ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍដោយ​សមភាព

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​កាលពី​ឆ្នាំ​មុន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៧​ខែមីនា​ឆ្នាំ​ ២០២០​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ប្រចាំឆ្នាំ​លើក​ទី​ ៦​ ត្រូវ​បាន​ប្រារព្ធ​ឡើង​។​ អ្នកចូលរួម​ប្រហែល​ ៦០​ នាក់​ មានមុខ​ងារ​​ផ្សេងៗ​គ្នា​ និង​ប្រវត្តិ​ផ្សេងៗ​គ្នា​ដូច​ជា​និស្សិត​ អ្នក​សារព័ត៌មាន​ និង​ ផ្នែក​រដ្ឋាភិបាល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​នៅ​ឯ​មជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រីសបរិស័ទ( Diakonia Center)។​ យោង​ទៅ​តាម​ទិវា​ទិន្នន័យ​បើក​ទូលាយ​ជាស​កល​ ប្រធានបទ​នៅ​ឆ្នាំ​នេះ​គឺ​ “​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍដោយ​សមភាព​”​។​ ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ និង​ ក្នុង​ប្រទេស​ ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​មាន​គោលបំណង​លើកកម្ពស់​ចំណេះដឹង​សាធារណជន​ ឲ្យ​យល់​ដឹង​អំពី​សក្តានុពល​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ និង​ ឧបករណ៍​បច្ចេកវិទ្យា​ និង​ សារៈសំខាន់​របស់​វា​ សម្រាប់​ការ​លើកកម្ពស់​ការ​ចូលរួម​របស់​សាធារណៈជន​ និង​ ប្រសិទ្ធភាព​នៃ​សេវាកម្ម​សាធារណៈ​ ក៏​ដូច​ជា​វិធី​ប្រើប្រាស់​ទិន្នន័យ​និង​ព័ត៌មាន​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​តាម​រយៈ​ដំណើររឿង​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល​។​

​របៀបវារៈ​នៃ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ រួម​មាន​៖​ ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​អម​ដោយ​បទ​បង្ហាញ​ស្តី​ពី​“​ ទិន្នន័យ​បើក​ទូលាយ​”​ ហើយ​បន្ទាប់​មក​បទ​បង្ហាញ​ដ៏​មាន​សារៈសំខាន់​មួយ​ស្តី​ពី​ “​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កម្ពុជា​”​ ។​ បន្ទាប់​មក​ទៀត​ មានការ​ពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ​ “​ការ​ប្រើប្រាស់​ ឧបករណ៍​បច្ចេកវិទ្យា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ តម្លាភាព​និង​គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​”​ ។​ បន្ទាប់​ពី​ការ​ពិភាក្សា​បាន​បញ្ចប់​ បទ​បង្ហាញ​ពី​បេក្ខជន​ដែល​ចូលរួម​ការ​ប្រកួត​សំ​ណេ​រ​ ដើម្បី​បញ្ចប់​កម្មវិធី​នៅ​ពេល​ព្រឹក​។​ បន្ទាប់​ពី​សំរាក​ទទួលទាន​បាយ​ថ្ងៃត្រង់​ ពិធី​ប្រគល់​រង្វាន់​ការ​ប្រកួត​សំ​ណេ​រ​ក៏​បាន​មក​ដល់​។​ លើស​ពី​នេះ​ មាន​បទ​បង្ហាញ​ចំនួន​ ២​បន្ថែម​ទៀត​ នៅ​ពេល​រសៀល​ ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ទិន្នន័យ​នៃ​ការ​អភិ​វ​ឌ្ឃ​ (​អូ​ឌី​ស៊ី​)​ និង​ ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​សារព័ត៌មាន​ទិន្នន័យ​និង​វិធី​ធ្វើ​ទិន្នន័យ​ជា​រូបភាព​។​ បន្ទាប់​ពី​បទ​បង្ហាញ​ទាំង​ ២​ របៀបវារៈ​ទាំងមូល​ត្រូវ​បាន​កាន់កាប់​ដោយ​វគ្គ​ Hackathon​ ដើម្បី​បញ្ចប់​កម្មវិធី​នេះ​។​

