ឱកាស​ដើម្បី​ជំរុញ​ការ​គ្រប់​គ្រង​​តំបន់​​អភិរក្ស​ជល​ផល​សមុទ្រ​​កាន់តែ​ប្រសើ​រ​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ ​និង​ការ​ចូល​រួម​ជា​សាធារណៈ​

នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្នុង​ខេត្តកំពត​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​ក្រុម​ស្តី​ពី​ព័ត៌មាន​ផែនទី​ និង​ទិន្នន័យ​អំពី​សហគមន៍​នេសាទ​ និង​តំបន់​អភិរក្ស​ជលផល​ទឹកប្រៃ​ខេត្តកំពត​ និង​ខេត្ត​កែប​ នៅ​ឯ​ការិយាល័យ​ថ្មី​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​ និង​ស្ត្រី​នៅ​កម្ពុជា (CWDCC)​។​

រូបថតជុំគ្នានៃក្រុមការងារអូឌីស៊ី រួមជាមួយតំណាងសហគមន៍នេសាទចំនួន ៧ និងតំណាងអង្គការ CWDCC នៅខេត្តកំពត។ រូបថតដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថតថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។

​កិច្ច​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី​តំណាង​ ៧​រូប​មក​ពី​សហគមន៍​នេសាទ​ចំនួន​ ៤​មាន​ដូច​ជា​សហគមន៍​កំពង់​សាមគ្គី​ សហគមន៍​ត្រពាំង​សង្កែ​ សហគមន៍​កែប​ថ្មី​ និង​សហគមន៍​ត្រពាំងរ​ពៅ​។​ កិច្ច​ពិភាក្សា​នេះ​ក៏​ជា​សញ្ញាណ​បញ្ជាក់​ពី​ការ​ចាប់ផ្តើម​ការ​សហការ​របស់​អូ​ឌី​ស៊ី​ ក្នុង​គម្រោង​ឈ្មោះ​ថា​ “​ធានា​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ និង​គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​សម្រាប់​សហគមន៍​នេសាទ​ ងាយ​រង​គ្រោះ​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា”​ ។​ មូលនិធិ​នៃ​គម្រោង​នេះ​ ត្រូវ​បានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ តាម​រយៈ​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​ និង​ស្ត្រី​នៅ​កម្ពុជា​។​

លោក ធី ទ្រី នាយកប្រតិបត្តិអូឌីស៊ី កំពុងថ្លែងសុន្ទរកថាស្វាគមន៍ទៅកាន់សហគមន៍នេសាទ។

​កិច្ច​ពិភាក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​ ៣​។​ ទី​មួយ​គឺ​ដើម្បី​ណែនាំ​អំពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ “​តំបន់​អភិរក្ស​ជលផល​ក្នុង​ប្រទេស​កម្ពុជា”​ ដល់​ក្រុម​សហគមន៍​នេសាទ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ខេត្ត​គោលដៅ​។​ ទី​ពីរ​គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នកចូលរួម​ អំពី​ទិន្នន័យ​និង​ព័ត៌មាន​ដែល​កំពុង​មាន​លើ​គេហទំព័រ​អូ​ឌី​ស៊ី​នា​ពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​តំបន់​អភិរក្ស​ជលផល​និង​សហគមន៍​នេសាទ​នៅ​តំបន់ឆ្នេរ​។​ ទី​បី​គឺ​ដើម្បី​បញ្ចូល​មតិ​ត្រឡប់​ពី​កិច្ចប្រជុំ​ក្នុង​ក្រុម​នេះ​ទៅ​ក្នុង​ផែនការ​បច្ចុប្បន្នភាព​ធនធាន​ព័ត៌មាន​នៅ​លើ​ទំព័រ​និង​សំណុំ​ទិន្នន័យ​អំពី​ “​តំបន់​អភិរក្ស​ជលផល និងសហគមន៍នេសាទនៅ​ក្នុង​ប្រទេស​កម្ពុជា​”​ នា​ពេល​ខាង​មុខ​ ដើម្បី​ជា​ប្រយោជន៍​របស់​សហគមន៍​នេសាទ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ច​ពិភាក្សា​នេះ​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សុន្ទរកថា​បើក​កម្មវិធី​ពី​លោក​ ធី ​ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​អូ​ឌី​ស៊ី​។​ លោក​បាន​បកស្រាយ​ពី​តួនាទី​និង​គោលបំណង​របស់​អូ​ឌី​ស៊ីក្នុង​គម្រោង​នេះ​។​ លោក​ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ CWDCC ​ក៏​ដូច​ជា​សហគមន៍​នេសាទ​ក្នុង​ខេត្តកំពត​និង​ខេត្ត​កែប​ផង​ដែរ​។​ លោក​បាន​និយាយ​ថា​អូ​ឌី​ស៊ី​និង​ជួយ​ផ្តល់​នូវ​រាល់​ទិន្នន័យ​និង​ព័ត៌មាន​ដែល​ចាំបាច់​ ដើម្បី​ការ​ជូនដំណឹង​ដល់​សហគមន៍​បាន​គ្រប់​ជ្រុងជ្រោយ​ និង​មាន​បរិ​យា​ប័ន្ន​។​ អូ​ឌី​ស៊ី​ជឿជាក់​ថា​ បេស​កម្ម​របស់​ខ្លួន​នឹង​ជំរុញ​ដល់​ការ​ចូលរួម​ជា​សាធារណៈ​ និង​ការ​ស្វែង​យល់​អំពី​គ្នា​រវាង​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​ កាន់តែ​សកម្ម​និង​ប្រសើរ​ជាង​មុន​ ហើយ​ជា​លទ្ធផល​វា​នឹង​នាំ​ដល់​ការ​អភិបាលកិច្ច​បរិស្ថាន​កាន់តែ​មាន​តម្លាភាព​នយោបាយ​និង​គណនេយ្យ​ភាព​។​

