ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍដោយសមភាព
បន្ទាប់ពីទទួលបានជោគជ័យកាលពីឆ្នាំមុន នៅព្រឹកព្រលឹមថ្ងៃទី០៧ខែមីនាឆ្នាំ ២០២០ ទិវាទិន្នន័យបើកទូលាយប្រចាំឆ្នាំលើកទី ៦ ត្រូវបានប្រារព្ធឡើង។ អ្នកចូលរួមប្រហែល ៦០ នាក់ មានមុខងារផ្សេងៗគ្នា និងប្រវត្តិផ្សេងៗគ្នាដូចជានិស្សិត អ្នកសារព័ត៌មាន និង ផ្នែករដ្ឋាភិបាលបានចូលរួមព្រឹត្តិការណ៍នេះនៅឯមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រីសបរិស័ទ( Diakonia Center)។ យោងទៅតាមទិវាទិន្នន័យបើកទូលាយជាសកល ប្រធានបទនៅឆ្នាំនេះគឺ “ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍដោយសមភាព”។ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និង ក្នុងប្រទេស ព្រឹត្តិការណ៍នៅឆ្នាំនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងសាធារណជន ឲ្យយល់ដឹងអំពីសក្តានុពលនៃការប្រើប្រាស់ទិន្នន័យបើកទូលាយ និង ឧបករណ៍បច្ចេកវិទ្យា និង សារៈសំខាន់របស់វា សម្រាប់ការលើកកម្ពស់ការចូលរួមរបស់សាធារណៈជន និង ប្រសិទ្ធភាពនៃសេវាកម្មសាធារណៈ ក៏ដូចជាវិធីប្រើប្រាស់ទិន្នន័យនិងព័ត៌មានដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈដំណើររឿងនៃទិន្នន័យឌីជីថល។
របៀបវារៈនៃទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ រួមមាន៖ ការថ្លែងសុន្ទរកថាបើកកម្មវិធីអមដោយបទបង្ហាញស្តីពី“ ទិន្នន័យបើកទូលាយ” ហើយបន្ទាប់មកបទបង្ហាញដ៏មានសារៈសំខាន់មួយស្តីពី “ទិន្នន័យបើកទូលាយនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា” ។ បន្ទាប់មកទៀត មានការពិភាក្សាជាក្រុមលើប្រធានបទ “ការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈនៅកម្ពុជា” ។ បន្ទាប់ពីការពិភាក្សាបានបញ្ចប់ បទបង្ហាញពីបេក្ខជនដែលចូលរួមការប្រកួតសំណេរ ដើម្បីបញ្ចប់កម្មវិធីនៅពេលព្រឹក។ បន្ទាប់ពីសំរាកទទួលទានបាយថ្ងៃត្រង់ ពិធីប្រគល់រង្វាន់ការប្រកួតសំណេរក៏បានមកដល់។ លើសពីនេះ មានបទបង្ហាញចំនួន ២បន្ថែមទៀត នៅពេលរសៀល ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីការចូលរួមរបស់ស្ត្រីនៅក្នុងទិន្នន័យបើកទូលាយនៅកម្ពុជា ដែលធ្វើឡើងដោយអង្គការទិន្នន័យនៃការអភិវឌ្ឃ (អូឌីស៊ី) និង ការធ្វើបទបង្ហាញស្តីពីសារព័ត៌មានទិន្នន័យនិងវិធីធ្វើទិន្នន័យជារូបភាព។ បន្ទាប់ពីបទបង្ហាញទាំង ២ របៀបវារៈទាំងមូលត្រូវបានកាន់កាប់ដោយវគ្គ Hackathon ដើម្បីបញ្ចប់កម្មវិធីនេះ។
កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងការថ្លែងសុន្ទរកថាបើកកម្មវិធី ពីលោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យដើម្បីការអភិវឌ្ឃ (អូឌីស៊ី)។ ខ្លឹមសារនៃសុន្ទរកថារបស់លោករួមមាន ប្រវត្តិសង្ខេបនៃកម្មវិធីទិន្នន័យបើកទូលាយ គោលបំណងនៃកម្មវិធី និង ការណែនាំអំពីពាក្យ ទិន្នន័យបើកទូលាយ ។ ធី បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍នេះគឺធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា” ។ លោកបានអះអាងទៀតថា ការផ្សព្វផ្សាយទិន្នន័យអាចជំរុញការរីកលូតលាស់នៃវប្បធម៌ការសរសេរនៅក្នុងប្រទេសផងដែរ។ បញ្ជាក់យ៉ាងច្បាស់ពីការផ្សារភ្ជាប់គ្នា រវាងប្រភពនៃទិន្នន័យបើកទូលាយទៅនឹងវប្បធម៌ និង ទំលាប់នៃការសរសេរ ព្រឹត្តិការណ៍នេះ នឹងក្លាយជាការបោះជំហានឆ្ពោះទៅរកសង្គមនៃទិន្នន័យដែលអាចចូលរួមចំណែកយ៉ាងសំខាន់ដល់ចំណេះដឹងទូទៅនៃពាក្យ “ទិន្នន័យបើកទូលាយ” ។
របៀបវារៈបន្ទាប់គឺ បទបង្ហាញដ៏សំខាន់ដោយវាគ្មិនកិត្តិយសលោក John Weeks ។ ក្នុងនាមជាអ្នកជំនាញខាងទិន្នន័យបើកទួលាយម្នាក់នៅកម្ពុជា គាត់មានបទពិសោធច្រើនលើប្រធានបទនេះ។ John បានភ្ជាប់តួនាទីសំខាន់នៃទិន្នន័យបើកទូលាយទៅនឹងការធ្វើឱ្យប្រសើរឡើងនៃសេវាកម្មសាធារណៈ និង បានផ្តល់ឧទាហរណ៍ជាក់ស្តែងពីប្រទេសផ្សេងៗគ្នាដូចជា នេប៉ាល់ អង់គ្លេស តង់ហ្សានី និង អ៊ូហ្គង់ដា ពីរបៀប ដែលរដ្ឋាភិបាលរបស់ពួកគេប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីផ្តល់សេវាសាធារណៈឲ្យប្រសើរជាងមុន។ សេវាទាំងនោះរួមមាន ការគ្រប់គ្រងគ្រោះមហន្តរាយ ការដឹកជញ្ជូនសាធារណៈ សុខភាពនិងការអប់រំ ជាដើម។ លោកបានអះអាងថា ដោយមានសេរីភាពក្នុងការទទួលបានទិន្នន័យ យើងអាចធ្វើបានកាន់តែច្រើន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមផងដែរ។
វាគ្មិនម្នាក់ទៀតគឺលោក ជេដ្ឋ គីមជុង តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ ជ អ ប) បានធ្វើបទបង្ហាញគួរឱ្យកត់សម្គាល់មួយ លើតួនាទីនៃទិន្នន័យបើកទូលាយ នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។ គាត់បានលើកឡើងពីតម្រូវការ អភិបាលកិច្ចអេឡិចត្រូនិចនៅក្នុងស្ថានភាពបច្ចុប្បន្ន។ លោក គីមជុង បានមានប្រសាសន៍ថា “ នៅពេលយើងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ វាចាំបាច់ណាស់ សម្រាប់ប្រទេសនេះ ដើម្បីចាប់ផ្តើមបង្កើតអភិបាលកិច្ចអេឡិចត្រូនិកដែលអនុញ្ញាតឱ្យសាធារណជនទទួលបានព័ត៌មាន និង ទទួលបានអត្ថប្រយោជន៍ពីទិន្នន័យផ្សេងៗរបស់រដ្ឋាភិបាល។ គាត់ក៏បានសង្កត់ធ្ងន់ លើការចូលរួមវិភាគទានរបស់(គ ជ អ ប) ដោយណែនាំប្រព័ន្ធទិន្នន័យរបស់អង្គការ ដូចជាបណ្ណាល័យអេឡិចត្រូនិច។ សៀវភៅនិងព័ត៌មានជាច្រើនត្រូវបានបញ្ចូលទៅក្នុងបណ្ណាល័យអេឡិកត្រូនិក ដែលផ្តល់ភាពងាយស្រួលដល់សាធារណជន។ លោកគីមជុង បានបន្ដទៀតថា អ្នកប្រើប្រាស់ទាំងអស់អាចរកបណ្ណាល័យតាមអ៊ិនធឺរណែតបាននៅលើគេហទំព័រ(គ ជ អ ប) ហើយបណ្ណាល័យនេះនឹងមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ ជាពិសេសសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា។
