អូឌីស៊ីធ្វើការជាមួយ Newsgain ដើម្បីវាយតម្លៃ និងពង្រឹងគុណភាពវែបសាយ
ដើម្បីបង្កើនប្រសិទ្ធិភាពនៃវែបសាយអូឌីស៊ីឱ្យកាន់តែប្រសើរឡើង និងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានធ្វើការជាមួយក្រុមការងារ Internews ដែលមានឈ្មោះថា Newsgain ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិនិត្យមើលលើប្រតិបត្តិការរបស់វែបសាយអូឌីស៊ី ដោយប្រើប្រាស់ឧបករណ៍ដូចជា Google Analytics ជាដើម។ ការសហការនេះស្ថិតនៅក្រោមគម្រោង ការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ ការរចនា និងមុខងារនៃវែបសាយរបស់អូឌីស៊ី បានវិវឌ្ឍន៍ជាច្រើនឆ្នាំមកនេះ ជារឿយៗផ្អែកលើគម្រោងដែលអូឌីស៊ីកំពុងអនុវត្ត។ កិច្ចខិតខំប្រឹងប្រែងរបស់ Newsgain មានគោលបំណងពង្រឹងការយល់ដឹងរបស់ក្រុមការងារអូឌីស៊ី អំពីឥរិយាបថរបស់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់វែបសាយអូឌីស៊ី និងផ្តល់ឱកាសក្នុងការសម្រួលខ្លឹមសារនៅលើវែបសាយដើម្បីបង្កើនប្រសិទ្ធភាព។
បន្ទាប់ពីការពិភាក្សាដំបូងជាមួយក្រុមការងាររបស់អូឌីស៊ី ប្រធានផ្នែកប្រតិបត្តិការឌីជីថលរបស់ Newsgain បានធ្វើការពិនិត្យទៅលើវែបសាយអូឌីស៊ីជាផ្លូវការ ដោយផ្អែកទៅលើលទ្ធផលនៃ Google Analytics។ លោក Gojayev និងលោក Jason Lambert នាយករបស់ Newsgain បានជួបជាមួយក្រុមការងារអូឌីស៊ី នៅថ្ងៃទី២០ ខែធ្នូ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការវិភាគ។
ការរកឃើញ និងអនុសាសន៍សំខាន់ៗជាច្រើនត្រូវបានលើកឡើង ដើម្បីពង្រឹងល្បឿននៃការបង្ហាញមាតិកានៅលើទំព័រ លទ្ធភាពប្រើប្រាស់ និងលទ្ធភាពក្នុងការរកឃើញវែបសាយអូឌីស៊ី។ ទាំងនេះរួមបញ្ចូលការបង្កើនប្រសិទ្ធភាពនៃធនធាននៅលើវែបសាយ និងការកែលម្អចំណាត់ថ្នាក់វែបសាយនៅលើម៉ាស៊ីនស្វែងរក។
ក្រុមការងារអូឌីស៊ីស្វាគមន៍លទ្ធផលនៃការសិក្សាវិភាគនេះ ហើយនឹងធ្វើការកែលម្អវែបសាយឱ្យកាន់តែប្រសើរឡើងក្នុងសប្តាហ៍ខាងមុខនេះ។ ការពិភាក្សាបន្ថែមលើការបង្កើនប្រសិទ្ធភាពនៃវែបសាយនឹងបន្ត ខណៈពេលដែលអូឌីស៊ី និង Newsgain កំពុងធ្វើការវិភាគ និងវាយតម្លៃវែបសាយអូឌីស៊ីបន្ថែមទៀត។