ទិន្នន័យបើកទូលាយ បេះដូងបើកទូលាយ
៣០ មិថុនា ជាថ្ងៃចុងក្រោយដែលខ្ញុំហាត់ការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
នៅក្នុងរយៈពេល ២ខែនេះ ខ្ញុំបានចូលរួមនៅក្នុងគម្រោងអំពីការបោះឆ្នោត ដែលត្រូវបានបង្កើតឡើងចំនឹងពេលវេលានៃការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា និងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់ពីការពិភាក្សាយ៉ាងមានផ្លែផ្កានៅថ្ងៃចាប់ផ្តើមការងារដំបូងរបស់ខ្ញុំជាមួយលោក ចាន់ដារ៉ា ដែលជាអ្នកគ្រប់គ្រងរបស់ខ្ញុំ ពួកយើងបានយល់ស្របលើទំហំការងាររបស់ខ្ញុំ ដែលមានដូចជា៖ (១) ពិនិត្យលើទំព័រ “ការបោះឆ្នោត” និងលើកឡើងជាយោបល់ដើម្បីកែលម្អលើការធ្វើទិន្នន័យទៅជារូបភាពមើលឃើញ, (២) ស្រាវជ្រាវ និងបង្កើតមាតិកាសម្រាប់ទំព័ររងថ្មីនៅលើគេហទំព័រអូឌីស៊ីស្តីពីគណបក្សនយោបាយ និងអ្នកនយោបាយ, (៣) រចនាទម្រង់ទំព័រសម្រាប់ទំព័ររងថ្មី។
ស្រមៃពីអារម្មណ៍រំភើបរបស់ខ្ញុំក្នុងនាមជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ! កាលពីក្នុងឆមាសមុន ខ្ញុំបានចូលរួមវគ្គសិក្សាមួយអំពីគណបក្សនយោបាយ និងការបោះឆ្នោត នៅឯសាកលវិទ្យាល័យរបស់ខ្ញុំ ដែលជាកន្លែងខ្ញុំបានរៀនសូត្រអំពីប្រភេទផ្សេងគ្នាៗ នៃគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោត។ ការហាត់ការនៅអូឌីស៊ីបានផ្តល់ឱ្យខ្ញុំនូវឱកាសដ៏មានតម្លៃ ដើម្បីយកទ្រឹស្តីដែលខ្ញុំបានសិក្សាមកអនុវត្តន៍។
ក្រៅពីជំនាញក្នុងការស្រាវជ្រាវរបស់ខ្ញុំ ការបង្កើតទំព័ររងថ្មីមិនមែនជាការងារដែលងាយស្រួល និងទៅដោយរលូនប៉ុន្មាននោះទេ។ នៅក្នុងការធ្វើដំណើរនេះ ខ្ញុំបានទទួលនូវមេរៀនដ៏មានតម្លៃជាច្រើន។ ទីមួយ ខ្ញុំបានយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់ក្នុងបោះជំហានចេញពីស្ថានភាពដែលមានអារម្មណ៍ថាមានសុវត្ថិភាពនិងមិនចង់ប្រឈមនឹងបញ្ហារបស់ខ្ញុំ ដើម្បីសាកល្បងអ្វីដែលថ្មី។ ខ្ញុំមិនបានរំពឹងទេថា ខ្លួនខ្ញុំនឹងបានចូលរួមនៅក្នុងការងាររចនាទំព័រ ពីព្រោះខ្ញុំគិតថា ខ្ញុំនឹងធ្វើការងារច្រើន ផ្តោតតែទៅលើកិច្ចការស្រាវជ្រាវ ម្យ៉ាងវិញទៀតខ្ញុំមិនមានចំនេះជំនាញច្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឬទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ យ៉ាងណាមិញ ខ្ញុំបានក្តោបយកឱកាសដែលបានផ្តល់ឱ្យខ្ញុំ ព្រោះខ្ញុំជឿជាក់ថា មាតិកា និងការបង្ហាញអំពីមាតិកា គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ហើយមិនគួរបែងចែកដាច់ដោយឡែកពីគ្នានោះទេ។ នេះក៏ជាការចង្អុលបង្ហាញដោយលោក ចាន់ដារ៉ា ផងដែរ នៅពេលដែលគាត់បានសួរខ្ញុំអំពីដំណើរវិវត្តន៍នៃការងាររបស់ខ្ញុំ ហើយខ្ញុំបានប្រាប់គាត់ថា ការងាររបស់ខ្ញុំកំពុងមានការប្រឈមរវាងការស្រាវជ្រាវមាតិកា និងការរចនាទំព័រ។ គាត់បានអះអាងចំពោះខ្ញុំថា របៀបដែលយើងជ្រើសរើស ដើម្បីបង្ហាញទិន្នន័យរបស់យើង វានឹងមានឥទ្ធិពលទៅលើប្រភេទមាតិកាដែលយើងចង់បង្កើត។ ក្រុមការងារអូឌីស៊ីប្រើប្រាស់ WordPress ដើម្បីបង្កើតទំព័ររបស់ពួកគេ។ យ៉ាងណាមិញ ដើម្បីឱ្យការបង្ហាញមានលក្ខណៈតូច និងងាយស្រួលមើល ខ្ញុំបានប្រើ Wix ដែលជាកម្មវិធីបង្កើតគេហទំព័រ ដើម្បីរចនាបង្កើតទំព័រថ្មី។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញទៅកាន់ក្រុមការងារ ខ្ញុំបានទទួលមតិយោបល់ល្អៗត្រលប់មកវិញជាច្រើន អំពីការប្រើប្រាស់រូបភាពនានា និងរូបភាពក្រាភិចអន្តរកម្ម ដើម្បីបង្ហាញមាតិកា ដែលងាកចេញពីមាតិកាធម្មតាដែលពោរពេញដោយអត្ថបទអក្សរ។
ទីពីរ ខ្ញុំបានរៀនពីរបៀបដើម្បីស្វែងរកមធ្យោបាយជុំវិញខ្លួន ដើម្បីដោះស្រាយឧបសគ្គនានាជំនួសឱ្យការបោះបង់ចោលនូវគំនិតទាំងស្រុង។ ខណៈដែលក្រុមការងារភាគច្រើនបានពេញចិត្តនឹងការរចនារបស់ខ្ញុំ ពួកគក៏បានលើកឡើងពីការព្រួយបារម្ភនានាអំពីការជ្រើសរើសរូបភាពអ្នកនយោបាយកំពូលៗមកបង្ហាញ។ ពួកគេព្រួយបារម្ភថា អ្នកនយោបាយទាំងនោះអាចនឹងគិតថា រូបភាពដែលបានជ្រើសរើសនោះនឹងត្រូវបង្ហាញក្នុងផ្លូវមិនល្អ ហើយអ្នកនយោបាយទាំងនោះអាចចោទប្រកាន់ពួកយើងថាបង្ហាញរូបភាពពួកគេមិនបានត្រឹមត្រូវ។ នៅក្នុងប្រទេសកម្ពុជា ខ្ញុំបានរៀនសូត្រទៀតថា នយោបាយ គឺជាបញ្ហាមួយដែលមានចំណុចរសើបខ្លាំង ប្រហែលវាកាន់តែរសើបខ្លាំងជាងនៅក្នុងប្រទេសសិង្ហបុរី និង ប្រទេសម៉ាឡេស៊ីទៅទៀត។ ដើម្បីសរសេរមាតិកាសម្រាប់ស្ថាប័នមិនធ្វើការតស៊ូមតិ ដែលមានគោលបំណងដើម្បីបោះពុម្ពផ្សាយមាតិកាគោលដៅ វាគឺពិតជារឿងសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នលើភាសាដែលខ្ញុំប្រើប្រាស់។ ពេលខ្លះ សូម្បីតែការលើកឡើងពីតថភាពមួយចំនួន ប្រហែលអាចនឹងចាត់ទុកថាជាអំពីប្រឆាំងរដ្ឋាភិបាលបានដែរ។ ជាសំណាងល្អ ជាមួយនឹងការណែនាំរបស់លោក ចាន់ដារ៉ា ខ្ញុំបានរៀបចំដើម្បីសម្រួលសំណេររបស់ខ្ញុំ និងផ្តោតទៅលើការសរសេរមាតិកាអព្យាក្រឹតផ្នែកនយោបាយ។ វាគឺជាមានការលំបាកក្នុងការរក្សាតុល្យភាព ដើម្បីចេញផ្សាយរឿងរ៉ាវពិតដែលមនុស្សគ្រប់គ្នាគួរតែដឹង និងដើម្បីចៀសវាងការប្រឈមជាមួយនឹងរដ្ឋាភិបាល។
ក្រៅពីការចាត់ចែងមាតិកាទាក់ទងនឹងចំនុចរសើបនយោបាយ ខ្ញុំក៏មានការលំបាកក្នុងការស្វែងរកប្រភពព័ត៌មានជាភាសាខ្មែរផងដែរ ដោយសារតែភាសាខ្មែររបស់ខ្ញុំមានកម្រិតទាបខ្លាំងណាស់។ គោលនយោបាយផ្ទៃក្នុងនានារបស់គណបក្សនយោបាយ គឺជាញឹកញយមានតែជាភាសាខ្មែរ។ វាក៏មានការលំបាកដែរដើម្បីស្វែងរកព័ត៌មានអំពីគណបក្សតូចៗ ព្រោះថាគណបក្សខ្លះមិនមានដំណើរការគេហទំព័ររបស់ខ្លួននោះទេ។ ទាំងនេះបង្ហាញថា វានៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរ មុនពេលដែលទិដ្ឋភាពនយោបាយពហុបក្សអាចបញ្ជូលទៅក្នុងកម្រិតថ្នាក់ជាតិ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ដែល លោក ចាន់ដារ៉ា បានជួយខ្ញុំក្នុងការបកប្រែឯកសារសំខាន់មួយចំនួន ដែលនឹងមានប្រយោជន៍ដល់ទំព័រព័ត៌មានទិន្នន័យ។