កិច្ចពិភាក្សាតុមូលក៏ចូលរួមចំណែកយ៉ាងសកម្មដល់កម្មវិធីនេះផងដែរ។ វាគ្មិនចំនួន ៣ រូបមកពីស្ថាប័នផ្សេងៗគ្នាពិភាក្សាលើប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដើម្បីបង្កើនប្រសិទ្ធភាពតម្លាភាព និង គណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈនៅកម្ពុជា” ។ វាគ្មិនទាំង ៣ នាក់គឺ លោកស្រី សោម ច័ន្ទធីតា តំណាងមកពី អង្គការតម្លាភាពអន្តរជាតិកម្ពុជា (TI) លោក ជេដ្ឋ គីមជុង តំណាងមកពី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ ជ អ ប) និង លោក ណុប វី តំណាងមកពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ការពិភាក្សាតុមូលនេះមានលក្ខណៈរស់រវើកនិងមានការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អប្រសើរ។ ឮលោកស្រី សោម ច័ន្ទធីតា បានពិភាក្សាយ៉ាងខ្លី អំពីរបៀបដែលអង្គការតម្លាភាពអន្តរជាតិ ប្រើវិធីជឿនលឿនផ្នែកបច្ចេកវិទ្យាដើម្បីពង្រីកបន្ថែមលើគោលបំណងរបស់ពួកគេ។ លោកស្រីបានលើកឡើងពី មុខងារនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និង តួនាទីដ៏មានប្រសិទ្ធិភាពក្នុងការរក្សាតម្លាភាពនិងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ។
លើសពីនេះទៀត លោក ណុប វី បានចែករំលែកទស្សនៈស្រដៀងគ្នា។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃបណ្តាញទំនាក់ទំនង ដូចជាហ្វេសប៊ុក លោកជឿជាក់ថា វាជាឧបករណ៍សំខាន់ដើម្បីជំរុញការយល់ដឹងរបស់ប្រជាជនអំពីសេវាកម្មសាធារណៈ។ លោកបានបន្តទៀតថា “ ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍវិស័យសេវាកម្មសាធារណៈ ដែលមានគណនេយ្យភាពនិងតម្លាភាព។ ការបង្ហាញឱ្យពួកគេយល់ដឹង អំពីសេវាកម្មសាធារណៈនឹងជំរុញឱ្យការផ្តល់សេវាសាធារណៈមានប្រសិទ្ធិភាពបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។ ការពីភាក្សាតុមូលបានបន្តទៅ វគ្គសំណួរចម្លើយនិងការផ្លាស់ប្តូរចំណេះដឹង រវាងអ្នកចូលរួមនិងវាគ្មិន។
បន្ទាប់ពីពាក់កណ្តាលព្រឹកប្រកបដោយភាពជោគជ័យ ភេសជ្ជៈ និង អាហារសម្រន់ ត្រូវបានផ្តល់ជូនដល់អ្នកចូលរួម ដើម្បីបញ្ចូលកំលាំង និង ថាមពលឡើងវិញ មុនពេលចាប់ផ្តើមបទបង្ហាញរបស់បេក្ខជនដែលជាប់ការប្រលងសំណេរនៅពេលរសៀល។ បទបង្ហាញរបស់បេក្ខជន បេក្ខនារីទាំង ៥ រូបមានភាពច្បាស់លាស់ និង ល្អិតល្អន់។ អ្នកចូលរួម ស្ញើចសរសើរយ៉ាងខ្លាំង ចំពោះ ព័ត៌មានដ៏លម្អិត ដែលបេក្ខជនទាំងអស់បានដាក់បញ្ចូលក្នុងបទបង្ហាញ ដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការខិតខំប្រឹងប្រែងដែលពួកគេក្នុងការប្រកួតប្រលងសំណេរ។ វាពិតជាវគ្គដ៏រីករាយមួយ។