កម្មវិធី​នេះ​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ ពី​លោក​ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​ដើម្បី​ការ​អភិ​វ​ឌ្ឃ​ (​អូ​ឌី​ស៊ី​)​។​ ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​លោក​រួម​មាន​ ប្រវត្តិ​សង្ខេបនៃ​កម្មវិធី​ទិន្នន័យ​បើក​ទូលាយ​ គោលបំណង​នៃ​កម្មវិធី​ និង​ ការ​ណែនាំ​អំពី​ពាក្យ​ ទិន្នន័យ​បើក​ទូលាយ​ ។​ ធី​ បាន​មាន​ប្រសាសន៍​ថា​ “​ព្រឹត្តិការណ៍​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​ ។​ លោក​បាន​អះអាង​ទៀត​ថា​ ការ​ផ្សព្វផ្សាយ​ទិន្នន័យ​អាច​ជំរុញ​ការ​រីក​លូតលាស់​នៃ​វប្បធម៌​ការ​សរសេរ​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​ រវាង​ប្រភព​នៃ​ទិន្នន័យ​បើកទូលាយ​ទៅ​នឹង​វប្បធម៌​ និង​ ទំលាប់​នៃ​ការ​សរសេរ​ ព្រឹត្តិការណ៍​នេះ​ នឹង​ក្លាយជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​រក​សង្គម​នៃ​ទិន្នន័យ​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ចំណេះដឹង​ទូទៅ​នៃ​ពាក្យ​ “​ទិន្នន័យ​បើក​ទូលាយ​”​ ។​

ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ ពី​លោក​ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យដើម្បី​ការ​អភិ​វ​ឌ្ឍ។

របៀបវារៈ​បន្ទាប់​គឺ​ បទ​បង្ហាញ​ដ៏​សំខាន់​ដោយ​វាគ្មិន​កិត្តិយស​លោក​ John​ Weeks​ ។​ ក្នុង​នាម​ជា​អ្នកជំនាញ​ខាង​ទិន្នន័យ​បើក​ទួ​លាយ​ម្នាក់​នៅ​កម្ពុជា​ គាត់​មាន​បទ​ពិសោធ​ច្រើន​លើ​ប្រធានបទ​នេះ​។​ John​ បាន​ភ្ជាប់​តួនាទី​សំខាន់​នៃ​ទិន្នន័យ​បើក​ទូលាយ​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេវាកម្ម​សាធារណៈ​ និង​ បាន​ផ្តល់​ឧទាហរណ៍​ជាក់ស្តែង​ពី​ប្រទេស​ផ្សេងៗ​គ្នា​ដូច​ជា​ នេ​ប៉ា​ល់​ អង់គ្លេស​ តង់​ហ្សា​នី​ និង​ អ៊ូ​ហ្គ​ង់​ដា​ ពី​របៀប​ ដែល​រដ្ឋាភិបាល​របស់​ពួក​គេ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ឲ្យ​ប្រសើរ​ជាង​មុន​។​ សេវា​ទាំងនោះ​រួម​មាន​ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ការ​ដឹក​ជញ្ជូន​សាធារណៈ​ សុខភាព​និង​ការ​អប់រំ​ ជាដើម​។​ លោក​បាន​អះអាង​ថា​ ដោយ​មាន​សេរីភាព​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ យើង​អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ និង​ ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ​។​

