ការ​យល់​ដឹង​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​ពី​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការ​​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្រោម​ប្រធានបទ​៖​ ការ​ព​ន្លឿ​ន​នៃការ​ស្តារ​ឡើង​វិញ​​​ និង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ន៍ដោយ​ចីរភាព​ (SDG)

ថ្មីៗ​នេះ​ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​ វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០២៣​ ដែល​រៀបរៀង​ដោយ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​។​ កម្មវិធី​ថ្នាក់​សកល​នេះ​ដើរតួរ​ជា​វេទិកា​រួម​មួយ​សម្រាប់​ពិភាក្សា​ និង​ព​ន្លឿ​ន​ការ​ស្តារ​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​-១៩​ ព្រមទាំង​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០២៣​។​ នៅ​ក្នុង​ប្លក់​មួយ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ចែករំលែក​ការ​យល់​ដឹង​សំខាន់ៗ​មួយ​ចំនួន​ ដែល​ទទួល​បាន​ពី​ការ​ចូល​រួម​ក្នុង​ការ​កិច្ច​សន្ទនា​យ៉ាង​សំខាន់​មួយ​នេះ​។​

​រាប់​តាំងពី​ឆ្នាំ​២០១៨​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​កំពុង​ជម្រុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ (CSDGs)​ ព្រមទាំង​បាន​ផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ក្នុង​គោលបំណង​ជម្រុញ​ឱ្យ​សាធារណជន​បានដឹង​ពី​វឌ្ឍនភាព​អំពី​ការ​វិវត្តន៍​របស់​គោលដៅ​ទាំងនោះ​។​ តាម​រយៈ​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​កំពុង​ស្រាវជ្រាវ​រក​ព័ត៌មាន​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ប្រទេស​កម្ពុជា​។​ ក្នុង​ឆ្នាំ​២០១៨​ អង្គការ​អូ​ឌី​ស៊ី​ និង​ស្ថាប័ន​ដៃគូ​ដូច​ជា​វិទ្យាស្ថាន​ East-West​ Management​ Institute​ បាន​រៀបចំ​កម្មវិធី​ដាច់​ដោយឡែក​មួយ​ (side​ event)​ ស្តី​អំពី​ទិន្នន័យ​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ ក្នុង​តំបន់​មេគង្គ​។​ កម្មវិធី​ដាច់​ដោយឡែក​នេះ​មានការ​ចូលរួម​ពី​តំណាង​ពី​រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​ កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​មក​ពី​ ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។​ គោលបំណង​របស់​កម្មវិធី​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ ប្រមូល​ទិន្នន័យ​ និង​កិច្ចសហការ​ណ៍​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គោលបំណង​ធានា​ឱ្យ​បាន​នូវ​យន្តការ​រឹង​មាំ​មួយ​សម្រាប់​ការ​ត្រួតពិនិត្យ​ទៅ​លើ​ដំណើរកា​រវិ​វ​ឌ្ឍ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។​

​ក្នុងឆ្នាំនេះ​ វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផ្តោត​លើ​ប្រធានបទ​ផ្សេងៗ​ ដូច​ជា​ ទឹក​ស្អាត​ និង​អនាម័យ​ (​គោលដៅ​ទី​៦)​ ថាមពល​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​ (​គោលដៅ​ទី​៧)​ ឧស្សាហកម្ម​ នវានុវត្តន៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ (​គោលដៅ​ទី​៩)​ ទីក្រុង​ និង​សហគមន៍​ប្រកបដោយ​ចីរភាព​ (​គោលដៅ​ទី​១១)​ និង​ភាព​ជា​ដៃគូ​ដើម្បី​សម្រេច​គោលដៅ​ (​គោលដៅ​ទី​១៧)​។​ ការ​ពិភាក្សា​ក្នុង​វេទិកា​នេះ​បាន​ស្រាយ​បំភ្លឺ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​កំពុង​ជួប​ប្រទះ​ទាក់ទង​នឹង​កង្វះខាត​ទិន្នន័យ​ចាំបាច់​ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​លទ្ធផល​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​សិក្សា​ឈ្វេងយល់​ពីសារៈ​សំខាន់​នៃ​ការ​ពង្រឹង​ការ​ប្រមូល​ និង​ដំណើរការ​វិភាគ​ទិន្នន័យ​ ដើម្បី​ធានា​បាន​នូវ​ការ​តាមដាន​ច្បាស់ការ​មួយ​ទៅ​លើ​កា​រវិ​វ​ឌ្ឍ​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។​