បន្ទាប់ពីសំរាកអាហារថ្ងៃត្រង់ អ្នកឈ្នះការប្រកួតសំណេរក៏ត្រូវបានប្រកាស។ ដោយការដាក់ពិន្ទុរបស់ចៅក្រមទាំង ៥ លោកពិសី បានក្លាយជាអ្នកឈ្នះដ៏សាកសមមួយរូប។ អត្ថបទលេចធ្លោរបស់គាត់ បង្ហាញយ៉ាងច្បាស់ពីតួនាទីនៃទិន្នន័យបើកទូលាយ ក្នុងការលើកកម្ពស់សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាពនៅក្នុងប្រទេសកម្ពុជា។ គាត់នឹងទទួលបានអាហារូបករណ៍ដើម្បីចូលរួមសន្និសីទទិន្នន័យបើកទូលាយអន្តរជាតិឆ្នាំ ២០២០ នៅប្រទេសកេនយ៉ា ក្នុងនាមជាម្ចាស់ជ័យលាភីការប្រកួតសំណេរ។
បន្ទាប់មក បទបង្ហាញនៃការសិក្សាស្រាវជ្រាវ ស្តីពីការ ចូលរួមរបស់ស្ត្រី នៅក្នុងទិន្នន័យបើកទូលាយ នៅក្នុងប្រទេសកម្ពុជាដោយ កញ្ញា វិមល ដែលជាបុគ្គលិកម្នាក់របស់អូឌីស៊ីក៏បានមកដល់។ បនា្ទប់មក បទបង្ហាញមួយទៀតស្តីពី សារព័ត៏មានទិន្នន័យ និង វិធីធ្វើទិន្នន័យជារូបភាព ត្រូវបានធ្វើឡើងដោយ បុគ្គលិកម្នាក់ទៀតរបស់អូឌីស៊ីគឺ កញ្ញា បូណ៌មី ។
ប្រភេទនៃឧបករណ៍មើលទិន្នន័យផ្សេងគ្នាៗ ត្រូវបានបង្ហាញដល់អ្នកចូលរួម។ បទបង្ហាញនេះ មានគោលបំណង ឲ្យសាធារណជនយល់ដឹង អំពីដំណើរការនៃការមើលទិន្នន័យ រួមមានដំណើរការប្រមូលទិន្នន័យ ការបោសសំអាតទិន្នន័យជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីបទបង្ហាញនិងការស្វែងរកនៃការស្រាវជ្រាវរបស់ពួកគាត់ សូមយោងលើអត្ថបទនេះ។
ទីបំផុត ដល់ពេលហើយសំរាប់វគ្គ Hackathon។ ក្រុមចំនួន ៣ ដែលមានសមាជិក ៥-៦ នាក់ ត្រូវបានជ្រើសរើសដោយ ប្រើមូលដ្ឋានស្ម័គ្រចិត្ត និង រើសឡើងដោយចៃដន្យ ។ ពួកគាត់ត្រូវបំពេញនូវ កិច្ចការដែលបានចាត់តាំងពីអ្នកណែនាំ។ អ្នកណែនាំខុសៗគ្នាបានបង្រៀន អំពីរបៀបទាញយកទិន្នន័យ និងការផលិតសាច់រឿង។ ក្រុមនីមួយៗ បង្ហាញចំណាប់អារម្មណ៍និងការរីករាយយ៉ាងខ្លាំងក្នុងការរៀនសូត្រពីដំណើរការនៃរបៀបផលិតរូបភាពដែលអាចមើលទិន្នន័យតាមទម្រង់ផ្សេងៗគ្នា។ ក្រុមទាំងបីបានបង្ហាញគំនិតច្នៃប្រឌិតខ្ពស់និងស្មារតីក្រុម ដើម្បីបង្ហាញពីបទបង្ហាញគួរឱ្យចាប់អារម្មណ៍លើរឿងរ៉ាវទិន្នន័យផ្សេងៗគ្នា។ តាមពិតទៅ វាជាបទពិសោធដែលសប្បាយ លាយលំនិងការអប់រំ សម្រាប់ទស្សនិកជនទាំងអស់ដែលបានចូលរួមវគ្គ Hackathon ។
នៅចុងបញ្ចប់ ក្រោមការរៀបចំរបស់អូឌីស៊ី ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ ត្រូវបានបញ្ចប់ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ តាមរយៈកម្មវិធីនេះ ទស្សនិកជនទូទៅ បានសិក្សាស្វែងយល់អំពីទិន្នន័យបើកទូលាយក្នុងកម្រិតមួយបន្ថែមទៀត។ ឱកាសពិសេសនេះនឹងដើរតួនាទីជា ឧបករណ៍ដ៏សំខាន់មួយ ឆ្ពោះទៅរកសេវាសាធារណៈដែលប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាពនាពេលអនាគតក្នុងប្រទេសកម្ពុជា។