ផែនទី​អន្តរ​កម្ម​នៃ​តំបន់​អភិរក្ស​ជល​ផល​ សហគមន៍​នេសាទ​ និង​របាយព្រៃកោងកាង​នៅក្នុង​ប្រទេស​កម្ពុជា​

ក្នុង​វគ្គ​ទី​មួយ​ លោក ​វង្ស​ ពិ​សិទ្ធ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS) ​នៃ​អូ​ឌី​ស៊ី​បាន​ផ្តល់​នូវ​ការ​ណែនាំ​ខ្លីៗ​អំពី​គេហទំព័រ​ផ្លូវការ​របស់​អូ​ឌី​ស៊ី​។​ មក​ដល់​ពេល​បច្ចុប្បន្ន​ អូ​ឌី​ស៊ី​បាន​ប្រមូល​ ព័ត៌មាន​អំពី​ ដែន​ជលផល​អភិរក្ស​នេសាទ​ទាំងអស់​ចំនួន​សរុប​ ១២៨​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដែល​នៅ​ក្នុង​នោះ​មាន​សហគមន៍​នេសាទ​មាន​ចំនួន​ ១១៨​។​ ក្នុង​ចំណោម​សហគមន៍​ទាំងនោះ​ អូ​ឌី​ស៊ី​ប្រមូល​បាន​សេចក្តី​ប្រកាស​ក្នុង​ការ​ចុះបញ្ជី​នៃ​សហគមន៍​នេសាទ​ចំនួន​ ៦​ ដែល​នៅ​ក្នុង​ខេត្តកំពត​។​ លោក​ពិសិដ្ឋ​បាន​ពន្យល់​ថែម​ទៀត​ពី​ដំណើរការ​របស់​អូ​ឌី​ស៊ីក្នុង​ការ​ប្រមូល​ទិន្នន័យ​សម្រាប់​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ ការ​ស្វែងរក​ព័ត៌មាន​ត្រឹមត្រូវ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ហើយ​និង​របៀប​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ក្នុង​គេហទំព័រ​អូ​ឌី​ស៊ី​ដើម្បី​ទាញ​យក​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវការ​ ដូច​ជា​សេចក្ដី​ប្រកាស​ និង​ផែនទី​នៃ​សហគមន៍​របស់​ពួក​គេ​។​

លោកស្រី​ ប៉ុន​ ញូ​ង​ អនុប្រធាន​នៃ​សហគមន៍​ត្រពាំងរ​ពៅ​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​បង្ហាញ​នេះ​ពិតជា​ល្អ​ណាស់​ព្រោះ​វា​បាន​ជួយ​ផ្តល់​ចំណេះដឹង​ថ្មីៗ​ ដល់​ពួក​គាត់​ ប៉ុន្តែ​ដោយសារ​តែ​នេះ​ជា​វគ្គ​ដំបូង​ គាត់​មិន​អាច​ចាប់​បាន​នូវ​ចំណេះដឹង​ដែល​ទាក់ទង​នឹង​របៀប​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​នៅឡើយ​ទេ​។​ គាត់​បាន​សំណូមពរ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នៅ​ពេល​ខាង​មុខ​ដោយ​មានការ​បង្ហាត់​ពី​អ្នកជំនាញ​។​ ប៉ុន្តែ​អ្វី​ដែល​គាត់​ពេញចិត្ត​ក្នុងថ្ងៃនេះ​គឺ​គាត់​ដឹង​ថា​គាត់​មាន​ទិន្នន័យ​ត្រឹមត្រូវ​ក្នុង​ដៃ​ ហើយ​គាត់​ដឹង​ថា​កន្លែង​ណា​ដែល​គាត់​អាច​ទៅ​យក​ព័ត៌មាន​បាន​។​