​វេទិកា​នេះ​ក៏​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ក្រុង​ ជា​ពិសេស​តម្រូវការ​ឱ្យ​មាននូវ​ច​ញ្ចើ​ម​ផ្លូវ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ ដែល​ជន​មាន​ពិការ​ភាព​អាច​ប្រើប្រាស់​បាន​។​ ព្រម​គ្នា​នេះ​ផង​ដែរ​ វេទិកា​នេះ​បាន​ទទួលស្គាល់​ពីសារៈ​សំខាន់​​នៃ​នគរូបនីយកម្ម​ប្រកបដោយ​បរិ​យា​បន្ន​ ដែល​ផ្តល់​អាទិភាព​ទៅ​លើ​ភាព​ងាយស្រួល​ដល់​ទៅ​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​ ជា​ពិសេស​ជន​មាន​ពិការ​ភាព​។​ វេទិកា​នេះ​ក៏​បាន​លើក​ផង​ដែរ​នូវ​បញ្ហា​នៃ​ការ​ពឹងផ្អែក​ខ្លាំង​លើ​យានយន្ត​ផ្ទាល់ខ្លួន​ ដែល​តម្រូវ​ឱ្យ​មាន​ជា​ចាំបាច់​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ប្រកបដោយ​យុទ្ធសាស្ត្រ​ លើស​ពី​នេះ​ទៀត​វេទិកា​នេះ​ក៏​ទទួលស្គាល់​ពីសារៈ​សំខាន់​នៃ​ការ​ជម្រុញ​ឱ្យ​មានការ​ប្រើប្រាស់​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ក្រៅពី​មធ្យោបាយ​ដែល​មាន​ស្រាប់​ ព្រមទាំង​ជម្រុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មហាជន​ ដែល​អាច​ឈាន​ដល់​ការ​រក​ឃើញ​ដំណោះស្រាយ​លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ប្រកបដោយ​ចីរភាព​។​ ការ​ច្នៃ​ប្រឌិត​ទាំងនេះ​ក៏​ត្រូវការ​ផង​ដែរ​នូវ​ការ​គាំទ្រ​ និង​កិច្ច​សហប្រតិបត្តិការ​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ជម្រុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​។​

ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (Voluntary​ National​ Review)​ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​វឌ្ឍនភាព​តាម​ប្រទេស​នានា​ក្នុង​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ មានការ​ចង្អុលបង្ហាញ​លើ​ក្តី​ព្រួយបារម្ភ​ទាក់ទង​នឹង​ការពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​។​ ដូចនេះ​ហើយ​បានជា​វេទិកា​បាន​ទទួលស្គាល់​ពីសារៈ​សំខាន់​របស់​កិច្ចការ​ពិគ្រោះ​យោបល់​ប្រកបដោយ​បរិ​យា​បន្ន​ ជា​ពិសេស​មានការ​ចូលរួម​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​យុវជន​ ដើម្បី​ធានា​បាន​ថា​មតិយោបល់​របស់​អ្នក​ទាំងនោះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ​ក្នុង​ដំណើ​ការពិគ្រោះ​យោបល់​។​

