱកាសអនុវត្តលំហាត់ជាមួយនឹងទិន្នន័យដែលបានផ្តល់ឱ្យជាលក្ខណៈបុគ្គល និងជាក្រុម។
នៅសប្តាហ៍ទីពីរនៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមបានបង្កើតសំណើគម្រោងផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការសរសេររឿងឬអត្ថបទដែលប្រើប្រាស់ទិន្នន័យ អំពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ធំៗលើមនុស្ស និងបរិស្ថាន ហើយពួកគេមានឱកាសបញ្ជូនគំនិតគម្រោងទាំងនោះសម្រាប់ជំនួយខ្នាតតូច និងស្នើសុំការណែនាំ។
នៅពេលបញ្ចប់វគ្គ ក្រុមអ្នកបណ្តុះបណ្តាលបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបំពេញទម្រង់វាយតម្លៃវគ្គបណ្តុះបណ្តាល ក៏ដូចជាផ្តល់ឱកាសដល់សិក្ខាកាមដើម្បីឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ពួកគេ។ អ្នកចូលរួមបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះកម្មវិធី ដោយសារពួកគេអាចទទួលបានចំណេះដឹង និងបច្ចេកទេសសម្រាប់ភាពរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ ជាពិសេសដើម្បីអនុវត្តការងារជាក់ស្តែង។ កម្មវិធីបណ្ដុះបណ្ដាលបានបញ្ចប់ទៅដោយពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនដល់អ្នកចូលរួមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលប្រាំបីថ្ងៃនេះ។