ឱកាសដើម្បីជំរុញការគ្រប់គ្រងតំបន់អភិរក្សជលផលសមុទ្រកាន់តែប្រសើរតាមរយៈទិន្នន័យបើកទូលាយ និងការចូលរួមជាសាធារណៈ
នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងខេត្តកំពត អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានរៀបចំកិច្ចពិភាក្សាជាក្រុមស្តីពីព័ត៌មានផែនទី និងទិន្នន័យអំពីសហគមន៍នេសាទ និងតំបន់អភិរក្សជលផលទឹកប្រៃខេត្តកំពត និងខេត្តកែប នៅឯការិយាល័យថ្មីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)។
កិច្ចពិភាក្សានេះមានការចូលរួមពីតំណាង ៧រូបមកពីសហគមន៍នេសាទចំនួន ៤មានដូចជាសហគមន៍កំពង់សាមគ្គី សហគមន៍ត្រពាំងសង្កែ សហគមន៍កែបថ្មី និងសហគមន៍ត្រពាំងរពៅ។ កិច្ចពិភាក្សានេះក៏ជាសញ្ញាណបញ្ជាក់ពីការចាប់ផ្តើមការសហការរបស់អូឌីស៊ី ក្នុងគម្រោងឈ្មោះថា “ធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” ។ មូលនិធិនៃគម្រោងនេះ ត្រូវបានការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈ អង្គការអាក់សិនអេតកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា។
កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ៗចំនួន ៣។ ទីមួយគឺដើម្បីណែនាំអំពីទំព័រព័ត៌មានទិន្នន័យ “តំបន់អភិរក្សជលផលក្នុងប្រទេសកម្ពុជា” ដល់ក្រុមសហគមន៍នេសាទ និងអ្នកពាក់ព័ន្ធក្នុងខេត្តគោលដៅ។ ទីពីរគឺដើម្បីប្រមូលធាតុចូលពីអ្នកចូលរួម អំពីទិន្នន័យនិងព័ត៌មានដែលកំពុងមានលើគេហទំព័រអូឌីស៊ីនាពេលបច្ចុប្បន្នទាក់ទងនឹងតំបន់អភិរក្សជលផលនិងសហគមន៍នេសាទនៅតំបន់ឆ្នេរ។ ទីបីគឺដើម្បីបញ្ចូលមតិត្រឡប់ពីកិច្ចប្រជុំក្នុងក្រុមនេះទៅក្នុងផែនការបច្ចុប្បន្នភាពធនធានព័ត៌មាននៅលើទំព័រនិងសំណុំទិន្នន័យអំពី “តំបន់អភិរក្សជលផល និងសហគមន៍នេសាទនៅក្នុងប្រទេសកម្ពុជា” នាពេលខាងមុខ ដើម្បីជាប្រយោជន៍របស់សហគមន៍នេសាទនិងស្ថាប័នពាក់ព័ន្ធ។
កិច្ចពិភាក្សានេះចាប់ផ្តើមដោយការធ្វើសុន្ទរកថាបើកកម្មវិធីពីលោក ធី ទ្រី នាយកប្រតិបត្តិអង្គការអូឌីស៊ី។ លោកបានបកស្រាយពីតួនាទីនិងគោលបំណងរបស់អូឌីស៊ីក្នុងគម្រោងនេះ។ លោកក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការសហការជាមួយ CWDCC ក៏ដូចជាសហគមន៍នេសាទក្នុងខេត្តកំពតនិងខេត្តកែបផងដែរ។ លោកបាននិយាយថាអូឌីស៊ីនិងជួយផ្តល់នូវរាល់ទិន្នន័យនិងព័ត៌មានដែលចាំបាច់ ដើម្បីការជូនដំណឹងដល់សហគមន៍បានគ្រប់ជ្រុងជ្រោយ និងមានបរិយាប័ន្ន។ អូឌីស៊ីជឿជាក់ថា បេសកម្មរបស់ខ្លួននឹងជំរុញដល់ការចូលរួមជាសាធារណៈ និងការស្វែងយល់អំពីគ្នារវាងរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យឯកជន កាន់តែសកម្មនិងប្រសើរជាងមុន ហើយជាលទ្ធផលវានឹងនាំដល់ការអភិបាលកិច្ចបរិស្ថានកាន់តែមានតម្លាភាពនយោបាយនិងគណនេយ្យភាព។
ផែនទីអន្តរកម្មនៃតំបន់អភិរក្សជលផល សហគមន៍នេសាទ និងរបាយព្រៃកោងកាងនៅក្នុងប្រទេសកម្ពុជា
ក្នុងវគ្គទីមួយ លោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៃអូឌីស៊ីបានផ្តល់នូវការណែនាំខ្លីៗអំពីគេហទំព័រផ្លូវការរបស់អូឌីស៊ី។ មកដល់ពេលបច្ចុប្បន្ន អូឌីស៊ីបានប្រមូល ព័ត៌មានអំពី ដែនជលផលអភិរក្សនេសាទទាំងអស់ចំនួនសរុប ១២៨ទូទាំងប្រទេសកម្ពុជា ដែលនៅក្នុងនោះមានសហគមន៍នេសាទមានចំនួន ១១៨។ ក្នុងចំណោមសហគមន៍ទាំងនោះ អូឌីស៊ីប្រមូលបានសេចក្តីប្រកាសក្នុងការចុះបញ្ជីនៃសហគមន៍នេសាទចំនួន ៦ ដែលនៅក្នុងខេត្តកំពត។ លោកពិសិដ្ឋបានពន្យល់ថែមទៀតពីដំណើរការរបស់អូឌីស៊ីក្នុងការប្រមូលទិន្នន័យសម្រាប់ផ្សព្វផ្សាយក្នុងគេហទំព័រ ការស្វែងរកព័ត៌មានត្រឹមត្រូវដើម្បីធ្វើការផ្សព្វផ្សាយ ហើយនិងរបៀបក្នុងការស្វែងរកព័ត៌មានក្នុងគេហទំព័រអូឌីស៊ីដើម្បីទាញយកព័ត៌មានដែលពួកគេត្រូវការ ដូចជាសេចក្ដីប្រកាស និងផែនទីនៃសហគមន៍របស់ពួកគេ។
លោកស្រី ប៉ុន ញូង អនុប្រធាននៃសហគមន៍ត្រពាំងរពៅ បានមានប្រសាសន៍ថា កិច្ចបង្ហាញនេះពិតជាល្អណាស់ព្រោះវាបានជួយផ្តល់ចំណេះដឹងថ្មីៗ ដល់ពួកគាត់ ប៉ុន្តែដោយសារតែនេះជាវគ្គដំបូង គាត់មិនអាចចាប់បាននូវចំណេះដឹងដែលទាក់ទងនឹងរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ីនៅឡើយទេ។ គាត់បានសំណូមពរឲ្យមានវគ្គបណ្តុះបណ្តាលនៅពេលខាងមុខដោយមានការបង្ហាត់ពីអ្នកជំនាញ។ ប៉ុន្តែអ្វីដែលគាត់ពេញចិត្តក្នុងថ្ងៃនេះគឺគាត់ដឹងថាគាត់មានទិន្នន័យត្រឹមត្រូវក្នុងដៃ ហើយគាត់ដឹងថាកន្លែងណាដែលគាត់អាចទៅយកព័ត៌មានបាន។
