​ការ​រៀបចំ​កម្មវិធី​ Translathon៖​ ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បកប្រែ​ឯកសារ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​

អ្នកចូលរួមទទួលបានវិញ្ញាបនបត្រនៃការចូលរួមនៅចុងបញ្ចប់នៃកម្មវិធី Translaton

​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កម្មវិធី​បកប្រែ​ឯកសារ​រួម​គ្នា​មួយ​ ដែល​មានការ​ចូលរួម​ពី​សមាជិក​សហគមន៍​ សិស្សានុសិស្ស​ និង​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​។​ វគ្គ​នេះ​មាន​អ្នកចូលរួម​ផ្ទាល់​ចំនួន​ ០៩​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ០៥​ នាក់​ ដែល​បាន​ជ្រើសរើស​ចេញពី​អ្នកចូលរួម​ស្ទង់​មតិ​ចំនួន​ ២២​ នាក់​។​ អ្នកចូលរួម​ទាំងអស់​មាន​ ដូច​ជា​ សិស្សានុសិស្ស​ គ្រូបង្រៀន​ភាសា​អង់គ្លេស​ វិស្វករ​កុំព្យូទ័រ​ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ និង​សមាជិក​អង្គការ​សង្គម​ស៊ី​វិល​។​

គោលបំណង​ចម្បង​នៃ​កម្មវិធី​ Translathon​ នេះ​ គឺ​ដើម្បី​ប្រែ​សម្រួល​ ឯកសារ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​៖​ ផល​ប៉ះពាល់​នៃ​អ៊ីនធឺណិត​លើ​បរិស្ថាន​ និង​អ្វី​ដែល​អាច​ធ្វើ​បាន​អំពី​ឯកសារ​នេះ​ និង​ឯកសារ​តម្រង់​ទិស​សម្រាប់​វគ្គ​បណ្តុះបណ្តាល​តាម​បណ្តា​ខេត្ត​នា​ថ្ងៃ​អនាគត​។​ វគ្គ​នេះ​ផ្តោត​ទៅ​លើ​អ្នកចូលរួម​ដែល​ជា​សិស្សានុសិស្ស​មាន​អាយុ​ចាប់ពី​ ១៣​ ដល់​ ១៨​ឆ្នាំ​ ហើយ​ផ្តល់​ឱកាស​សិក្សា​ដោយ​ផ្ទាល់​ដល់​ពួក​គេ​ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​លើ​បរិស្ថាន​។​ កម្មវិធី​នេះ​ ធានា​ថា​ដំណើរការ​នៃ​ការ​បកប្រែ​នឹង​បង្កើត​បាន​នូវ​ឧបករណ៍​ដែល​ត្រឹមត្រូវ​ អាច​ចូល​ប្រើ​បាន​ និង​សម​ស្រប​តាម​បរិបទ​សម្រាប់​ក្រុម​គោលដៅ​។

ដើម្បី​រៀបចំ​ដំណើរការ​នៃ​ការ​បកប្រែ​ យើង​បាន​បែងចែក​អ្នកចូលរួម​ជា​បួន​ក្រុម​។​ ឯកសារ​បកប្រែ​ និង​ឯកសារ​តម្រង់​ទិស​ក៏​ត្រូវ​បាន​បែងចែក​ទៅ​ជា​បួន​ផ្នែក​ ដោយ​ក្រុម​នីមួយៗ​ធ្វើការ​លើ​ផ្នែក​រៀងៗ​ខ្លួន​រយៈពេល​ ១​ ម៉ោង​ និង​ ១៥​ នាទី​។​ បន្ទាប់​ពី​បញ្ចប់​ផ្នែក​របស់​ពួក​គេ​ ពួក​គេ​ត្រូវធ្វើ​បទ​បង្ហាញ​ការ​បកប្រែ​របស់​ពួក​គេ​ដល់​ក្រុម​ផ្សេងៗ​។​ ការ​បកប្រែ​ដោយ​កិច្ច​សហប្រតិបត្តិការ​នេះ​ អនុញ្ញាត​ឱ្យ​អ្នកចូលរួម​បាន​ពិភាក្សា​អំពី​ពាក្យ​គន្លឹះ​ពិបាកៗ​ កែ​លម្អ​ជម្រើស​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​ និង​ធានា​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​នៅ​គ្រប់​ផ្នែក​ទាំងអស់​។