លោក John Week កំពុងតែធ្វើបទបង្ហាញស្តីពីទិន្នន័យបើកទូលាយ។

​វាគ្មិន​ម្នាក់​ទៀត​គឺ​លោក​ ជេ​ដ្ឋ​ គី​ម​ជុង​ តំណាង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​ ជ​ អ​ ប​)​ បាន​ធ្វើ​បទ​បង្ហាញ​គួរ​ឱ្យ​កត់សម្គាល់​មួយ​ លើ​តួនាទី​នៃ​ទិន្នន័យ​បើក​ទូលាយ​ នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា​។​ គាត់​បាន​លើក​ឡើង​ពី​តម្រូវការ​ អភិបាលកិច្ច​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​។​ លោក​ គី​ម​ជុង​ បាន​មាន​ប្រសាសន៍​ថា​ “​ នៅ​ពេល​យើង​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ វា​ចាំបាច់​ណាស់​ សម្រាប់​ប្រទេស​នេះ​ ដើម្បី​ចាប់ផ្តើម​បង្កើត​អភិបាលកិច្ច​អេ​ឡិច​ត្រូ​និក​ដែល​អនុញ្ញាត​ឱ្យ​សាធារណជន​ទទួល​បាន​ព័ត៌មាន​ និង​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ទិន្នន័យ​ផ្សេងៗ​របស់​រដ្ឋាភិបាល​។​ គាត់​ក៏​បាន​សង្កត់ធ្ងន់​ លើ​ការ​ចូលរួម​វិភាគទាន​របស់​(​គ​ ជ​ អ​ ប​)​ ដោយ​ណែនាំ​ប្រព័ន្ធ​ទិន្នន័យ​របស់​អង្គការ​ ដូច​ជា​បណ្ណាល័យ​អេ​ឡិច​ត្រូ​និ​ច​។​ សៀវភៅ​និង​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បណ្ណាល័យ​អេ​ឡិ​ក​ត្រូ​និក​ ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​សាធារណជន​។​ លោក​គី​ម​ជុង​ បាន​បន្ដ​ទៀត​ថា​ អ្នក​ប្រើប្រាស់​ទាំងអស់​អាច​រក​បណ្ណាល័យ​តាម​អ៊ិ​ន​ធឺរ​ណែ​ត​បាន​នៅ​លើ​គេហទំព័រ​(​គ​ ជ​ អ​ ប​)​ ហើយ​បណ្ណាល័យ​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ ជា​ពិសេស​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​

​កិច្ច​ពិភាក្សា​តុមូល​ក៏​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់​កម្មវិធី​នេះ​ផង​ដែរ​។​ វាគ្មិន​ចំនួន​ ៣​ រូប​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ពិភាក្សា​លើ​ប្រធានបទ​ “​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ (ICT)​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​តម្លាភាព​ និង​ គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​”​ ។​ វាគ្មិន​ទាំង​ ៣​ នាក់​គឺ​ លោកស្រី​ សោម​ ច័ន្ទ​ធីតា​ តំណាង​មក​ពី​ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ (TI)​ លោក​ ជេ​ដ្ឋ​ គី​ម​ជុង​ តំណាង​មក​ពី​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​ ជ​ អ​ ប​)​ និង​ លោក​ ណុ​ប​ វី​ តំណាង​មក​ពី​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​ ការ​ពិភាក្សា​តុមូល​នេះ​មាន​លក្ខណៈ​រស់​រវើក​និង​មានការ​ប្រស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ល្អ​ប្រសើរ​។​ ឮ​លោកស្រី​ សោម​ ច័ន្ទ​ធីតា​ បាន​ពិភាក្សា​យ៉ាង​ខ្លី​ អំពី​របៀប​ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រើ​វិធី​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ពង្រីក​បន្ថែម​លើ​គោលបំណង​របស់​ពួក​គេ​។​ លោកស្រី​បាន​លើក​ឡើង​ពី​ មុខងារ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ តួនាទី​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​រក្សា​តម្លាភាព​និង​គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​។​ 

