ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអង្គរ
បារខែមអង្គរ ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែកញ្ញា នៅសាកលវិទ្យាល័យ បៀលប្រាយក្នុងខេត្ត សៀមរាប។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជម្រុញឱ្យយុវជនកម្ពុជាមានឱកាសជួបជាមួយវាគ្មិននានា ចែករំលែកពីបទពិសោធន៍ពីសហគ្រិនភាព, បច្ចេកវិទ្យា ឬបទពិសោធន៍ឌីជីថល។ អ្នកចូលរួមទាំងអស់នឹងមានឱកាសជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងវាគ្មិន ៤០ នាក់មកពីប្រទេសកម្ពុជា, ថៃ, វៀតណាម, ភូមា, ឡាវ, សហរដ្ឋអាមេរិក, សិង្ហបុរី និងអូស្ត្រាលី ដែលនឹងចូលរួមធ្វើបទបង្ហាញពីប្រធានបទនានា ស្តីពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។
ក្រុមការងារអូឌីស៊ី ពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។ ពួកយើងបានធ្វើបទបង្ហាញអំពីគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងអត្ថប្រយោជន៍របស់វា សម្រាប់និស្សិត អ្នកស្រាវជ្រាវ អ្នកវិនិយោគ និងសង្គមទាំងមូល។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានរៀបចំស្តង់ ដើម្បីស្វាគមន៍ និងផ្តល់ឱកាសដល់អ្នកចូលរួមទទួលបានការយល់ដឹងអំពីគេហទំព័ររបស់អូឌីស៊ី និង Site Demo ដោយអនុញ្ញាតឱ្យពួកគេលើកជាសំណួរផ្សេងៗ។ ក្រុមការងារ ក៏បានផ្តល់សម្ភារៈផ្សព្វផ្សាយមួយចំនួន ដូចជា សៀវភៅ ស្លាក និងអាវយឺតអូឌីស៊ីដល់អ្នកចូលរួមផងដែរ។

សុន្ទរកថាប្រកាសបើកកម្មវិធី បារខែមអង្គរ ដោយ លោក ឈន វិបុល ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍នៃក្រសួងព័ត៌មាន។

ក្រុមការងាររបស់អង្គការអូឌីស៊ីកំពុងរង់ចាំនៅស្តង់ ដើម្បីស្វាគមន៍អ្នកចូលរួមទាំងអស់ដែលចូលរួមក្នុងកម្មវិធីបារខែមអង្គរ។

ក្រុមអ្នកស្ម័គ្រចិត្តរបស់កម្មវិធីបារខែមអង្គរបានមកទស្សនាស្តង់អូឌីស៊ី ដើម្បីសាកសួរអំពីគេហទំព័រអូឌីស៊ី។

អ្នកចូលរួមទទួលបានអាវយឺតអូឌីស៊ីបន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយូរអំពីទិន្នន័យ និងផែនទីនៅលើគេហទំព័រអូឌីស៊ីក្នុងអំឡុងពេលកម្មវិធីបារខែម។