ទិដ្ឋភាព​ដ៏​មាន​អត្ថន័យ​បំផុត​មួយ​ គឺ​បានឃើញ​អ្នកចូលរួម​បកប្រែ​ឯកសារ​ និង​សហការ​ជាមួយ​សមាជិក​ក្រុម​របស់​ខ្លួន​។​ សូ​ម្បី​អ្នក​ដែល​មិនសូវ​មានបទពិសោធន៍​ក្នុង​ការ​បកប្រែ​ពី​មុន​ ក៏​ពួក​គេ​មាន​ទំនុកចិត្ត​ក្នុង​ការ​ផ្តល់​មតិយោបល់​អំពី​ការ​ប្រើប្រាស់​ពាក្យ​គន្លឹះ​ខ្មែរ​ឳ្យ​មាន​ន័យ​ត្រឹមត្រូវ​ដែរ​។​ ក្រុមការងារ​ អូ​ឌី​ស៊ី​ បាន​សង្កេត​ឃើញ​ពី​កិច្ច​ពិភាក្សា​ដ៏​រស់​រវើក​ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នកចូលរួម​ក្នុង​ការ​កំណត់​បរិបទ​នៃ​ការ​បកប្រែ​ ដែល​ធ្វើ​ឱ្យ​វគ្គ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​សកម្ម​ និង​ការ​បំផុសគំនិត​។​ ជា​ការ​កត់សម្គាល់​មួយ​ផង​ដែរ​អំពី​ការ​ប្រឹងប្រែង​របស់​អ្នកចូលរួម​ចំពោះ​គោលបំណង​នៃ​ឯកសារ​បកប្រែ​។​ អ្នកចូលរួម​ជា​ច្រើន​បាន​សម្តែង​ក្តី​រំភើប​រីករាយ​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បកប្រែ​ឯកសារ​ដែល​នឹង​ជួយ​សិស្សានុសិស្ស​ឱ្យ​យល់​អំពី​ផល​ប៉ះពាល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​បែប​ឌី​ជី​ថ​ល​ទៅ​លើ​បរិស្ថាន​។​ ការ​រៀបចំ​កម្មវិធី​នេះ​ បាន​បង្ហាញ​អំពី​ការ​រៀបចំ​ និង​វិធីសាស្ត្រ​ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ ដែល​អាច​លើកកម្ពស់​យុវជន​ និង​សមាជិក​សហគមន៍​ ព្រមទាំង​បង្កើត​ធនធាន​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់​។​

អ្នកចូលរួម​បាន​បកប្រែ​ឯកសារ​ទាំង​ពីរ​នៅ​ក្នុង​វគ្គ​នេះ​ ហើយ​ឯកសារ​ទាំងនេះ​គឺ​រួចរាល់​សម្រាប់​ប្រើប្រាស់​ក្នុង​វគ្គ​បណ្តុះបណ្តាល​តាម​ខេត្ត​នា​ពេល​ខាង​មុខ​។​ ក្រៅពី​ការ​បកប្រែ​ឯកសារ​ទាំង​ពីរ​នេះ​ កម្មវិធី​ Translathon​ បាន​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​បង្កើត​ឧបករណ៍​អប់រំ​ ដោយ​ធានា​ទាំង​ភាព​ត្រឹមត្រូវ​ និង​ភាព​ពាក់ព័ន្ធ​ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​រវាង​ អូ​ឌី​ស៊ី​ និង​សហគមន៍​ផ្ទាល់​។​ ក្រុមការងារ​ អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នកចូលរួម​ទាំងអស់​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​លះបង់​របស់​ពួក​គេ​។​ កម្មវិធី​ Translathon​ នេះ​គឺជា​ការ​រំលឹក​អំពី​ឥ​ទ្ធី​ពល​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ផល​ជះ​ជា​វិជ្ជមាន​ ដែល​បាន​មក​ពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បង្កើត​ធនធាន​ឯកសារ​អប់រំ​នេះ​។​