លោក ​សេន​ ណុះ​ អនុប្រធាន​នៃ​សហគមន៍​ត្រពាំង​សង្កែ​ និង​ លោក​ ចាន់​សេង​ គណកម្មការ​នៃ​សហគមន៍​កែប​ថ្មី​ក៏​បាន​បង្ហាញ​ពី​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចូលរួម​កិច្ច​ពិភាក្សា​នេះ​។​ ប៉ុន្តែ​ពួក​គាត់​ក៏​បាន​បង្ហាញ​ពី​បញ្ហា​របស់​ពួក​គាត់​ក្នុង​ការ​ចាប់​យកចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ក្នុង​បទ​បង្ហាញ​នេះ​។​ ពួក​គាត់​បាន​សំណូមពរ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ក្នុង​ការ​បង្ហាត់បង្រៀន​យុវជន​ក្នុង​សហគមន៍​ពួក​គាត់​ដោយ​ពួក​គេ​ងាយស្រួល​ក្នុង​ការ​ចាប់​យក​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​នឹង​ការ​ប្រើប្រាស់​គេហទំព័រ​។​

​ក្នុង​វគ្គ​ចុង​ក្រោយ​នេះ​ អ្នកតំណាង​សហគមន៍​នេសាទ​ដែល​បាន​ចូលរួម​ ត្រូវ​បាន​ចាត់ចែង​ជា​ពីរ​ក្រុម​ដើម្បី​ធ្វើការ​ពិភាក្សា​ដោយ​មាន​លោក​ទ្រី​ និង​លោក​ពិ​សិទ្ធ​ជា​អ្នកសម្របសម្រួល​។​ ក្រុម​ទាំង​ពីរ​បាន​ធ្វើការ​ពិភាក្សា​និង​ជជែក​យ៉ាង​ក្បោះក្បាយ​និង​ស៊ីជម្រៅ​ទៅ​លើ​បី​សំណួរ​សំខាន់ៗ​បាន​ដូច​ជា​ បញ្ហា​ទូទៅ​ដែល​សហគមន៍​នេសាទ​កំពុង​តែ​ប្រឈម​ បញ្ហា​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ដែល​សហគមន៍​នេសាទ​កំពុង​តែ​ជួប​ប្រទះ​ ក៏​ដូច​ជា​មតិ​ត្រឡប់​ពី​គេហទំព័រ​អូ​ឌី​ស៊ី​។​ ក្រោយ​ពី​កិច្ច​ពិភាក្សា​បាន​បញ្ចប់​ ក្រុម​ទាំង​ពីរ​បាន​ជ្រើសរើស​តំណាង​មួយ​រូប​ដើម្បី​មក​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​របស់​ពូក​គាត់​ ហើយ​ក្រុម​ទាំង​ពីរ​ឃើញ​ថា​ពួក​គាត់​មាន​បញ្ហា​និង​យោបល់​ស្រ​ដៀង​គ្នា​ជា​ច្រើន​។​

លោក ហ៊ន រិទ្ធី មន្ត្រី​សម្របសម្រួល​គម្រោង​របស់​CWDCC​។

​សហគមន៍​នេសាទ​បាន​ប្រឈម​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​មាន​ដូច​ជា​បញ្ហា​ដីធ្លី​ បទល្មើស​នេសាទ​ បញ្ហា​គ្រប់គ្រង​សំរាម​ ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង​អំពី​សហគមន៍​នេសាទ​ កង្វះ​ការ​ចូលរួម​សហការ​ពី​ភាគី​សម​ត្ថិ​កិច្ច​និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក៏​ដូច​ជា​កង្វះ​ទិន្នន័យ​ដែល​ត្រឹមត្រូវ​និង​មានការ​ទទួលស្គាល់​។​ លោក​ទ្រី​មាន​ប្រសាសន៍​ថា​លោក​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ទាក់ទង​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​សហគមន៍​នេសាទ​។​

លោក​ ហ៊​ន​ រិ​ទ្ធី​ មន្ត្រី​សម្របសម្រួល​គម្រោង​របស់​CWDCC​ បាន​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការ​ធ្វើការ​សហការ​ជាមួយនឹង​អង្គការ​អូ​ឌី​ស៊ី​។​ លោក​បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​កិច្ច​ចាប់ផ្តើម​នៃ​ការ​សហការ​រវាង​ អូ​ឌី​ស៊ី​ និង​CWDCC​។​ លោក​បាន​បញ្ជាក់​ថា​សហគមន៍​នេសាទ​ប្រឈម​មុខជា​ច្រើន​ក្នុង​ការ​ប្រមូល​ទិន្នន័យ​។​

លោក​បាន​និយាយ​ថា​ព័ត៌មាន​ខ្លះ​ពិបាក​ក្នុង​ការ​ស្វែងរក​ ហើយ​ព័ត៌មាន​ខ្លះ​ទៀត​ហួស​សម័យកាល​ទៅ​ហើយ​។​ លោក​រិ​ទ្ធី​បាន​មាន​ប្រសាសន៍​ថា​ CWDCC​ ខ្វះ​នូវ​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ប្រមូល​និង​ចងក្រង​ទិន្នន័យ​ដើម្បី​ប្រើប្រាស់​ ហើយ​អូ​ឌី​ស៊ី​អាច​នឹង​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​បាន​។​

រូបភាពខ្លះនៃតំបន់អេកូទេសចរណ៍សហគមន៍ត្រពាំងសង្កែ ស្ថិត​នៅភូមិ​ត្រពាំងសង្កែ​ ​ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។