លោក សេន ណុះ អនុប្រធាននៃសហគមន៍ត្រពាំងសង្កែ និង លោក ចាន់សេង គណកម្មការនៃសហគមន៍កែបថ្មីក៏បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការចូលរួមកិច្ចពិភាក្សានេះ។ ប៉ុន្តែពួកគាត់ក៏បានបង្ហាញពីបញ្ហារបស់ពួកគាត់ក្នុងការចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យាក្នុងបទបង្ហាញនេះ។ ពួកគាត់បានសំណូមពរឲ្យមានវគ្គបណ្តុះបណ្តាលក្នុងការបង្ហាត់បង្រៀនយុវជនក្នុងសហគមន៍ពួកគាត់ដោយពួកគេងាយស្រួលក្នុងការចាប់យកនូវចំណេះដឹងផ្នែកបច្ចេកវិទ្យានឹងការប្រើប្រាស់គេហទំព័រ។
ក្នុងវគ្គចុងក្រោយនេះ អ្នកតំណាងសហគមន៍នេសាទដែលបានចូលរួម ត្រូវបានចាត់ចែងជាពីរក្រុមដើម្បីធ្វើការពិភាក្សាដោយមានលោកទ្រី និងលោកពិសិទ្ធជាអ្នកសម្របសម្រួល។ ក្រុមទាំងពីរបានធ្វើការពិភាក្សានិងជជែកយ៉ាងក្បោះក្បាយនិងស៊ីជម្រៅទៅលើបីសំណួរសំខាន់ៗបានដូចជា បញ្ហាទូទៅដែលសហគមន៍នេសាទកំពុងតែប្រឈម បញ្ហាពាក់ព័ន្ធនឹងទិន្នន័យដែលសហគមន៍នេសាទកំពុងតែជួបប្រទះ ក៏ដូចជាមតិត្រឡប់ពីគេហទំព័រអូឌីស៊ី។ ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ ក្រុមទាំងពីរបានជ្រើសរើសតំណាងមួយរូបដើម្បីមកធ្វើបទបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សារបស់ពូកគាត់ ហើយក្រុមទាំងពីរឃើញថាពួកគាត់មានបញ្ហានិងយោបល់ស្រដៀងគ្នាជាច្រើន។
សហគមន៍នេសាទបានប្រឈមនឹងផលប៉ះពាល់ជាច្រើនមានដូចជាបញ្ហាដីធ្លី បទល្មើសនេសាទ បញ្ហាគ្រប់គ្រងសំរាម ប្រជាពលរដ្ឋខ្វះចំណេះដឹងអំពីសហគមន៍នេសាទ កង្វះការចូលរួមសហការពីភាគីសមត្ថិកិច្ចនិងភាគីពាក់ព័ន្ធដទៃទៀត ក៏ដូចជាកង្វះទិន្នន័យដែលត្រឹមត្រូវនិងមានការទទួលស្គាល់។ លោកទ្រីមានប្រសាសន៍ថាលោកទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់សហគមន៍នេសាទ។
លោក ហ៊ន រិទ្ធី មន្ត្រីសម្របសម្រួលគម្រោងរបស់CWDCC បានបង្ហាញពីភាពរីករាយក្នុងការធ្វើការសហការជាមួយនឹងអង្គការអូឌីស៊ី។ លោកបានមានប្រសាសន៍ថានេះជាកិច្ចចាប់ផ្តើមនៃការសហការរវាង អូឌីស៊ី និងCWDCC។ លោកបានបញ្ជាក់ថាសហគមន៍នេសាទប្រឈមមុខជាច្រើនក្នុងការប្រមូលទិន្នន័យ។
លោកបាននិយាយថាព័ត៌មានខ្លះពិបាកក្នុងការស្វែងរក ហើយព័ត៌មានខ្លះទៀតហួសសម័យកាលទៅហើយ។ លោករិទ្ធីបានមានប្រសាសន៍ថា CWDCC ខ្វះនូវជំនាញបច្ចេកទេសក្នុងការប្រមូលនិងចងក្រងទិន្នន័យដើម្បីប្រើប្រាស់ ហើយអូឌីស៊ីអាចនឹងបំពេញចន្លោះខ្វះខាតនេះបាន។
រូបភាពខ្លះនៃតំបន់អេកូទេសចរណ៍សហគមន៍ត្រពាំងសង្កែ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។