ក្រុមការងារអូឌីស៊ី បានចូលរួម កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ស្តីពី «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា»
កិច្ចពិគ្រោះយោបល់នេះ រៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នៅថ្ងៃទី ២២ មីនា ឆ្នាំ២០១៨ ដែលជាកិច្ចការពិភាក្សាជាសាធារណៈលើកចុងក្រោយនៃការបង្កើតក្រមបរិស្ថាន មុននឹងសម្រេចអនុវត្ត។ កិច្ចពិភាក្សានេះ រៀបចំឡើងដោយការសហការណ៍ពី ក្រសួងបរិស្ថាន និង ក្រុមមេធាវីវិស្ណុនា។ អ្នកចូលរួមប្រមាណ ៤០០នាក់ បានចុលរួមក្នុងកិច្ចពិភាក្សានេះ ដែលមានដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងតំណាងសហគមន៍នានា។

តំណាងមន្ត្រីក្រសួងបរិស្ថាន ក្រុមមេធាវីវិស្ណុ និងម្ចាស់ជំនួយ។
កិច្ចពិភាក្សានេះទទួលកិច្ចស្វាគមន៍ដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិនិត្យ និងកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រោមតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានថ្លែងថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ ពីបច្ចុប្បន្នភាពនៃដំណើរការតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន ជូនដល់ជូនដល់អ្នកពាក់ព័ន្ធទាំងអស់។ ដំណើរការនៃការចងក្រងក្រមបរិស្ថាននេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ហើយបានឆ្លងកាត់កិច្ចពិភាក្សាផ្តល់យោបល់ចំនួន១១លើកមកហើយ ជាមួយជួររដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។ បន្ថែមពីនេះ សេចក្តីព្រាងក្រមបរិស្ថានទី១០នេះ ត្រូវបានដាក់ជូនឱ្យមានការពិគ្រោះយោបល់ជាសាធារណៈ សម្រាប់ចែករំលែកការមតិយោបល់ ដែលមានកាលអវសានចុងក្រោយថ្ងៃទី២២ មីនា ២០១៨ កិច្ចពិគ្រោះយបល់នេះ មានបទបង្ហាញជាច្រើន ទៅតាមប្រធានបទដែលបានចងក្រងនៅក្នុងសេចក្តីព្រាងទី១០។
បទបង្ហាញទាំងនោះបានលលើកឡើងនូវចំណុចសំខាន់ៗនៃសេចក្តីព្រាងច្បាប់ ដែលមានដូចជា ខ្លឹមសារទូទៅនៃសេចក្រីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់និងការបំពុល ការអប់រំស្រាវជ្រាវពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ គោលការណ៍ទូទៅនៃសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ យន្តការដោះស្រាយវិវាទបរិស្ថាននិងសំណូមពរ។ បទបង្ហាញទាំងនេះ បានផ្តល់ជាព័ត៌មាន ព្រមទាំងការផ្សព្វផ្សាយ ដល់សាធារណៈអំពីខ្លឹមសារលម្អិតនៃក្រមបរិស្ថាន ទៅតាមប្រធានបទ ដើម្បីទាញយកមតិយោបល់បន្ថែម និងសំណូមពរពីសាធារណៈ ដើម្បីកែលម្អសេចក្តីព្រាងក្រមបរស្ថាន ដើម្បីឱ្យមានសង្គតិភាព បានគ្រប់ជ្រុងជ្រោយ ដើម្បីយកទៅអនុវត្តដោយមានប្រសិទ្ធិភាព។