នៅកិច្ចចុងក្រោយនៃការហាត់ការងារ ខ្ញុំបានរៀបចំបង្កើតកំនត់ហេតុតាមពេលវេលានៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាដែលនឹងដាក់បញ្ជូលទៅក្នុងទំព័រដើម និងគំរូរចនានានាដែលបានស្នើសម្រាប់ទាំង ទំព័ររងនៃគណបក្សនយោបាយ និងទំព័រព័ត៌មានទិន្នន័យ។ ខ្ញុំសប្បាយចិត្តដែលលោក ទ្រី បានព្យាយាមជម្រុញការចេញផ្សាយទំព័រថ្មីនៃការបោះឆ្នោតមុនពេលដែលខ្ញុំចាកចេញ។ ខ្ញុំក៏មានក្តីសោមនស្សដែលបានចូលរួមនៅក្នុងវគ្គធ្វើតេស្តសាកល្បងគេហទំព័រអូឌីស៊ីដោយអ្នកប្រើប្រាស់ ដែលនៅក្នុងវគ្គនោះពួកយើងបានផ្តល់មតិយោបល់លើការធ្វើឱ្យលទ្ធផលស្វែងរកទិន្នន័យនៅលើគេហទំព័រសម្រាប់អ្នកប្រើប្រាស់របស់អូឌីស៊ីបានប្រសើរឡើងផងដែរ។
ខ្ញុំពិតជារីករាយនឹងការរៀបចំកិច្ចប្រជុំជាមួយនឹង លោក ចាន់ដារ៉ា អ្នកគ្រប់គ្រងរបស់ខ្ញុំ ដើម្បីផ្លាស់ប្តូរបច្ចុប្បន្នភាពការងារគ្នាទៅវិញទៅមក, ការបើកទូលាយនៃកិច្ចពិភាក្សាជាក្រុម ដែលគំនិតយោបល់របស់អ្នកគ្រប់គ្នា ត្រូវបានយកទៅធ្វើការពិចារណា និងផ្តល់ឱកាសដើម្បីធ្វើការបង្ហាញពីអូឌីស៊ីនៅក្នុងកម្មវិធីសន្នីសិទ និងវេទិកានានា។
យ៉ាងណាមិញ ការហាត់ការងារ គឺមិនមែនអំពីតែការអនុវត្តការងារប៉ុណ្ណោះនោះទេ។ អ្វីដែលធ្វើឱ្យបរិយាកាសការងារកាន់តែរីករាយនោះ គឺមនុស្សនៅក្នុងក្រុមការងារ។ ខ្ញុំបានទទួលភាពកក់ក្តៅយ៉ាងច្រើនពីអ្នករួមការងារជាមួយខ្ញុំ ដែលពួកគេតែងតែសួរអំពីថ្ងៃចុងសប្តាហ៍របស់ខ្ញុំ និងណែនាំខ្ញុំនូវអាហារក្នុងតំបន់ (រួមទាំង ពងទាកូន) និងសកម្មភាពនានា (ជិះកង់ទៅកាន់កោះដាច់) អាហារសម្រន់ដែលរៀបចំនៅពេលចុងក្រោយនៃការធ្វើបទបង្ហាញពីដំណើរវិវត្តន៍ការងាររបស់ពួកយើង និងកិច្ចប្រជុំជាមួយនឹងអ្នកជំនាញមកពីអង្គការនានា។
ជារៀងរាល់ព្រឹក បុគ្គលិកផ្នែកថែទាំសម្អាតការិយាល័យ បានឆុងកាហ្វេ និងតែក្តៅៗ ហើយបានទទួលរាក់ទាក់ខ្ញុំជាមួយនឹងស្នាមញញឹម នៅពេលដែលខ្ញុំចូលមកដល់ក្នុងបន្ទប់ផ្ទះបាយ។ អ្នករួមការងារទាំងអស់គ្នា តែងតែញញឹមយ៉ាងស្រស់ នៅពេលដែលខ្ញុំចូលមកដល់ក្នុងការិយាល័យនាពេលព្រឹក។ នៅទីនេះមានការផ្លាស់ប្តូរវប្បធម៌គ្នាជាច្រើន នៅពេលដែលយើងបានចែករំលែកបទពិសោធន៍នានា និងស្ថានភាពរបស់ប្រទេសយើង ឱ្យគ្នាទៅវិញទៅមក រាប់ចាប់តាំងពីកសិកម្ម រហូតដល់ម្ហូបអាហារ និងមធ្យោបាយធ្វើដំណើរសាធារណៈ។ អ្នកគ្រប់គ្នា គឺតែងតែចង់ដឹងចង់លឺ និងមានឆន្ទះក្នុងការស្តាប់ និងបង្រៀនគ្នាទៅវិញទៅមក។
ប្រសិនបើមានឱកាសម្តងទៀតនាពេលខាងមុខ ខ្ញុំប្រាកដជាពេញចិត្តនឹងចូលរួមចំណែកជាមួយនឹងអូឌីស៊ីម្តងទៀត។
អ្នកនិពន្ធ៖ យ៉ុង ឈើរីន
តួនាទី៖ អ្នកហាត់ការស្រាវជ្រាវ (៨ ឧសភា - ៣០ មិថុនា ២០១៧)