​ព្រម​គ្នា​នោះ​ដែរ​ តួនាទី​នៃ​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​ក្នុង​ការ​សម្រេច​បាន​នូ​រគោល​ដៅ​ទី​១១​ ពោល​គឺ​ ទីក្រុង​ និង​សហគមន៍​ប្រកបដោយ​ចីរភាព​ ក៏​ត្រូវ​បាន​លើក​មក​ជជែក​ពិភាក្សា​ក្នុង​វេទិកា​នេះ​ផង​ដែរ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​សង្ខេប​អំពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ជម្រុញ​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ និង​លើកកម្ពស់​គុណភាព​ជីវិត​ទាំងមូល​នៅ​ក្នុង​ទីក្រុង​។​ វេទិកា​នេះ​ក៏​ផ្តោត​លើ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ​ និង​ងាយស្រួល​ទទួលយក​បាន​ ព្រោះ​ទាំងនេះ​សុទ្ធតែ​ជា​ចំនុច​ស្នូល​របស់​គោលដៅ​ទី​៧​ (​ថាមពល​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​)​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ក៏​ទទួល​បាន​នូវ​ចំនេះដឹង​ទាក់ទង​កិច្ច​ខិតខំ​ប្រឹង​ចាំបាច់​នានា​ដើម្បី​ធានា​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ធនធាន​ថាមពល​ប្រកបដោយ​សមធម៌​ និង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ចីរភាព​។​

​ការ​ពិភាក្សា​ក៏​ផ្តោត​លើសារៈ​សំខាន់​របស់​ការ​ប្រមូល​ទិន្នន័យ​ដែល​រឹង​មាំ​ ការ​ធ្វើ​ផែនការ​ប្រកបដោយ​បរិ​យា​បន្ន​ ប្រព័ន្ធ​ដឹក​ជញ្ជូន​ប្រកបដោយ​ចីរភាព​ ការពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​ និង​ថាមពល​ដែល​អាច​ទទួល​បាន​គ្រប់​គ្នា​។​ ក្រោយ​ពី​ទទួល​បាន​ចំនេះដឹង​ទាំងនេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ខិតខំ​ប្រឹងប្រែង​បន្តការងារ​របស់​ខ្លួន​ក្នុង​ ការ​ជម្រុញ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ (CSDGs)​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ផង​ដែរ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ផ្តល់​ជូន​នូវ​បច្ចុប្បន្នភាព​ផ្សេងៗ​ ព្រមទាំង​គំនិត​ផ្តួចផ្តើម​នានា​ស្រម​ពេល​ក្រុមការងារ​យើង​ក៏​ធ្វើការ​ឆ្ពោះ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ និង​ការ​កសាង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ទាំងអស់​គ្នា​។​

​នៅ​ក្នុង​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ២០២៣​ (United​ Nations​ High-Level​ Political​ Forum​ on​ Sustainable​ Development​ Goals)​ ក្រសួងផែនការ​ក៏បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​បន្ត​កិច្ចសហការ​ណ៍​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ សង្គម​ស៊ី​វិល​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ដើម្បី​គាំទ្រ​ និង​ពង្រឹង​ដល់​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​រួម​គ្នា​លើ​ការ​ចែករំលែក​ទិន្នន័យ​។​ ក្រសួងផែនការ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការ​យល់​ដឹង​បន្ថែម​ទៀត​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ​។​

ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ចេញផ្សាយ​សំណុំ​ទិន្នន័យ​បន្ថែម​ទៀត​ទាក់ទង​នឹង​សូចនាករ​របស់​កម្ពុជា​ស្តី​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​អនុវត្ត​គោលដៅ​នីមួយៗ​ និង​របៀប​ធ្វើការ​រួម​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០៣០​។​ កិច្ចប្រជុំ​កំពូល​ស្តី​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs​ SDG​ Summit)​ ឆ្នាំ​២០២៣​ នឹង​ប្រ​ពឹ​ត្តិ​នៅ​ថ្ងៃ​១៨​ ដល់​១៩​ ខែកញ្ញា​ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​។​ កិច្ចប្រជុំ​កំពូល​នេះ​នឹង​បើក​ទំព័រ​លើ​ដំណាក់កាល​ថ្មី​នៃ​ការ​ព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដោយ​ស្រប​តាម​ការ​ណែនាំ​នយោបាយ​កម្រិត​ខ្ពស់​លើ​សកម្មភាព​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ និង​ព​ន្លឿ​ន​ឈាន​ទៅ​ឆ្នាំ​២០៣០​។​