លើស​ពី​នេះ​ទៀត​ លោក​ ណុ​ប​ វី​ បាន​ចែករំលែក​ទស្សនៈ​ស្រ​ដៀង​គ្នា​។​ ដោយ​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​បណ្តាញ​ទំនាក់ទំនង​ ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ លោក​ជឿជាក់​ថា​ វា​ជា​ឧបករណ៍​សំខាន់​ដើម្បី​ជំរុញ​ការ​យល់​ដឹង​របស់​ប្រជាជន​អំពី​សេវាកម្ម​សាធារណៈ​។​ លោក​បាន​បន្ត​ទៀត​ថា​ “​ ប្រជាពលរដ្ឋ​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេវាកម្ម​សាធារណៈ​ ដែល​មាន​គណនេយ្យ​ភាព​និង​តម្លាភាព​។​ ការ​បង្ហាញ​ឱ្យ​ពួក​គេ​យល់​ដឹង​ អំពី​សេវាកម្ម​សាធារណៈ​នឹង​ជំរុញ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​ ។​ ការ​ពី​ភា​ក្សា​តុមូល​បាន​បន្ត​ទៅ​ វគ្គ​សំណួរចម្លើយ​និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ រវាង​អ្នកចូលរួម​និង​វាគ្មិន​។​

បន្ទាប់​ពី​ពាក់កណ្តាល​ព្រឹក​ប្រកបដោយ​ភាព​ជោគជ័យ​ ភេសជ្ជៈ​ និង​ អាហារ​សម្រន់​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នកចូលរួម​ ដើម្បី​បញ្ចូល​កំលាំង​ និង​ ថាមពល​ឡើង​វិញ​ មុន​ពេល​ចាប់ផ្តើម​បទ​បង្ហាញ​របស់​បេក្ខជន​ដែល​ជាប់​ការ​ប្រលង​សំ​ណេ​រ​នៅ​ពេល​រសៀល​។​ បទ​បង្ហាញ​របស់​បេក្ខជន​ បេ​ក្ខ​នារី​ទាំង​ ៥​ រូប​មាន​ភាព​ច្បាស់លាស់​ និង​ ល្អិតល្អន់​។​ អ្នកចូលរួម​ ស្ញើ​ច​សរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​ ព័ត៌មាន​ដ៏​លម្អិត​ ដែល​បេក្ខជន​ទាំងអស់​បាន​ដាក់​បញ្ចូល​ក្នុង​បទ​បង្ហាញ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ពួក​គេ​ក្នុង​ការ​ប្រកួត​ប្រលង​សំ​ណេ​រ​។​ វា​ពិតជា​វគ្គ​ដ៏​រីករាយ​មួយ​។​

​បន្ទាប់​ពី​សំរាក​អាហារ​ថ្ងៃត្រង់​ អ្នក​ឈ្នះ​ការ​ប្រកួត​សំ​ណេ​រ​ក៏​ត្រូវ​បាន​ប្រកាស​។​ ដោយ​ការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​ទាំង​ ៥​ លោក​ពិសី​ បាន​ក្លាយជា​អ្នក​ឈ្នះ​ដ៏​សាក​សម​មួយ​រូប​។​ អត្ថបទ​លេចធ្លោ​របស់​គាត់​ បង្ហាញ​យ៉ាង​ច្បាស់​ពី​តួនាទី​នៃ​ទិន្នន័យ​បើក​ទូលាយ​ ក្នុង​ការ​លើកកម្ពស់​សេវា​សាធារណៈ​ ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ និង​ គណនេយ្យ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គាត់​នឹង​ទទួល​បាន​អាហារូបករណ៍​ដើម្បី​ចូលរួម​សន្និសីទ​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិ​ឆ្នាំ​ ២០២០​ នៅ​ប្រទេស​កេ​ន​យ៉ា​ ក្នុង​នាម​ជា​ម្ចាស់​ជ័យ​លា​ភី​ការ​ប្រកួត​សំ​ណេ​រ​។​

បន្ទាប់​មក​ បទ​បង្ហាញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ស្តី​ពី​ការ​ ចូលរួម​របស់​ស្ត្រី​ នៅ​ក្នុង​ទិន្នន័យ​បើក​ទូលាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ កញ្ញា​ វិមល​ ដែល​ជា​បុគ្គលិក​ម្នាក់​របស់​អូ​ឌី​ស៊ី​ក៏​បាន​មក​ដល់​។​ ប​នា្ទ​ប់​មក​ បទ​បង្ហាញ​មួយទៀត​ស្តី​ពី​ សារ​ព័​ត៏​មាន​ទិន្នន័យ​ និង​ វិធី​ធ្វើ​ទិន្នន័យ​ជា​រូបភាព​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ បុគ្គលិក​ម្នាក់ទៀត​របស់​អូ​ឌី​ស៊ី​គឺ​ កញ្ញា​ បូណ៌មី​ ។
​ប្រភេទ​នៃ​ឧបករណ៍​មើល​ទិន្នន័យ​ផ្សេង​គ្នាៗ​ ត្រូវ​បាន​បង្ហាញ​ដល់​អ្នកចូលរួម​។​ បទ​បង្ហាញ​នេះ​ មាន​គោលបំណង​ ឲ្យ​សាធារណជន​យល់​ដឹង​ អំពី​ដំណើរការ​នៃ​ការ​មើល​ទិន្នន័យ​ រួម​មាន​ដំណើរការ​ប្រមូល​ទិន្នន័យ​ ការ​បោសសំអាត​ទិន្នន័យ​ជាដើម​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បទ​បង្ហាញ​និង​ការ​ស្វែងរក​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គាត់​ សូម​យោង​លើ​អត្ថបទ​នេះ​។​

ទីបំផុត​ ដល់​ពេល​ហើយ​សំរាប់​វគ្គ​ Hackathon​។​ ក្រុម​ចំនួន​ ៣​ ដែល​មាន​សមាជិក​ ៥-៦​ នាក់​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ ប្រើ​មូលដ្ឋាន​ស្ម័គ្រចិត្ត​ និង​ រើស​ឡើង​ដោយ​ចៃដន្យ​ ។​ ពួក​គាត់​ត្រូវ​បំពេញ​នូវ​ កិច្ចការ​ដែល​បាន​ចាត់​តាំងពី​អ្នក​ណែនាំ​។​ អ្នក​ណែនាំ​ខុសៗ​គ្នា​បាន​បង្រៀន​ អំពី​របៀប​ទាញ​យក​ទិន្នន័យ​ និង​ការ​ផលិត​សាច់​រឿង​។​ ក្រុម​នីមួយៗ​ បង្ហាញ​ចំណាប់អារម្មណ៍​និង​ការ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀនសូត្រ​ពី​ដំណើរការ​នៃ​របៀប​ផលិត​រូបភាព​ដែល​អាច​មើល​ទិន្នន័យ​តាម​ទម្រង់​ផ្សេងៗ​គ្នា​។​ ក្រុម​ទាំង​បី​បាន​បង្ហាញ​គំនិត​ច្នៃប្រឌិត​ខ្ពស់​និង​ស្មារតី​ក្រុម​ ដើម្បី​បង្ហាញ​ពី​បទ​បង្ហាញ​គួរ​ឱ្យ​ចាប់អារម្មណ៍​លើ​រឿងរ៉ាវ​ទិន្នន័យ​ផ្សេងៗ​គ្នា​។​ តាម​ពិត​ទៅ​ វា​ជា​បទ​ពិសោធ​ដែល​សប្បាយ​ លាយ​លំ​និង​ការ​អប់រំ​ សម្រាប់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ចូលរួម​វគ្គ​ Hackathon​ ។​

នៅ​ចុងបញ្ចប់​ ក្រោម​ការ​រៀបចំ​របស់​អូ​ឌី​ស៊ី​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ ត្រូវ​បាន​បញ្ចប់​ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​។​ តាម​រយៈ​កម្មវិធី​នេះ​ ទស្សនិកជន​ទូទៅ​ បាន​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​បើក​ទូលាយ​ក្នុង​កម្រិត​មួយ​បន្ថែម​ទៀត​។​ ឱកាស​ពិសេស​នេះ​នឹង​ដើរតួ​នាទី​ជា​ ឧបករណ៍​ដ៏​សំខាន់​មួយ​ ឆ្ពោះទៅ​រក​សេវា​សាធារណៈ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​ តម្លាភាព​នា​ពេល​អនាគត​ក្នុង​ប្រទេស​កម្ពុជា​។​